ដោយ ៖ រ៉ាណេត
ភ្នំពេញៈ ការរស់នៅតាមខុនដូនៃអាគារសហកម្មសិទ្ធិ ពិតជាមានភាពខុសប្លែកពីការរស់នៅតាមលំនៅដ្ឋានក្នុងបុរី និងតាមផ្ទះល្វែងនានានៅជាយក្រុង ដែលក្រៅពីបង្ហាញពីបែបផែនជីវិតសម្រាប់មនុស្សសម័យថ្មីនៅកណ្តាលក្រុង ថែមទាំងមានភាពងាយស្រួលក្នុងការបំពេញការងារ និងប្រកបអាជីវកម្មប្រចាំថ្ងៃផងដែរ។

-->
អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិប្រចាំនៅកម្ពុជា ERA លោក ខន គង្គា បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះថា ជីវិតនៃការរស់នៅក្នុងសំណង់អគារសហកម្មសិទ្ធិ គឺមានគុណសម្បត្តិច្រើន និងងាយស្រួលជាងការស់នៅក្នុងសំណង់ផ្ទះល្វែង និងលំនៅដ្ឋាននៅបូរីនានា។
លោក ខន គង្គា ដែលជាអ្នកជំនាញនៅក្នុងវិស័យមួយនេះបានមានប្រសាសន៍បន្តថា “ការរស់នៅតាមវីឡា ផ្ទះល្វែង ជាការរស់នៅក្នុងលំនៅដ្ឋាន ដែលមានលក្ខណៈដាច់ៗពីគ្នា ផ្ទុយទៅវិញការរស់នៅលើអាគារខុនដូ គឺជាការរស់នៅបែបជាសហគមន៍ដែលមានម្ចាស់ច្រើន ឬគ្រួសារច្រើន និងមានក្រុមមនុស្សចម្រុះ ដែលត្រូវរស់នៅអាគារជាមួយគ្នា”។
ពាក់ព័ន្ធទៅនឹងគុណសម្បត្តិនៃការរស់នៅក្នុងអគារសហកម្មសិទ្ធិ លោក ខន គង្គា បានលើកឡើងថា នៅក្នុងសំណង់អគារខុន គឺត្រូវបានការពារដោយប្រព័ន្ធសុវត្ថិភាព២៤ម៉ោង លើ២៤ម៉ោង ក្រោមការយកចិត្តទុកដាក់ពីសំនាក់ក្រុមអ្នកជំនាញប្រចាំនៅក្នុងអគារផ្ទាល់។ ស្ទើរតែគ្រប់សំណង់ខុនដូទាំងអស់ សុទ្ធតែធានាបាននូវទីតាំងល្អទាំងអស់ ជាពិសេសស្ថិតនៅក្នុងកណ្តាលទីប្រជុំជន ឬកណ្តាលក្រុង ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលកាន់តែផ្តល់ភាពងាយស្រួលក្នុងការរស់នៅ ការបំពេញការងារ ក៏ដូចជាការបំពេញកិច្ចជំនួញ ឬអាជីវកម្មប្រចាំថ្ងៃនានាផងដែរ។

បន្ថែមពីនេះ ថែមទាំងបានបង្ហាញពីភាពស៊ីវិល័យ ជីវិតពោរពេញទៅដោយភាពទាន់សម័យ ជាពិសេសមានសេវាកម្មចម្រុះជាច្រើនត្រូវបានដាក់បញ្ចូលទៅក្នងអគារលំនៅដ្ឋានបែបទំនើបមួយនេះ ដូចជា សេវាកម្មផ្នែកថែរក្សាអនាម័យ អាហារដ្ឋាន ក្លឹបហាត់ប្រាណ កន្លែងស្ទីម សូណា រួមជាមួយនឹងសេវាកម្មផ្សេងៗទៀត ដែលក្នុងនោះរួមបញ្ចូលទាំងទីកន្លែងសុវត្ថិភាពចំណតយានយន្តផងដែរ។ ក្រៅពីនេះ ការទិញខុនដូយើងអាចស្នាក់នៅ ឬជួលឱ្យគេបាន និងងាយស្រួលរកអ្នកជួល ដោយយើងអាចឱ្យអ្នកគ្រប់គ្រងសហគមន៍រួមរបស់យើង ដាក់ជួលបានលឿន ប្រសិនជាយើងទិញនៅគំរោងដែលមានទីតាំងល្អ។ ជាមួយគ្នានេះ ប្រាក់ចំណេញពីការវិនិយោគ (Return on Investment) អ្នកទិញខុនដូអាចជួលផ្ទះបានចន្លោះពី៨ទៅ១០ភាគរយប្រចាំឆ្នាំ ផ្ទុយទៅវិញបើយើងទិញផ្ទះធម្មតា យើងអាចទទួលបានប្រាក់ចំណូលនៃការវិនិយោគតែ៤ទៅ៥ភាគរយ នៃតម្លៃផ្ទះប៉ុណ្ណោះក្នុងមួយឆ្នាំ។
ជាមួយនឹងការបង្ហាញពីគុណសម្បត្តិនៃការរស់នៅក្នុងសំណង់ខុនដូ ដែលជាលំនៅដ្ឋានសហកម្មសិទ្ធិខាងលើនេះ លោក ខន គង្គា បានបញ្ជាក់ថា បើទោះជាការរស់នៅក្នុងខុនដូមានគុណសម្បត្តិច្រើនយ៉ាងណាក៏ដោយ សម្រាប់អតិថិជនដែលចង់ទិញខុនដូរស់នៅ គួរសិក្សាពីចំណុចសំខាន់ៗនៃខុនដូឱ្យបានច្បាស់លាស់ជាមុន ជាពិសេសស្វែងរកជំនួយពីសំណាក់ក្រុមហ៊ុនផ្តល់សេវាកម្មផ្នែកទិញ-លក់ ខុនដូ ដែលមានជំនាញពិតប្រាកដ ដើម្បីប្រឹក្សាយោបល់ និងរៀបចំឯកសារពាក់ព័ន្ធនានា ជៀសវាងការខាតបង់ផលប្រយោជន៍ និងធនធានទៅថ្ងៃក្រោយ ៕
