គេហទំព័រ​បររទេស​មួយ​បាន​ធៀប​សក្តានុពល​អចលន​ទ្រព្យ​នៅ​ភ្នំពេញ ដូច​ទីក្រុង​បាងកក​កាលពី៣០ឆ្នាំមុន

0

ដោយ ​វុត្ថា

ភ្នំពេញៈ ជនបរទេស​ភាគច្រើន បាន​សម្រុក​ទិញ​ខុន​ដូ និង​លំនៅឋាន​អាជីវកម្ម​ច្រើន​នៅក្នុង​ទីក្រុង​ភ្នំពេញ សម្រាប់​រស់នៅ​និង​ធ្វើ​អាជីវកម្ម ខណៈ​កម្ពុជា​គឺជា​ប្រទេសមួយ​នៅក្នុង​តំបន់​អាស៊ាន មានការ​ទាក់ទាញ​ការវិនិយោគ លើ​វិស័យ​អចលនទ្រព្យ​ច្រើន នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ។

គេហទំព័រ investasian.com បាន​ផ្សព្វផ្សាយ​កាលពី​ម្សិលមិញ​នេះ​ថា  ទីក្រុង​ភ្នំពេញ​បាននិងកំពុង​រីកចំរើន​យ៉ាងខ្លាំង ដែល​ធ្វើឱ្យមាន​ការទាក់ទាញ​វិនិយោគិន​អន្តរជាតិ មក​បណ្តាក់​ទុនវិនិយោគ ខណៈ​មនុស្ស​មួយចំនួន​ប្រៀបធៀប​ថា ទីក្រុង​មួយ​នេះ​ដូច​ទៅនឹង​ទីក្រុង​បាងកក​កាលពី៣០ឆ្នាំមុន ដែលជា​ទីក្រុង​នេះ បាន​ទាក់ទាញ​វិនិយោគិន​បរទេស​ជាច្រើន។

ទីក្រុង​ភ្នំពេញ​នេះ​ក៏បាន​ទាក់ទាញ​ភ្ញៀវ​បរទេស ជាមួយនឹង​ទីផ្សារ​តាម​ដងផ្លូវ​ដ៏​រស់​រវើក មាន​ស្ថាបត្យកម្ម​បារាំង​ដ៏​អស្ចារ្យ និង​មាន​អគារ​ប្រវត្តិសាស្ត្រ​ជាច្រើន​ផងដែរ។ ដោយសារ​កត្តា​ទាំងអស់​នេះហើយ បានធ្វើឱ្យ​ទាក់ទាញ​វិនិយោគិន ឱ្យមក​ទទួលយក​នូវ​បទពិសោធន៍ថ្មីៗ និង​បានចាប់ផ្តើម​សម្រុក​មក​វិនិយោគ នៅក្នុង​ទីក្រុង​ភ្នំពេញ​ដើម្បី​ទទួលបាន​ផលចំណេញ​ខ្ពស់។

គេហទំព័រ​នេះ​បញ្ជាក់ថា  ជនបរទេស​ភាគច្រើន បាន​ទិញ​អចលនទ្រព្យ​ចំនួន២ប្រភេទ គឺ​អា​ផាត​ម៉ិ​ន​បែប​លំនៅឋាន​អាជីវកម្ម និង​ខុន​ដូ។ ការទិញ​អា​ផាត​ម៉ិ​ន​បែប​លំនៅឋាន​អាជីវកម្ម​ជាទូទៅ គឺអាច​ជួសជុល​ជួល ធ្វើ​អាជីវកម្ម និង​លក់​បន្ត ដើម្បី​ទទួលបាន​ផលចំណេញ។

ម្យ៉ាងវិញទៀត ការទិញ​ខុន​ដូ គឺ​មិនមាន​ផលចំណេញ​ច្រើន​ទេ ប៉ុន្តែ​ងាយស្រួល​ក្នុងការ​កាន់កាប់ និង​ថែរក្សា។

តែ​យ៉ាងណាក៏ដោយ​ជនបរទេស ដែលមាន​បំណង​ទិញ​អចលនទ្រព្យ នៅក្នុង​ទីក្រុង​ភ្នំពេញ តែងតែមាន​ជម្រើស​លើ​ការទិញ​ខុន​ដូ និង​អា​ផាត​មិន​បែប​អាជីវកម្ម។សម្រាប់​ការទិញ​ខុន​ដូ​នៅក្នុង​ទីក្រុង​ភ្នំពេញ អាចមាន​តម្លៃ​ថ្លៃ​បន្តិច ហើយ​នៅ​តំបន់​ខ្លះ​ក៏មាន​ការ​រិត​ត្បិត​ផងដែរ។ មិនតែប៉ុណ្ណោះ ការទិញ​ខុន​ដូ មិន​ទទួលបាន​ផលចំណេញ​ច្រើន​នោះទេ បើ​ធៀប​ទៅនឹង​ការទិញ​អា​ផាត​ម៉ិ​ន​បែប​អាជីវកម្ម។

ទោះយ៉ាងណា យោង​តា​ច្បាប់​សហកម្មសិទ្ធិ ជនបរទេស​រស់នៅ​ប្រទេស​កម្ពុជា ការទិញ​អា​ផាត​ម៉ិ​ន​បែប​អាជីវកម្ម គឺមាន​ការលំបាក​ជាង​បើ​ប្រៀបធៀប ទៅនឹង​ការទិញ​ខុន​ដូ។ ជនបរទេស​អាច​កាន់​កាប់​ខុន​ដូ​ទាំងស្រុង ប៉ុន្តែ​ដើម្បី​កាន់កាប់​អចលនទ្រព្យ​ផ្សេងទៀត​បាន ពួកគេ​ត្រូវតែមាន​ក្រុមហ៊ុន​កាន់កាប់​ដីធ្លី។

ជារួម​ការទិញ​លំនៅឋាន​បែប​អាជីវកម្ម នៅក្នុង​ទីក្រុង​ភ្នំពេញ របស់​ជនបរទេស​ទា​ម​ទា​ពេលវេលា​យូ ព្យាយាម​អត់ធ្មត់ និង​ការប្តេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការទិញ និង​ជួសជុល។ សម្រាប់​ការទិញ​ខុន​ដូ​វិញ អាច​ផ្តល់​ប្រាក់ចំណេញ​ទាប​ជាង ប៉ុន្តែ​វា​ងាយស្រួល​ក្នុង​ការទិញ និង​កាន់កាប់​ក្នុងនាម​ជា​ជនបរទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here