ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ តំបន់ភាគខាងត្បូង ឈៀងខាងលិចរាជធានីភ្នំពេញ នៅតែជាគោលដៅ និងមានភាពទាក់ទាញការវិនិយោគបុរី និងគំរោងលំនៅដ្ឋាននានាយ៉ាងសកម្ម ដោយសារលក្ខខណ្ឌភូមិសាស្ត្រ និងការវិនិយោគលើគម្រោងសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មធំៗជាច្រើននៅតំបន់នេះ។

ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ តំបន់ភាគខាងត្បូង ឈៀងខាងលិចរាជធានីភ្នំពេញ នៅតែជាគោលដៅ និងមានភាពទាក់ទាញការវិនិយោគបុរី និងគំរោងលំនៅដ្ឋាននានាយ៉ាងសកម្ម ដោយសារលក្ខខណ្ឌភូមិសាស្ត្រ និងការវិនិយោគលើគម្រោងសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មធំៗជាច្រើននៅតំបន់នេះ។

នាយិកាក្រុមហ៊ុនអចលនទ្រព្យ AMATAK Property Service លោកស្រី តាំង ហួរ បានមានប្រសាសន៍ថាប្រាប់តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ថា បច្ចុប្បន្ននេះ តំបន់ភាគខាងត្បូងរាជធានីភ្នំពេញ នៅតែមានភាពទាក់ទាញលើការអភិវឌ្ឍន៍គម្រោងសំណង់បុរី និងលំនៅដ្ឋានដ៏មានប្រជាប្រិយភាព។
លោកស្រីបានមានប្រសាសន៍បន្តទៀតថា “នៅប៉ែកខាងត្បូងរាជធានីភ្នំពេញនាពេលបច្ចុប្បន្ននេះកាន់តែមានភាពទាក់ទាញខ្លាំងទៅលើគម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន ជាពិសេសនៅតំបន់ដែលកំពុងអភិវឌ្ឍជាមជ្ឈមណ្ឌលពាណិជ្ជកម្មកម្រិតខ្ពស់មហាវិថីសម្ដេចតេជោ (ផ្លូវ៦០ម៉ែត្រ)”។ លោកស្រីបានបញ្ជាក់ថា “នៅតំបន់នេះមានការអភិវឌ្ឍន៍ខ្លាំង ជាពិសេសគម្រោងបុរីលំនៅដ្ឋានបែបទំនើប ដែលមានតម្លៃថ្លៃ ហើយក៏លែងមានលំនៅដ្ឋានតម្លៃសមរម្យទៀតដែរ ដែលប្រភេទលំនៅដ្ឋាន Shop House ខ្លះមានតម្លៃរហូតដល់ជាង៧០ម៉ឺនដុល្លារក្នុងមួយជុងក៏មាន”។
លោកស្រីបានបញ្ជាក់ទៀតថា “បើចាកចេញពីពីតំបន់អភិវឌ្ឍន៍នេះបន្តិចឆ្ពោះទៅប៉ែកខាងផ្លូវ២១៧ ម្ដុំចំការដូង ឬតំបន់ព្រៃស ក្នុងខណ្ឌដង្កោ តម្លៃលំនៅដ្ឋានអាចនៅកម្រិតទាបជាងនេះ ប៉ុន្តែភាគច្រើនក៏មិនក្រោមជាង១០ម៉ឺនដុល្លារនោះដែរ ដោយសព្វថ្ងៃនេះក៏មានគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានជាច្រើនកំពុងតែបន្តសកម្មភាពសាងសង់ជាបន្តបន្ទាប់។ នៅពេលដ៏ខ្លីខាងមុខនេះ តំបន់ប៉ែកខាងត្បូងនឹងមានកំណើនប្រជាជនរស់នៅច្រើន ដោយសារតែបណ្តាញហេដ្ឋារចនាសម្ព័ន្ធនានាត្រូវបានរាជរដ្ឋាភិបាលរៀបចំ និងអភិវឌ្ឍន៍រួចរាល់ ជាពិសេសជាតំបន់ដែលប្រមូលផ្តុំទៅដោយមណ្ឌលពាណិជ្ជកម្ម ដែលអនុគ្រោះដល់ការរស់នៅកាន់តែប្រសើរ”។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ R Investment Group លោកឧកញ៉ា តេង រិទ្ធី បានទទួលស្គាល់នូវភាពរីកចម្រើន និងសន្ទុះនៃការអភិវឌ្ឍគម្រោងលំនៅដ្ឋានជាច្រើននៅតំបន់ខាងលើនេះ ដោយលាកបានអះអាងថា រាល់គម្រោងអភិវឌ្ឍន៍នានាសុទ្ធតែត្រូវបានសិក្សាពីគម្រោង និងផែនការរបស់រដ្ឋាភិបាល ជាពិសេសនៅពេលដែលមានលំហូរប្រជាជនចូលទៅរស់នៅកាន់តែច្រើន។
លោកបានបញ្ជាក់ថា “មនុស្សអាចចូលទៅរស់នៅតំបន់ណាមួយបាន គឺទាល់តែតំបន់នោះមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ និងងាយស្រួលប្រើប្រាស់ជាពិសេសផ្លូវថ្នល់ រួមជាមួយទីតាំងបម្រើសេវាសាធារណៈ”។ លោកបានបន្តទៀតថា “សម្រាប់តែសង្កាត់ព្រៃស ខណ្ឌដង្កោ ពេលនេះស្ថិតនៅមិនឆ្ងាយពីក្រុងនោះទេ ជាពិសេសមានភាពងាយស្រួល ក្នុងការធ្វើដំណើរទៅទីតាំងផ្សេងៗ ដូចជាចេញចូលក្នុងរាជធានីភ្នំពេញ ចេញទៅផ្លូវជាតិលេខ៣ ចេញទៅផ្លូវជាតិលេខ២ ចេញទៅក្រុងតាខ្មៅ ក៏ដូចជា ឆ្ពោះមកកាន់តំបន់ពាណិជ្ជកម្មពិសេស ដែលស្ថិតនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រជាដើម។ វត្តមានរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ ដែលចូលទៅកាន់តំបន់ខាងលើនេះនៅមិនទាន់គ្រប់គ្រាន់នោះតែ ដែលនឹងមានគម្រោងថ្មីៗចូលបន្ថែមទៀតនៅពេលខាងមុខនេះ ដោយសារតែទីតាំងតំបន់នេះមានភាពល្អប្រសើរ ងាយស្រួលក្នុងការរស់នៅ និងប្រកបអាជីវកម្ម”៕