ដោយ វុត្ថា
ភ្នំពេញៈ ឯកអគ្គរដ្ឋទូតថ្មី នៃប្រទេសអូស្ត្រាលីប្រចាំកម្ពុជាបានអះអាងថា ក្រុមហ៊ុនខ្នាតអន្តរជាតិរបស់អូស្ត្រាលីមួយ បានបង្ហាញបំណងពីការចូលរួមវិនិយោគ លើវារីអគ្គិសនី ដើម្បីផ្គត់ផ្គង់លើឧស្សាហកម្មធុនធ្ងន់ ដែលរួមមានការវិនិយោគលើឧស្ម័នធម្មជាតិរាវ (LNG) និងអាជីវកម្មរ៉ែនៅកម្ពុជា។
លោក Pablo Kang ឯកអគ្គរដ្ឋទូតប្រទេសអូស្ត្រាលីប្រចាំកម្ពុជា នៅក្នុងជំនួបពិភាក្សាការងារ ជាមួយលោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល កាលពីម្សិលមិញនេះបានឱ្យដឹងថា រាជរដ្ឋាភិបាលតាមរយៈក្រសួងរ៉ែ និងថាមពល ដែលកន្លងមកនេះ បានខិតខំប្រឹងប្រែង ក្នុងចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ ឱ្យមានការរីកចំរើនឥតឈប់ឈរ។ ជាពិសេស សម្រេចបាននូវការផ្គត់ផ្គង់អគ្គិសនី ដល់បណ្តាភូមិទាំងអស់ស្ទើតែគ្រប់១០០ ភាគរយនៅទូទាំងប្រទេស។
លោកបន្ថែមថា “ដើម្បីចូលរួមអភិវឌ្ឍលើវិស័យអគ្គិសនី មានក្រុមហ៊ុនខ្នាតអន្តរជាតិរបស់អូស្ត្រាលី តាមរយៈស្ថានទូតបានបង្ហាញចំណាប់អារម្មណ៍ ក្នុងការវិនិយោគលើវារីអគ្គិនីនៅកម្ពុជាផងដែរ” ។
លោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានសម្តែងការស្វាគមន៍ចំពោះបំណងនេះ និងអរគុណដល់រដ្ឋាភិបាលអូស្ត្រាលី ដែលកន្លងមកនេះ បានជួយគាំទ្រទាំងបច្ចេកទេស និងហិរញ្ញវត្ថុដល់រដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍លើគ្រប់វិស័យរបស់ក្រសួងរ៉ែ និងថាមពលផងដែរ។
លោករដ្ឋមន្ត្រី ក៏បានស្នើដល់រដ្ឋាភិបាលអូស្ត្រាលី តាមរយៈលោក Pablo Kang ឯកអគ្គរដ្ឋទូតថ្មី នៃប្រទេសអូស្ត្រាលីប្រចាំកម្ពុជា ពិនិត្យលទ្ធភាពផ្តល់ជំនួយលើសម្ភារៈថាមពលដើរដោយពន្លឺព្រះអាទិត្យ ដែលអាចផ្គត់ផ្គង់ដល់ភូមិដាច់ស្រយ៉ាល ខណៈបច្ចុប្បន្នតំបន់ដាច់ស្រយ៉ាលទាំងនោះ មិនទាន់មានបណ្តាញជាតិនៅឡើយ៕






