អាជីវកម្មទេសចរណ៍ជិត ៣០០០ ទីតាំង បានផ្អាកដំណើរការដោយសារវិបត្តិ Covid-19

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ក្រោមឥទ្ធិពលនៃវិបត្តិជំងឺសាកល Covid-19 បានបង្កផលប៉ះពាល់ដល់អាជីវកម្មទេសចរណ៍នៅទូទាំងប្រទេសកម្ពុជា ជិត៣០០ទីតាំង ត្រូវបានផ្អាកដំណើរការ និងបិទបញ្ចប់អាជីវកម្ម ស្មើនឹងជិត៣០ភាគរយនៃចំនួនសរុប និងបានធ្វើឱ្យប៉ះពាល់ការងាររបស់បុគ្គលិកចំនួន ៤៦,៣៦៩នាក់ ដោយក្នុងនោះ មគ្គុទ្ទេសក៍ទេសចរណ៍ចំនួន៩៦នាក់បានព្យួរអាជ្ញាបណ្ណទេសចរណ៍របស់ខ្លួន។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកបណ្ឌិត ថោង ខុន បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មាន នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០នេះថា “គិិតត្រឹមថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ អាជីវកម្មទេសចរណ៍ដែលត្រូវបានបិទ (បិទដោយការផ្អាកដំណើរការ និងបិទបញ្ចប់អាជីវកម្ម) នៅទូទាំងប្រទេសមានចំនួនសរុប ២,៨៦៥ ទីតាំង ស្មើនឹង ២៩.៥៧ភាគរយ ធៀបនឹងទីតាំងអាជីវកម្មទេសចរណ៍សរុបដែលមាន ៩,៦៨៩ ទីតាំង” ។

លោកបានបញ្ជាក់ថា អាជីវកម្មនៅក្នុងវិស័យទេសចរណ៍ដែលទទួលរងនូវផលប៉ះពាល់រួមមានដូចជា សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ម៉ាស្សា ស្ប៉ា ទីភ្នាក់ងារទេសចរណ៍ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀហ្គាឌិន និងកីឡាទេសចរណ៍ និងបានប៉ះពាល់ដល់បុគ្គលិកចំនួន ៤៦,៣៦៩ នាក់ ស្មើនឹង ៤២.៦ភាគរយ ធៀបនឹងបុគ្គលិកសរុប ១០៨,៨៤៧ នាក់ និងមគ្គុទ្ទេសក៍ទេសចរណ៍ព្យួរអាជ្ញាបណ្ណទេសចរណ៍សរុបចំនួន ៩៦ នាក់ ស្មើនឹង ១.៥ភាគរយ ធៀបនឹងចំនួនមគ្គុទ្ទេសក៍ទេសចរណ៍សរុប ៦,៤១៦ នាក់”។

លោករដ្ឋមន្ត្រីបានថ្លែងលម្អិតទៀតថា ៖

* ចំពោះសេវាកម្មស្នាក់នៅផ្នែកសណ្ឋាគារ ត្រូវបានបិទនៅទូទាំងប្រទេសមានចំនួន ២៨២ សណ្ឋាគារ (១៥,៤៨៨ បន្ទប់) ស្មើនឹង ២៧ភាគរយ ធៀបនឹងចំនួនសណ្ឋាគារសរុបដែលមាន ១,០៤៤ ទីតាំង (៤៨,៧៩១ បន្ទប់) និងប៉ះពាល់បុគ្គលិក ១៦,២០៣ នាក់ ស្មើនឹង ៤១ភាគរយ ធៀបនឹងបុគ្គលិកសរុប ៣៩,១៥១ នាក់។

* ចំពោះផ្ទះភ្ញៀវ (ផ្ទះសំណាក់) ត្រូវបានបិទនៅទូទាំងប្រទេសមានចំនួន ៤០៥ ទីតាំង (៥,៦៤៤ បន្ទប់) ស្មើនឹង ១៥ភាគរយ ធៀបនឹងចំនួនផ្ទះភ្ញៀវសរុបដែលមាន ២,៦៤៣ ទីតាំង (៣៤,៩៥៧ បន្ទប់) និងប៉ះពាល់បុគ្គលិក ២,០៨៧ នាក់ ស្មើនឹង ១៩.៥ភាគរយ ធៀបនឹងបុគ្គលិកសរុប ១០,៦៦៩ នាក់។

