ដោយ វុត្ថា
ភ្នំពេញៈ យោងតាមអនុក្រឹត្យលេខ ៨៦ អនក្រ.បកស្ដីពី លិខិតអនុញ្ញាតសាងសង់ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៧ ឱ្យដឹងថា សំណង់ដែលតម្រូវឱ្យមាន លិខិតអនុញ្ញាតសាងសង់ជាមុនគឺ រាល់ការសាងសង់ថ្មី ឬសាងសង់ឡើងវិញ លើអគារដែលមានស្រាប់ នៅក្នុងទីក្រុង និងទីប្រជុំជន។
ខាងក្រោមនេះ គឺជាសំនួរ ចម្លើយ ជុំវិញការស្នើសុំលិខិតសាងសង់សំណង់ផ្សេងៗនៅក្នុងប្រទេសកម្ពុជា ដែលគេហទំព័រ propertyarea.asia សូមធ្វើការដកស្រងចេញពីឯកសារគេហទំព័ររបស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់។
សំណួរៈ តើអ្នកណាអាចមានសិទ្ធិស្នើសុំលិខិតអនុញ្ញាតសាងសង់បាន?
ចម្លើយៈ រាល់ការស្នើសុំលិខិតអនុញ្ញាតសាងសង់ លិខិតអនុញ្ញាតសាងសង់ពង្រីកបន្ថែម លិខិតអនុញ្ញាតជួសជុល លិខិតអនុញ្ញាតបើកការដ្ឋាន និងលិខិតបិទការដ្ឋាន តម្រូវឱ្យដាក់ពាក្យស្នើសុំដោយម្ចាស់គម្រោង។ អ្នកតំណាងស្របច្បាប់ អាចជំនួសម្ចាស់គម្រោង ក្នុងការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតទាំងនោះបាន។
សំណួរៈ តើការសាងសង់ប្រភេទណាខ្លះ ដែលមិនចាំបាច់ស្នើសុំលិខិតអនុញ្ញាតសាងសង់?
ចម្លើយៈ រាល់ការអភិវឌ្ឍអចលនវត្ថុ (ការសាងសង់) គ្រប់ប្រភេទតម្រូវឱ្យស្នើសុំលិខិតអនុញ្ញាតជាមុន លើកលែងតែការសាងសង់ថ្មី ឬការជួសជុលលំនៅឋានតូចតាចនិងពុំមានលក្ខណៈ ជាការធ្វើពាណិជ្ជកម្ម ដែលស្ថិតនៅទីជនបទឬតំបន់ឆ្ងាយពីផ្លូវជាតិផ្លូវដែក និងឆ្ងាយពីតំបន់រមណីយដ្ឋានទេសចរណ៍ តំបន់បេតិកភ័ណ្ឌជាតិ តំបន់រក្សាទុកការពារ។
សំណួរៈ តើការសាងសង់ចំណតរថយន្ត ឬចំណតម៉ូតូដែលប្រក់ដំបូលនៅក្នុងបរិវេណក្រុមហ៊ុន ឬរោងចក្រចាំបាច់ត្រូវមានលិខិតអនុញ្ញាតសាងសង់ជាមុនដែរឬទេ?
ចម្លើយៈ រាល់ការសាងសង់ចំណតរថយន្ត ឬចំណតម៉ូតូដែលប្រក់ដំបូល នៅក្នុងបរិវេណក្រុមហ៊ុន ឬរោងចក្រ ដែលមានលិខិតអនុញ្ញាតសាងសង់រួចហើយ មិនតម្រូវឱ្យស្នើសុំលិខិតអនុញ្ញាតសាងសង់ទេ លើកលែងតែការសាងសង់នោះ ធ្វើឱ្យប៉ះពាល់ដល់រចនាសម្ព័ន្ធសុវត្ថិភាពគ្រឿងផ្គុំសំណង់ សណ្តាប់ធ្នាប់សាធារណៈ ឬខុសពីការកំណត់នៃគម្លាតអប្បបរមា កំណត់ដោយបទប្បញ្ញតិ្តជាធរមាន ដែលចាំបាច់ត្រូវស្នើសុំលិខិតអនុញ្ញាតសាងសង់បន្ថែម។
សំណួរៈ តើស្ថាប័នណាខ្លះមានសមត្ថកិច្ចក្នុងការចេញលិខិតអនុញ្ញាតសាងសង់?
ចម្លើយៈ សមត្ថកិច្ចក្នុងការចេញលិខិតអនុញ្ញាត មានបីថ្នាក់ ៖ ក. ថ្នាក់ក្រុង ស្រុក ខណ្ឌ ចំពោះសំណង់ដែលមានផ្ទៃក្រឡាកម្រាល សំណង់សរុបតូចជាងឬស្មើ៥០០ម៉ែត្រក្រឡា។ ខ. ថ្នាក់រាជធានី ខេត្ត ចំពោះសំណង់ដែលមានផ្ទៃក្រឡា កម្រាលសំណង់សរុបធំជាង៥០០ម៉ែត្រក្រឡា ដល់៣.០០០ ម៉ែត្រក្រឡា។ គ. ថ្នាក់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចំពោះសំណង់ដែលមានផ្ទៃក្រឡាកម្រាល សំណង់សរុបធំជាង ៣.០០០ម៉ែត្រក្រឡា និងគ្រប់សំណង់ស្ថានីយប្រេងឥន្ធនៈ៕