អ្នកជំនាញ៖ វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​នឹង​ទទួល​ឥទ្ធិពល​វិជ្ជមាន​បន្ទាប់ពីសេដ្ឋកិច្ច​ចិន​ងើបឡើង​វិញ

0

ដោយ ប៊ី

ភ្នំពេញៈ សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ត្រូវបាន​រំពឹងថា នឹង​ងើប​ឡើងវិញ​នៅក្នុង​ត្រីមាស​ទី២ ខណៈ​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា បាន​អះអាង​ការ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​ចិន នឹង​ជះឥទ្ធិពល​វិជ្ជមាន​ដល់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ដោយសារ​វិនិយោគិន​ចិន​ឈរ​នៅ​លំដាប់​លេខ១ក្នុង​វិស័យនេះ។

សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ត្រូវបាន​រំពឹងថា នឹង​ងើប​ឡើងវិញ​នៅក្នុង​ត្រីមាស​ទី២ បន្ទាប់ពី​បាន​ធ្លាក់ចុះ​នៅក្នុង​ត្រីមាស​ទី១ ចំពេល​ដែល​ការរីក​រាលដាល​នៃ​ជំងឺ Covid-19 ។ នេះ​បើតាម​ការព្យាករណ៍​រប​ស់​សេដ្ឋវិទូ​កាល​ពីស​ប្តា​ស៍​មុន។

លោក​ Piao Renjin អ្នកវិភាគ​ប្រចាំ​ក្រុមហ៊ុន NH Investment & Securities នៅ​ទីក្រុង​សេ​អ៊ូ​ល បាន​និយាយថា ប្រទេស​ចិន​បាន​ឆ្លើយតប​យ៉ាង​ឆាប់រហ័ស ចំពោះ​ការរីក​រាលដាល នៃ​ការ​គ្របដណ្តប់​លើ​ជំងឺ​ Covid-19 ដោយមាន​កញ្ចប់​ថវិកា​ជំរុញ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​នាំឱ្យ​មានការ​ស្ទុះ​ងើបឡើង​វិញ យ៉ាង​ឆាប់រហ័ស​នៅក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ។

អ្នកវិភាគ​រូបនេះ​បាន​និយាយថា “រដ្ឋាភិបាល​ចិន​ត្រូវបាន​គេ​ព្យាករណ៍​ថា នឹង​ពង្រីក​វិធានការ​ជំរុញ​សារពើពន្ធ​និង​រូបិយវត្ថុ ហើយ​អ្នក​អាច​មើលឃើញ​ការ​ងើប​ឡើងវិញ នៅក្នុង​ប្រទេស​ចិន​ក្នុង​ត្រីមាស​ទី២” ។

លោក​លោក​ច្រឹ​ក សុនី​ម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​ប្រាប់​គេហទំព័រ Propertyarea.asia នៅ​ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២០ នេះ ថា ជារួម ចិន​បាន​បោះទុន​វិនិយោគ​ច្រើនជាងគេ នៅក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ព្រោះ​ពួកគេ​ដឹង​ពី​សក្តានុពល​របស់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា។

លោក​បាន​ថ្លែងថា “បញ្ហា​ប្រឈម​បច្ចុប្បន្ន​គឺជា​បញ្ហា​រយៈពេល​ខ្លី ហើយ​នៅពេល អ្វីៗត្រឡប់​មករក​សភាព​ធម្មតា​ឡើងវិញ វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​នឹង​កំណើន​កាន់តែខ្លាំង​ជាង​មុន​ទៅទៀត។លោក​បាន​បន្តថា “ការ​ងើប​ឡើងវិញ​សេដ្ឋកិច្ច​ចិន គឺជា​រឿង​ល្អ​មួយ​សម្រាប់​អចលនទ្រព្យ​នៅ​កម្ពុជា ព្រោះ​គាត់​នឹង​មក​បន្ត​ការវិនិយោគ​នៅ​កម្ពុជា” ។

នាយិកា​ប្រចាំ​ប្រទេស​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​អន្តរជាតិ CBRE Cambodia លោកស្រី អាន សុធី​តា បាន​មាន​ប្រសាសន៍ប្រាប់​គេហទំព័រ Propertyarea.asia ស្រដៀង​គ្នា​ថា ការ​ងើបឡើង​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន នឹង​ផ្តល់​ផល​វិជ្ជមាន ដល់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ខណៈ​បច្ចុប្បន្ន​វិបត្តិ​ការ ​COVID-19 ធ្វើឱ្យមាន​ផលប៉ះពាល់​ជាស​កល មិន​ត្រឹមតែ​កម្ពុជា​ប៉ុណ្ណោះ​ទេ។

លោកស្រី​បាន​បន្តថា “ការបើក​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន នឹង​ផ្តល់​ប្រយោជន៍​ដល់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ប៉ុន្តែ​វា​ទាមទារ​រយៈពេល​ទៅខាង​មុខ សម្រាប់​កម្ពុជា​ទទួលបាន​ចំហាយ​កំណើនសេដ្ឋកិច្ច​របស់​ចិន” ។

លោក​បាន​លើកឡើងថា “យើង​ដឹង​ហើយ ចិន​ឈរ​នៅ​លំដាប់​កំពូល​នៃ​អ្នកវិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា” ។

លំហូរ​នៃ​ការវិនិយោគ​ដោយផ្ទាល់​ពី​បរទេស ចូលក្នុង​វិស័យ​អចលនៈទ្រព្យ (រួមបញ្ចូល​ទាំង​អចលនទ្រព្យ និង​ខុន​ដូ​គ្រប់​ប្រភេទ) នៅ​កម្ពុជា​ត្រូវបាន​ប៉ាន់ប្រមាណ​ថា មាន​ចំនួន​ជាង ៤៣៧លាន​ដុល្លារ​ក្នុង​ឆ្នាំ២០១៩ ។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី​របាយការណ៍​ត្រួតពិនិត្យ​ប្រចាំឆ្នាំ​របស់​ធនាគារជាតិ​នៃ​កម្ពុជា ដែល​បានចេញ​ផ្សាយ នៅ​ថ្ងៃទី២៧ ខែមេសា​ឆ្នាំ ២០២០ ។

ក្នុងចំណោម​លំហូរ​នៃ​ការវិនិយោគ ដោយផ្ទាល់​ពី​បរទេស​សរុបទៅ​ក្នុង​វិស័យ​អចលនទ្រព្យ​ប្រទេស​ចិន មានការ​វិនិយោគ​ធំជាងគេ​នៅ​កម្ពុជា។ ប្រទេស​ចិន​បាន​ចូលរួម​វិភាគទាន​ប្រហែល៥៨,៨ ភាគរយ(ឬ​ជាង២៦២ លាន​ដុល្លារ) នៃ​នៃ​ការវិនិយោគ​ដោយផ្ទាល់​ពី​បរទេស​សរុប បន្ទាប់មក​ប្រទេស​សិង្ហ​បុរី ១៥,២ ភាគរយ ឬ៦៧,៧៥ លាន​ដុល្លារ អាមេរិក៥៣,៥ លាន​ដុល្លារ ២៧,២៥លាន​ដុល្លារ​ពី​ប្រទេស​កូរ៉េខាងត្បូង និង១៥,៥ លាន​ដុល្លារ​ពី​ប្រទេស​ជប៉ុន និង ១៩,៥ លាន​ដុល្លារ​ពី​ប្រទេស​ដទៃទៀត ៕

LEAVE A REPLY

Please enter your comment!
Please enter your name here