ដោយ ប៊ី
អន្តរជាតិៈ ព្រះអាទិត្យកំពុងលិចនៅអឺរ៉ុបមែនទេ? ខណៈវិបត្តិសេដ្ឋកិច្ចនៅប្លុកនេះ បាននិងកំពុងចាប់ផ្តើម ដែលបង្កឡើងដោយការដាក់ចេញនូវវិធានការណ៍ដើម្បីទប់ទល់នឹងវីរុសនេះ។

យោងតាមទិន្នន័យបឋម ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២០នេះបានបង្ហាញថា ផលិតផលក្នុងស្រុកសរុបរបស់សហភាពអឺរ៉ុប បានធ្លាក់ចុះ ៣,៥ភាគរយនៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២០ ធៀបនឹងត្រីមាសចុងក្រោយនៃឆ្នាំមុន នៅពេលដែលសេដ្ឋកិច្ចក្នុងតំបន់នៅតែរីកចម្រើន។ បើប្រៀបធៀបនឹងត្រីមាសទី១ ឆ្នាំ ២០១៩ ការធ្លាក់ចុះមាន ២,៧ភាគរយ។
ទិន្នផលសេដ្ឋកិច្ចនៅក្នុងប្រទេសចំនួន១៩ ដែលប្រើប្រាស់ប្រាក់អឺរ៉ូបានធ្លាក់ចុះ ៣,៨ភាគរយ ក្នុងរយៈពេលពីខែមករាដល់ខែមីនា។
ការិយាល័យស្ថិតិរបស់សហភាពអឺរ៉ុប បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ទាំងនេះគឺជាការធ្លាក់ចុះខ្លាំងបំផុត ដែលបានសង្កេតចាប់តាំងពីឆ្នាំ១៩៩៥” ។

បណ្តាប្រទេសនៅទូទាំងអឺរ៉ុប បានដាក់កម្រិតយ៉ាងតឹងរ៉ឹង លើសកម្មភាពធ្វើដំណើរ និងអាជីវកម្មក្នុងខែមីនា ក្នុងគោលបំណង ដើម្បីការពារការរីករាលដាលនៃជំងឺ COVID-19 ។ ហាងតូចៗត្រូវបានបិទ ហើយរោងចក្រជាច្រើនបានបិទទ្វារ។
ការធ្លាក់ចុះនេះត្រូវបានរំពឹងថា នឹងនៅបន្តកាន់ខ្លាំងនៅក្នុងត្រីមាសទី២ ដោយសារតំបន់ភាគច្រើន បានជាប់គាំងអស់រយៈពេលពេញមួយខែមេសា។
លោក Carsten Brzeski ប្រធានសេដ្ឋវិទូនៅក្រុមហ៊ុន ING ប្រទេសអាល្លឺម៉ង់ បានសរសេរសង្គម Twitter ថា “ត្រៀមខ្លួនអ្នកឱ្យហើយសម្រាប់រឿងអាក្រក់ ដែលនឹងកើតឡើង។ យោងតាមទិន្នន័យប្រចាំត្រីមាសទី១ លោកបាននិយាយថា “ការបិទទ្វារ និងការផ្គត់ផ្គង់ខ្សែសង្វាក់ផលិតកម្មមានរយៈពេលប្រហែលពីរសប្តាហ៍។

រដ្ឋាភិបាលបានឆ្លើយតប ដោយប្រកាសកម្មវិធីការពារការងារ ដើម្បីព្យាយាមទប់ស្កាត់ការកើនឡើងនៃភាពគ្មានការងារធ្វើ។ ទិន្នន័យដែលបានផ្សព្វផ្សាយ កាលពីថ្ងៃព្រហស្បតិ៍បានបង្ហាញ ពីការកើនឡើងតិចតួច នៅក្នុងអត្រាគ្មានការងារធ្វើនៅអឺរ៉ុប ក្នុងខែមីនាដល់៦,៦ ភាគរយពី៦,៥ ភាគរយ ក្នុងខែកុម្ភៈ៕ CNN៕






