ដោយ វុត្ថា
ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យានិងនវានុវត្ដន៍ បានអះអាងថា ខេត្តព្រះសីហនុទាំងមូលនឹងក្លាយជាតំបន់សេដ្ឋកិច្ចពិសេស (Special Economic Zone) ទាំងអស់ ខណៈខេត្តជាប់មាត់សមុទ្រមួយនេះ បាននឹងកំពុងអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធ និងសំណង់យ៉ាងគំហុកក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។

លោកហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ នៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២០កន្លងមកបានឱ្យដឹងថា តាមផែនការ និងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មរបស់រាជរដ្ឋាភិបាលឆ្នាំ២០១៥-២០២៥ នឹងប្រែក្លាយខេត្តព្រះសីហនុឱ្យទៅជាតំបន់សេដ្ឋកិច្ចពហុបំណង។
លោកបន្តថា “រដ្ឋាភិបាលនឹងរៀបចំឱ្យមានតំបន់រដ្ឋបាល តំបន់ពាណិជ្ជកម្ម តំបន់ស្នាក់នៅ និងតំបន់ទេសចរណ៍ ដែលនឹងប្រែក្លាយទៅជាតំបន់ទេសចរណ៍ធម្មជាតិ ក្នុងតំបន់អាស៊ាន (Green Toursm Zone in Asian)ពោលគឺវាមានលក្ខណៈប្រទាក់ក្រឡាគ្នា ដោយជាក់ស្តែងខេត្តព្រះសីហនុ កំពុងអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធស្រាប់តាមផែនការរបស់យើងក្នុងការជំរុញដល់ការអភិវឌ្ឍ។ លោកថ្លែងថា“យើងនឹងធ្វើឱ្យតំបន់នោះឱ្យវាក្លាយជាតំបន់សេដ្ឋកិច្ចពិសេសទាំងអស់ នូវទូទាំងខេត្ត…ពីមុនមកយើងជ្រើសរើសតំបន់ឧទាហរណ៍ថា តំបន់សេដ្ឋកិច្ចស្ទឹងហាវ និងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុជាដើម ប៉ុន្តែឥឡូវអត់ទេនៅទូទាំងខេត្តព្រះសីហនុ នឹងក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសទាំងអស់។
លោកហេង សុខគង់បានបន្តទៀតថា ដូច្នេះនៅពេលអ្នកវិនិយោគទៅដាក់ទុនវិយោគនៅកន្លែងណា ក៏ទទួលបាន QIP (Qualify Investment Project) ពីក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាផងដែរ ក្នុងការនាំចូលវត្ថុធាតុដើម និងក្នុងការនាំចូលគ្រឿងចក្រ និងគ្រឿងម៉ាស៊ីនជាដើមដោយរួចពន្ធ…និយាយជារួមក្នុងខេត្តមួយនេះ នឹងក្លាយជាតំបន់សេដ្ឋកិច្ចពិសេសទាំងអស់។
រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក វង្ស៊ី វិស្សុត ធ្លាប់បានឱ្យដឹងថា ដើម្បីជួយឲ្យខេត្ដព្រះសីហនុ មានសន្ទុះនៃការរីកចម្រើនខ្លាំង រាជរដ្ឋាភិបាលបានដាក់វិធានការមួយចំនួន ក្នុងនោះរួមមាន ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការរៀបចំផែនការមេ (Master Plan) សម្រាប់អភិវឌ្ឍន៍ខេត្ដព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ដូចទៅនឹងទីក្រុងសិនជិន របស់ប្រទេសចិនដូច្នេះដែរ។

លោកបន្ដថា “សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានដាក់ចេញនូវគោលនយោបាយយ៉ាងច្បាស់លាស់មួយ ឲ្យខេត្ដព្រះសីហនុក្លាយទៅជាខេត្ដសេដ្ឋកិច្ចពិសេស ដោយមិនពឹងផ្អែកទៅលើល្បែងស៊ីសងនោះឡើយ គឺផ្អែកទៅលើការធ្វើឧស្សាហកម្ម សេវាកម្ម ខាងផ្នែកបច្ចេកវិទ្យាទេសចរណ៍។
លោក វង្ស៊ី វិស្សុតថ្លែងថា “យើងកំពុងធ្វើ Master Plan (ផែនការមេ) ជិតរួចហើយ ដែលយើងជួលអ្នករៀបចំ Master Plan ឲ្យទីក្រុងសិនជិន ប្រទេសចិន មកធ្វើតែម្ដង ដែលរៀបចំជាតំបន់ពិសេសពហុបំណង ក្លាយជាប៉ូលសេដ្ឋកិច្ចមួយដ៏ខ្លាំង ពោលជាសេដ្ឋកិច្ចមួយ ដែលបម្រើដល់មូលដ្ឋាននាំចេញផលិតផលសម្រេចរបស់កម្ពុជា។
លោករដ្ឋលេខាធិការរូបនេះបានបញ្ជាក់ទៀតថា គម្រោងអភិវឌ្ឍន៍ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេស គឺដឹកនាំដោយផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលជាគម្រោងថ្នាក់ជាតិ ហើយមានឧបនាយករដ្ឋមន្ដ្រី២រូប ទទួលខុសត្រូវ។
យោងតាមរបាយការណ៍របស់រដ្ឋបាល ខេត្តព្រះសីហនុបានបង្ហាញថា ខេត្តព្រះសីហនុក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ បានទទួលការអភិវឌ្ឍន៍យ៉ាងខ្លាំងលើគ្រប់វិស័យ ពិសេសក្នុងវិស័យសំណង់អគារធំៗ ដែលមានវិនិយោគដោយអ្នកវិនិយោគិនខ្មែរ និងបរទេស។ ខេត្តព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេសចំនួន៤ទីតាំង រួមមាន ទី១តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ វិនិយោគដោយក្រុមហ៊ុនហុងតូ។ ទី២ តំបន់សេដ្ឋកិច្ចពិសេស កំពង់ផែស្វយ័តអន្តរជាតិក្រុងព្រះសីហនុ។ ទី៣ តំបន់សេដ្ឋកិច្ចពិសេសអ៊ែតវ៉ូត និងទី៤ តំបន់សេដ្ឋកិច្ចពិសេសចេជាង។
សម្រាប់ការវិនិយោគនៅក្នុងខេត្តព្រះសីហនុ ដែលជាខេត្តប៉ូលសេដ្ឋកិច្ចជាប់មាត់សមុទ្រមួយនេះ មានច្រើនវិស័យ សុទ្ធសឹងជាវិស័យសំខាន់ៗ មានដូចជា វិស័យសំណង់ វិស័យកសិកម្ម សិប្បកម្ម កែច្នៃផលនេសាទសមុទ្រ ឧស្សាហកម្មមាន រោងចក្រកាត់ដេរ រោងចក្រចម្រាញ់ប្រេងកាត និងទេសចរណ៍ ជាដើម៕






