អ្នកជំនាញ​អះអាងថា ការជួល​ខុន​ដូ​នៅ​កម្ពុជា​មិន​រង​ផលប៉ះពាល់​នោះទេ

0

ដោយ ប៊ី

ភ្នំពេញៈ ខុន​ដូ​សម្រាប់​ជួល​នៅ​កម្ពុជា​មិន​រង​ផលប៉ះពាល់ ដោយសារ​ការរីក​រាល​ដាល​ជំងឺ ​COVID-19 នោះទេ ហើយ​តម្លៃ​ជួល​ខុន​ដូ​មិនមាន​ការប្រែប្រួល​ខ្លាំង​នោះទេ។ នេះ​បើ​យោងតាម​ការអះអាង​រប​ស់​អ្នកជំនាញ​អចលនទ្រព្យ។

លោក​ច្រឹ​ក សុនី​ម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​ប្រាប់​គេហទំព័រ Propertyarea.asia នៅ​ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២០ នេះ ថា ការជួល​ខុន​ដូ មិនមាន​ការធ្លាក់ចុះ​ខ្លាំង​នោះទេ ព្រោះ​ការជួល​ខុន​ដូ​មាន​រយៈពេល​វែង ខណៈ​ម្ចាស់​ខុន​ដូ​មានការ​អនុគ្រោះ​ដល់​អ្នក​ជួល​តិច​តូច​បន្ថែម។

លោក​បាន​បន្តថា “កិច្ច​ការជួល​ខុន​ដូ​មាន​កុងត្រា​រយៈពេល ដែល​មិន​ធ្វើឱ្យ​ការជួល​មានការ​ធ្លាក់ចុះ​ខ្លាំង​នោះទេ ហើយ​វា​អាច​ធ្លាក់ចុះ​តិច​តូច​អំឡុង​ពេលនេះ។ លោក​បន្តថា “វា​មិនមែនជា​ឧបសគ្គ​ធំ ឬ​ក្លាយជា​បញ្ហា​ធំ​សម្រាប់​ការជួល​ខុន​ដូ​នោះទេ អំឡុងពេល COVID-19 ហើយ​ម្ចាស់​ខុន​ដូ នៅតែ​ទទួលបាន​ចំណូល​បាន​ពី​ការជួល​នេះដែរ” ។

លោក​បាន​លើកឡើងថា សម្រាប់​តម្លៃ​ជួល​ខុន​ដូ មិនមាន​ការប្រែប្រួល​ខ្លាំង​នោះទេ ខណៈ​ម្ចាស់​ខុន​ដូ​មួយចំនួន ដែល​នៅសល់​ខុន​ដូ​ជួល​បញ្ចុះតម្លៃ​ខ្លះ ប៉ុន្តែ​ម្ចាស់​ខុន​ដូ​មួយចំនួនទៀត​មិន​បញ្ចុះតម្លៃ ព្រោះ​វា​ជា​បញ្ហា​រយៈពេល​ខ្លី និង​មិនមាន​ផលប៉ះពាល់​ខ្លាំងពេក​ទេ។

លោក​បាន​ថ្លែងថា “ដូច្នេះ​អ្នក​ជួល​នៅតែ​ជួល​បន្ត និង​មិនមាន​ការផ្លាស់ប្តូរ​ខ្លាំង​នោះទេ ដោយសារ​ការជួល​មាន​កុងត្រា​រយៈពេល១ឆ្នាំទៅ២ឆ្នាំ​ឯណោះ” ។

តម្លៃ​ជួល​ខុន​ដូ​អាស្រ័យទៅលើ​ប្រភេទ​ខុន​ដូ។ ការជួល​ខុន​ដូ១បន្ទប់​គេង មានតម្លៃ​ចាប់ពី ៧០០ ទៅ១២០០ ដុល្លារ​ក្នុង​មួយ​យូ​នី​ត។ ខុន​ដូ​ជួល​មាន២បន្ទប់​គេង​មានតម្លៃ​ចាប់១២០០ ទៅ១៥០០ ដុល្លារ​ក្នុង​មួយ​យូ​នី​ត​ក្នុង​មួយខែ និង៣បន្ទប់​គេង​មានតម្លៃ២០០០ដុល្លារ​ជាង។ នេះ​បើ​យោងតាម​លើកឡើង​របស់លោក​ច្រឹ​ក សុខ​នី​ម។

រយៈពេល៣ខែ​ដើមឆ្នាំ២០២០នេះ ខុន​ដូ​ចំនួន​ជិត៣០០០យូ​នី​ត បានបញ្ចប់​ការសាងសង់ និង​ដាក់​ចូលក្នុង​ទីផ្សារ ខណៈ​តម្រូវការ​យូ​នី​ត​ខុន​ដូ​ហាក់​មាន​កំនើន​យឺត ដោយសារ​វិបត្តិ​ Covid-19។ នេះ​បើ​យោងតាម​របាយការណ៍​ដែល​ទើប​ចេញផ្សាយ ដោយ​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​អន្តរជាតិ​CBRE Cambodiaបាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០កន្លងមកនេះ។

នាយិកា​ប្រចាំ​ប្រទេស​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​អន្តរជាតិ CBRE Cambodia លោកស្រី អាន សុធី​តា បាន​មានប្រសាសន៍ថា វិបត្តិ​នៃ​ជំងឺ​ Covid-19 ពិតជា​បាន​គំរាមកំហែង​ដល់​សេដ្ឋកិច្ច​ជា​សាកល ដែល​ក្នុងនោះ​ប្រទេស​កម្ពុជា ក៏​ទទួលរង​នូវ​ឥទ្ធិពល​អាក្រក់​មួយ​នេះ​ផងដែរ។

លោកស្រី​បាន​បន្តទៀតថា “តិច​ឬ​ច្រើន​ប្រទេស​កម្ពុជា ពិតជា​ទទួលរង​នូវ​ឥទ្ធិពល​មួយ​នេះ ប៉ុន្តែ​សម្រាប់​វិស័យ​អចលនទ្រព្យ ហាក់​មាន​ភាពល្អប្រសើរ​ច្រើន ជាក់ស្ដែង​នៅក្នុង​ត្រីមាស​ទីមួយ​កន្លងទៅនេះ ទាំង​វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅតែ​បន្ត​រក្សាបាន​ភាពល្អប្រសើ​រ” ។

លោកស្រី​មាន​បន្តទៀតថា សម្រាប់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា បើ​ប្រៀបធៀប​ជាមួយ​ប្រទេសជិតខាង គឺ​ងាយ​នឹងមាន​ឱកាស​ត្រឡប់​មករក​ភាពល្អប្រសើរ​វិញ ក្នុងពេល​ដ៏​ខ្លី ដោយសារតែ​តម្រូវការ​ទីផ្សារ​ភាគច្រើន​ជា​ជនជាតិ​ក្នុងស្រុក ហើយ​ចំពោះ​ទីផ្សារ​ក្រៅ​ស្រុក​ភាគច្រើន មកពី​ប្រទេស​ចិន និង​សិង្ហ​បុរី ដែល​កំពុង​ទទួលបាន​សញ្ញា​វិជ្ជមាន​ជាបណ្តើរៗ ក្នុង​រួច​ផុតពី​វិបត្តិ​ជំងឺ​Covid-19 ស្រប​ពេលដែល​បណ្តា​ប្រទេស​នានា​នៅ​ប៉ែក​អឺរ៉ុប កំពុងតែ​ជួប​សភាព​ធ្ងន់ធ្ងរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here