ក្រុមហ៊ុន​ធំ​មួយ​របស់​អូស្ត្រាលី​គ្រោង​វិនិយោគ​លើ​វា​រី​អគ្គិសនី​សម្រាប់​ផ្គត់ផ្គង់ឧស្សាហកម្ម​ធុន​ធ្ងន់​នៅ​កម្ពុជា

ចែករំលែក

ដោយ ​វុត្ថា

ភ្នំពេញៈ ឯកអគ្គរដ្ឋទូត​ថ្មី នៃ​ប្រទេស​អូស្ត្រាលី​ប្រចាំ​កម្ពុជា​បាន​អះអាងថា ក្រុមហ៊ុន​ខ្នាត​អន្តរជាតិ​របស់​អូស្ត្រាលី​មួយ បានបង្ហាញ​បំណង​ពី​ការចូលរួម​វិនិយោគ លើ​វា​រី​អគ្គិសនី ដើម្បី​ផ្គត់ផ្គង់​លើ​ឧស្សាហកម្ម​ធុន​ធ្ងន់ ដែល​រួមមាន​ការវិនិយោគ​លើ​ឧស្ម័ន​ធម្មជាតិ​រាវ (LNG) និង​អាជីវកម្ម​រ៉ែ​នៅ​កម្ពុជា។

លោក Pablo Kang ឯកអគ្គរដ្ឋទូត​ប្រទេស​អូស្ត្រាលី​ប្រចាំ​កម្ពុជា នៅក្នុង​ជំនួប​ពិភាក្សា​ការងារ ជាមួយ​លោក​ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល កាលពី​ម្សិលមិញ​នេះ​បានឱ្យដឹងថា រាជរដ្ឋាភិបាល​តាមរ​យៈ​ក្រសួង​រ៉ែ និង​ថាមពល ដែល​កន្លងមកនេះ បាន​ខិតខំ​ប្រឹងប្រែង ក្នុង​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ឱ្យមាន​ការរីកចំរើន​ឥតឈប់ឈរ។ ជាពិសេស សម្រេចបាន​នូវ​ការផ្គត់ផ្គង់​អគ្គិសនី ដល់​បណ្តា​ភូមិ​ទាំងអស់​ស្ទើ​តែ​គ្រប់១០០ ភាគរយ​នៅ​ទូទាំងប្រទេស។

លោក​បន្ថែមថា “ដើម្បី​ចូលរួម​អភិវឌ្ឍ​លើ​វិស័យ​អគ្គិសនី មាន​ក្រុមហ៊ុន​ខ្នាត​អន្តរជាតិ​របស់​អូស្ត្រាលី តាមរយៈ​ស្ថានទូត​បានបង្ហាញ​ចំណាប់អារម្មណ៍ ក្នុងការ​វិនិយោគ​លើ​វា​រី​អគ្គិ​នី​នៅ​កម្ពុជា​ផងដែរ” ។

លោក​ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល បាន​សម្តែង​ការស្វាគមន៍​ចំពោះ​បំណង​នេះ និង​អរគុណ​ដល់​រដ្ឋាភិបាល​អូស្ត្រាលី ដែល​កន្លងមកនេះ បាន​ជួយ​គាំទ្រ​ទាំង​បច្ចេកទេស និង​ហិរញ្ញវត្ថុ​ដល់​រដ្ឋាភិបាល​កម្ពុជា ក្នុងការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​របស់​ក្រសួង​រ៉ែ និង​ថាមពល​ផងដែរ។

លោក​រដ្ឋមន្ត្រី ក៏បាន​ស្នើ​ដល់​រដ្ឋាភិបាល​អូស្ត្រាលី តាមរយៈ​លោក​ Pablo Kang ឯកអគ្គរដ្ឋទូត​ថ្មី នៃ​ប្រទេស​អូស្ត្រាលី​ប្រចាំ​កម្ពុជា ពិនិត្យ​លទ្ធភាព​ផ្តល់ជំនួយ​លើ​សម្ភារៈ​ថាមពល​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ ដែល​អាច​ផ្គត់ផ្គង់​ដល់​ភូមិ​ដាច់​ស្រ​យ៉ា​ល ខណៈ​បច្ចុប្បន្ន​តំបន់​ដាច់​ស្រ​យ៉ា​ល​ទាំងនោះ មិនទាន់មាន​បណ្តាញ​ជាតិ​នៅឡើយ៕


ចែករំលែក