ទឹកដី​ខេត្ត​ព្រះសីហនុ​ទាំងអស់​នឹង​ក្លាយជា​តំបន់​សេដ្ឋកិច្ច និង​ឧស្សាហកម្ម

0

ដោយ វុត្ថា

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា​និង​ន​វា​នុ​វត្ដ​ន៍ បាន​អះអាងថា ខេត្ត​ព្រះសីហនុ​ទាំងមូល​នឹង​ក្លាយជា​តំបន់​សេដ្ឋកិច្ច​ពិសេស (Special Economic Zone) ទាំងអស់ ខណៈ​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ បាន​នឹង​កំពុង​អភិវឌ្ឍ​លើ​ហេដ្ឋារចនាសម្ព័ន្ធ និង​សំណង់​យ៉ាងគំហុក​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ។

លោក​ហេង សុខ​គង់ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និង​ន​វា​នុ​វត្ដ​ន៍ នៅក្នុង​សន្និសីទ​សារព័ត៌មាន​នា​ថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២០កន្លងមក​បានឱ្យដឹង​ថា តាម​ផែនការ និង​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​របស់​រាជរ​ដ្ឋា​ភិ​បាល​ឆ្នាំ២០១៥-២០២៥ នឹង​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ​ឱ្យទៅជា​តំបន់​សេដ្ឋកិច្ច​ពហុ​បំណង។

លោក​បន្តថា “រដ្ឋាភិបាល​នឹង​រៀបចំ​ឱ្យមាន​តំបន់​រដ្ឋបាល តំបន់​ពាណិជ្ជកម្ម តំបន់​ស្នាក់នៅ និង​តំបន់​ទេសចរណ៍ ដែល​នឹង​ប្រែក្លាយ​ទៅជា​តំបន់​ទេសចរណ៍ធម្មជាតិ ក្នុង​តំបន់​អាស៊ាន (Green Toursm Zone in Asian)ពោលគឺ​វា​មាន​លក្ខណៈ​ប្រទាក់ក្រឡា​គ្នា ដោយ​ជាក់ស្តែង​ខេត្ត​ព្រះសីហនុ កំពុង​អភិវឌ្ឍ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ស្រាប់​តាម​ផែនការ​របស់​យើង​ក្នុងការ​ជំរុញ​ដល់​ការអភិវឌ្ឍ។ លោក​ថ្លែងថា“យើង​នឹង​ធ្វើឱ្យ​តំបន់​នោះ​ឱ្យ​វា​ក្លាយជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំងអស់ នូវ​ទូទាំង​ខេត្ត…ពីមុនមក​យើង​ជ្រើសរើស​តំបន់​ឧទាហរណ៍​ថា តំបន់​សេដ្ឋកិច្ច​ស្ទឹងហាវ និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​ជាដើម ប៉ុន្តែ​ឥឡូវ​អត់​ទេ​នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ នឹង​ក្លាយទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំងអស់។

លោក​ហេង សុខ​គង់​បាន​បន្តទៀតថា ដូច្នេះ​នៅពេល​អ្នកវិនិយោគ​ទៅ​ដាក់ទុន​វិយោគ​នៅ​កន្លែង​ណា ក៏​ទទួលបាន QIP (Qualify Investment Project) ពី​ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា​ផងដែរ ក្នុងការ​នាំចូល​វត្ថុធាតុដើម និង​ក្នុងការ​នាំចូល​គ្រឿងចក្រ និង​គ្រឿង​ម៉ាស៊ីន​ជាដើម​ដោយ​រួច​ពន្ធ…និយាយ​ជារួម​ក្នុង​ខេត្ត​មួយ​នេះ នឹង​ក្លាយជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំងអស់។

រដ្ឋលេខាធិការ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក វ​ង្ស៊ី វិស្សុត ធ្លាប់បាន​ឱ្យដឹងថា ដើម្បី​ជួយ​ឲ្យ​ខេត្ដ​ព្រះសីហនុ មាន​សន្ទុះ​នៃ​ការរីកចម្រើន​ខ្លាំង រាជរដ្ឋាភិបាល​បានដាក់​វិធានការ​មួយចំនួន ក្នុងនោះ​រួមមាន ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​ការរៀបចំ​ផែនការមេ (Master Plan) សម្រាប់​អភិវឌ្ឍន៍​ខេត្ដ​ព្រះសីហនុ ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ពហុ​បំណង ដូច​ទៅនឹង​ទីក្រុង​សិន​ជិន របស់​ប្រទេស​ចិន​ដូច្នេះ​ដែរ។