* ចំពោះភោជនីយដ្ឋាន ត្រូវបានបិទនៅទូទាំងប្រទេសមានចំនួន ៣៧១ ទីតាំង (១៧,០២៧ កៅអី) ស្មើនឹង ១០.៨ភាគរយ ធៀបនឹងចំនួន ភោជនីយដ្ឋានសរុបដែលមាន ៣,៤១៥ ទីតាំង (១៦៧,៦៣៨ កៅអី) ប៉ះពាល់បុគ្គលិក ៣,២០១ នាក់ ស្មើនឹង ១១.១១ភាគរយ ធៀបនឹងបុគ្គលិកសរុប ២៨,៧៣៨ នាក់។

* ចំពោះទីភ្នាក់ងារទេសចរណ៍ ត្រូវបានបិទនៅទូទាំងប្រទេសមានចំនួន ៤៧ ទីតាំង ស្មើនឹង ៦.៤៧ភាគរយ ធៀបនឹងចំនួនអាជីវកម្មទីភ្នាក់ងារទេសចរណ៍សរុប ៧២៦ ទីតាំង ប៉ះពាល់បុគ្គលិក ២០៨ នាក់ ស្មើនឹង ៦ភាគរយ ធៀបនឹងបុគ្គលិកសរុប ៣,៤៤៤ នាក់។

* ចំពោះមគ្គុទ្ទេសក៍ទេសចរណ៍ បានព្យួរអាជ្ញាបណ្ណទេសចរណ៍នៅទូទាំងប្រទេសមានចំនួន ៩៦ នាក់ ស្មើនឹង ១.៥ភាគរយ ធៀបនឹងចំនួនមគ្គុទ្ទេសក៍ទេសចរណ៍សរុប ៦,៤១៦ នាក់។

* ចំពោះសេវាកម្សាន្តទេសចរណ៍មនុស្សពេញវ័យ (ខារ៉ាអូខេ រង្គសាលឌីស្កូតែក បៀហ្គាឌិន) ត្រូវបានបិទអាជីវកម្មទាំងស្រុងនៅទូទាំងប្រទេសមានចំនួន ១,១៤៧ ទីតាំង ប៉ះពាល់បុគ្គលិកសរុប ១៨,២០៤ នាក់។ ប្រភេទសេវាកម្មខារ៉ាអូខេ ត្រូវបានបិទនៅទូទាំងប្រទេសមានចំនួន ៨៨០ ទីតាំង (ស្មើនឹង ១០០ភាគរយ) និងប៉ះពាល់បុគ្គលិកសរុប ១៤,១៦១ នាក់ ប្រភេទសេវាកម្មរង្គសាលឌីស្កូតែក ត្រូវបានបិទនៅទូទាំងប្រទេសមានចំនួន ២០០ ទីតាំង (ស្មើនឹង ១០០ភាគរយ) និងប៉ះពាល់បុគ្គលិកសរុប ៣,០៧៨ នាក់ ប្រភេទសេវាកម្មបៀហ្គាឌិន ត្រូវបានបិទនៅទូទាំងប្រទេសមានចំនួន ៦៧ ទីតាំង (ស្មើនឹង ១០០ភាគរយ) និងប៉ះពាល់បុគ្គលិកសរុប ៩៦៥ នាក់។

* ចំពោះសេវាកម្មស្ប៉ា និងម៉ាស្សា ត្រូវបានបិទនៅទូទាំងប្រទេសមានចំនួន ៥៩០ ទីតាំង (៤ ៦៤៤គ្រែ) ស្មើនឹង ៨៨ភាគរយ ធៀបនឹងចំនួន អាជីវកម្មស្ប៉ា និងម៉ាស្សាសរុបដែលមាន ៦៦៨ ទីតាំង (៥ ២៩៣ គ្រែ) ប៉ះពាល់បុគ្គលិក ៥,៩៤៨ នាក់ ស្មើនឹង ៩៥ភាគរយ ធៀបនឹងបុគ្គលិកសរុប ៦,២៤៧ នាក់។

* ចំពោះអាជីវកម្មកីឡាទេសចរណ៍ (កីឡាប៊ូលីង អាងហែលទឹក ទូកកៃយ៉ាក់ បាឡុងបង្ហោះ ស្នូកឃ័រ ម៉ាស៊ីនហ្គេម) ត្រូវបានផ្អាកបណ្តោះអាសន្ននៅទូទាំងប្រទេសមានចំនួន ២៣ ទីតាំង ស្មើនឹង ៥០ភាគរយ ធៀបនឹងចំនួនអាជីវកម្មកីឡាទេសចរណ៍សរុប ៤៦ ទីតាំង និងប៉ះពាល់បុគ្គលិក ៥១៨ នាក់ ស្មើនឹង ២២ភាគរយ ធៀបនឹងបុគ្គលិកសរុប ២,៣២២ នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here