សេដ្ឋកិច្ច​អឺរ៉ុប​ទាំងមូល​ដាំ​ក្បាល​ចុះ​ក្នុង​វិបត្តិ​មិន​ធ្លាប់មាន​ក្នុង​រយៈពេល​ជិត៣ទសវត្សរ៍

ចែករំលែក

ដោយ ប៊ី

អន្តរជាតិៈ ព្រះអាទិត្យ​កំពុង​លិច​នៅ​អឺរ៉ុប​មែន​ទេ? ខណៈ​វិបត្តិ​សេដ្ឋកិច្ច​នៅ​ប្លុក​នេះ បាននិងកំពុង​ចាប់ផ្តើម ដែល​បង្កឡើង​ដោយ​ការដាក់ចេញ​នូវ​វិធានការណ៍​ដើម្បី​ទប់​ទល់នឹង​វីរុស​នេះ។

យោងតាម​ទិន្នន័យបឋម ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២០នេះ​បាន​បង្ហាញថា ផលិតផល​ក្នុងស្រុក​សរុប​របស់​ស​ហ​ភាព​អឺរ៉ុប បាន​ធ្លាក់ចុះ ៣,៥ភាគរយ​នៅក្នុង​ត្រីមាស​ទី១ នៃ​ឆ្នាំ២០២០ ធៀប​នឹង​ត្រីមាស​ចុងក្រោយ​នៃ​ឆ្នាំមុន នៅពេលដែល​សេដ្ឋកិច្ច​ក្នុង​តំបន់​នៅតែ​រីកចម្រើន។ បើ​ប្រៀបធៀប​នឹង​ត្រីមាស​ទី១ ឆ្នាំ ២០១៩ ការធ្លាក់ចុះ​មាន ២,៧ភាគរយ។

ទិន្នផល​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​ចំនួន១៩ ដែល​ប្រើប្រាស់​ប្រាក់​អឺរ៉ូ​បាន​ធ្លាក់ចុះ ៣,៨ភាគរយ ក្នុង​រយៈពេល​ពី​ខែមករា​ដល់​ខែមីនា។

ការិយាល័យ​ស្ថិតិ​របស់​សហភាព​អឺរ៉ុប បានឱ្យដឹង​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “ទាំងនេះ​គឺជា​ការធ្លាក់ចុះ​ខ្លាំង​បំផុត ដែល​បាន​សង្កេត​ចាប់តាំងពី​ឆ្នាំ១៩៩៥” ។

បណ្តា​ប្រទេស​នៅ​ទូទាំង​អឺរ៉ុប បានដាក់​កម្រិត​យ៉ាង​តឹងរ៉ឹង លើ​សកម្មភាព​ធ្វើដំណើរ និង​អាជីវកម្ម​ក្នុង​ខែមីនា ក្នុង​គោល​បំណង ដើម្បី​ការពារ​ការរីក​រាលដាល​នៃ​ជំងឺ COVID-19 ។ ហាងតូចៗត្រូវបាន​បិទ ហើយ​រោងចក្រ​ជាច្រើន​បាន​បិទទ្វារ។

ការធ្លាក់ចុះ​នេះ​ត្រូវបាន​រំពឹងថា នឹង​នៅ​បន្ត​កាន់​ខ្លាំង​នៅក្នុង​ត្រីមាស​ទី២ ដោយសារ​តំបន់​ភាគច្រើន បាន​ជាប់គាំង​អស់​រយៈពេល​ពេញ​មួយខែ​មេសា។

លោក Carsten Brzeski ប្រធាន​សេដ្ឋវិទូ​នៅ​ក្រុមហ៊ុន ING ប្រទេស​អាល្លឺម៉ង់ បាន​សរសេរ​សង្គម Twitter ថា “ត្រៀមខ្លួន​អ្នក​ឱ្យ​ហើយ​សម្រាប់​រឿង​អាក្រក់ ដែល​នឹង​កើតឡើង។ យោងតាម​ទិន្នន័យ​ប្រចាំត្រីមាស​ទី១ លោក​បាន​និយាយថា “ការបិទទ្វារ និង​ការផ្គត់ផ្គង់​ខ្សែសង្វាក់​ផលិតកម្ម​មាន​រយៈពេល​ប្រហែល​ពីរ​សប្តាហ៍។

រដ្ឋាភិបាល​បាន​ឆ្លើយតប ដោយ​ប្រកាស​កម្មវិធី​ការពារ​ការងារ ដើម្បី​ព្យាយាម​ទប់ស្កាត់​ការកើនឡើង​នៃ​ភាព​គ្មាន​ការងារ​ធ្វើ។ ទិន្នន័យ​ដែល​បាន​ផ្សព្វផ្សាយ កាលពី​ថ្ងៃ​ព្រហស្បតិ៍​បានបង្ហាញ ពី​ការកើនឡើង​តិចតួច នៅក្នុង​អត្រា​គ្មាន​ការងារ​ធ្វើ​នៅ​អឺរ៉ុប ក្នុង​ខែមីនា​ដល់៦,៦ ភាគរយ​ពី៦,៥ ភាគរយ ក្នុង​ខែកុម្ភៈ៕ CNN៕


ចែករំលែក