លោក​បន្ដថា “សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី បានដាក់​ចេញ​នូវ​គោលនយោបាយ​យ៉ាងច្បាស់​លាស់​មួយ ឲ្យ​ខេត្ដ​ព្រះសីហនុ​ក្លាយទៅជា​ខេត្ដ​សេដ្ឋកិច្ច​ពិសេស ដោយ​មិន​ពឹង​ផ្អែកទៅលើ​ល្បែងស៊ីសង​នោះឡើយ គឺ​ផ្អែកទៅលើ​ការធ្វើ​ឧស្សាហកម្ម សេវាកម្ម ខាង​ផ្នែក​បច្ចេកវិទ្យា​ទេសចរណ៍។

លោក វ​ង្ស៊ី វិស្សុត​ថ្លែងថា “យើង​កំពុង​ធ្វើ Master Plan (ផែនការមេ) ជិត​រួចហើយ ដែល​យើង​ជួល​អ្នករៀបចំ Master Plan ឲ្យ​ទីក្រុង​សិន​ជិន ប្រទេស​ចិន មក​ធ្វើ​តែម្ដង ដែល​រៀបចំ​ជា​តំបន់​ពិសេស​ពហុ​បំណង ក្លាយជា​ប៉ូល​សេដ្ឋកិច្ច​មួយ​ដ៏​ខ្លាំង ពោល​ជា​សេដ្ឋកិច្ច​មួយ ដែល​បម្រើ​ដល់​មូលដ្ឋាន​នាំចេញ​ផលិតផល​សម្រេច​របស់​កម្ពុជា។

លោក​រដ្ឋលេខាធិការ​រូបនេះ​បានបញ្ជាក់​ទៀតថា គម្រោង​អភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ ជា​តំបន់​សេដ្ឋកិច្ច​ពិសេស គឺ​ដឹកនាំ​ដោយផ្ទាល់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ដែលជា​គម្រោង​ថ្នាក់ជាតិ ហើយ​មាន​ឧបនាយករដ្ឋមន្ដ្រី២រូប ទទួលខុសត្រូវ។

យោងតាម​របាយការណ៍​របស់​រដ្ឋបាល ខេត្ត​ព្រះសីហនុ​បាន​បង្ហាញថា ខេត្ត​ព្រះសីហនុ​ក្នុង​រយៈពេល២ឆ្នាំ​កន្លងមកនេះ បានទទួល​ការអភិវឌ្ឍន៍​យ៉ាងខ្លាំង​លើ​គ្រប់​វិស័យ ពិសេស​ក្នុង​វិស័យ​សំណង់​អគារធំៗ ដែលមាន​វិនិយោគ​ដោយ​អ្នក​វិនិយោគិន​ខ្មែរ និង​បរទេស។ ខេត្ត​ព្រះសីហនុ មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន៤ទីតាំង រួមមាន ទី១តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ វិនិយោគ​ដោយ​ក្រុមហ៊ុន​ហុង​តូ។ ទី២ តំបន់​សេដ្ឋកិច្ច​ពិសេស កំពង់ផែ​ស្វយ័ត​អន្តរជាតិ​ក្រុងព្រះសីហនុ។  ទី៣ តំបន់​សេដ្ឋកិច្ច​ពិសេស​អ៊ែត​វ៉ូត និង​ទី៤ តំបន់​សេដ្ឋកិច្ច​ពិសេស​ចេ​ជាង។

សម្រាប់​ការវិនិយោគ​នៅក្នុង​ខេត្ត​ព្រះសីហនុ ដែលជា​ខេត្ត​ប៉ូល​សេដ្ឋកិច្ច​ជាប់មាត់​សមុទ្រ​មួយ​នេះ  មាន​ច្រើន​វិស័យ សុទ្ធសឹង​ជា​វិស័យសំខាន់ៗ មានដូចជា វិស័យ​សំណង់ វិស័យ​កសិកម្ម សិប្បកម្ម កែច្នៃ​ផល​នេសាទ​សមុទ្រ ឧស្សាហកម្ម​មាន រោងចក្រ​កាត់ដេរ រោងចក្រ​ចម្រាញ់​ប្រេងកាត និង​ទេសចរណ៍ ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here