ដោយ ប៊ី
ភ្នំពេញ៖ អ្នកជំនាញអចលនទ្រព្យបានអះអាងថា ជាមួយការទទួលយកគម្រោងអចលនទ្រព្យសម្រាប់លក់ ភ្នាក់ងារអចលនទ្រព្យត្រូវសិក្សា៥ចំណុចពីអ្នកអភិវឌ្ឍន៍ដើម្បីធ្វើឱ្យអតិថិជនមានទំនុកចិត្ត ខណៈអ្នកអភិវឌ្ឍន៍ក៏ត្រូវសិក្សាពីភ្នាក់ងារអចលនទ្រព្យដើម្បីទទួលបានជោគជ័យក្នុការលក់គម្រោងរបស់ខ្លួន។

-->
លោក ខន គង្គា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ERA បានប្រាប់គេហទំព័រ Propertyarea.asia នៅថ្ងៃទី ១ ឧសភា ឆ្នាំ ២០២០ នេះថា ធម្មតាគម្រោងមានច្រើនសម្រាប់ភ្នាក់ងារយកមកដាក់លក់ ខណៈភ្នាក់ងារត្រូវសិក្សាពីចំណុចមួយចំនួនដើម្បីទទួលបានជោគជ័យក្នុងការលក់។
លោក បានបន្តថា “ទី១ ច្បាប់សាងសង់របស់គាត់ (អ្នកអភិវឌ្ឍ) គាត់មានចុះបញ្ជីពន្ធដារត្រឹមត្រូវ ឬអត់? បើសិនជាគាត់បំពេញបាននូវលក្ខខណ្ឌហ្នឹង យើងអាចសហការជាមួយគាត់បានហើយ។
ពេលសួរតើធ្វើយ៉ាងដូចម្តេចដើម្បីធ្វើឱ្យអតិថិជនមានទំនុកចិត្តគម្រោងដែលភ្នាក់ងារយកមកដាក់លក់ លោក គង្គា បានឱ្យដឹងថា “ធម្មតា យើងមិនអាចនិយាយបាន ១០០ ភាគរយនោះទេជាក់ស្តែង។ យើងអាចនិយាយថា បើសិនគម្រោងហ្នឹងគ្រប់លក្ខខណ្ឌដែលយើងបានត្រួតពិនិត្យគឺមានន័យថា លទ្ធភាពនៃជោគជ័យរបស់គាត់មានច្រើន។ ឧទាហរណ៍ ទី១ ការកាន់កាប់ដីរបស់គាត់ជាដីរបស់គាត់ផ្ទាល់ ទី២ គាត់មានចុះបញ្ជីពាណិជ្ជកម្ម ទី៣ គាត់មានច្បាប់សាងសង់ ទី៤ គាត់ប្រកាសពន្ធ និងទី៥គាត់មានអជ្ញាប័ណ្ណសាងសង់ ឬអជ្ញាប័ណ្ណអភិវឌ្ឍន៍” ។
លោកបានថ្លែងថា “មាន ៥ ចំណុចនេះជាកត្តាមួយដែលយើងអាចនិយាយបានថា គាត់ឆ្លងកាត់ ៥០ ភាគរយ បន្ទាប់មកទៀតយើងសិក្សាពីប្រវត្តិរបស់គាត់ ចំណេះជំនាញរបស់គាត់ តើថាគាត់ធ្វើអ្វីខ្លះនៅក្នុងវិស័យនេះ។ បើគាត់មានបទពិសោធមួយ ធ្លាប់ឆ្លងកាត់ ធ្លាប់អភិវឌ្ឍ យើងនឹងសិក្សាបន្ថែមទៀត រហូតដល់សម្រេចចិត្តថា យើងអាចឈានទៅដល់ការយកគម្រោងនោះមកលក់” ។
ជាមួយគ្នានេះដែរ អតិថិជន ឬអ្នកទិញត្រូវការធានាមួយដើម្បីមានទំនុកចិត្តក្នុងការទិញអចលនទ្រព្យក្នុងគម្រោងមួយ។
ជាមួយគ្នានេះដែរ សម្រាប់អ្នកអភិវឌ្ឍន៍ សំខាន់គាត់យកលទ្ធផល។ អ្វីដែលគាត់មើលមកយើងថាតើ យើងមានលទ្ធភាពជួយលក់គាត់បានជោគជ័យ ឬអត់។
លោក គង្គា បានថ្លែងថា អាស្រ័យលើលទ្ធផលគឺទី។ ទី២ គឺកម្លាំងរបស់យើង អាចមានកម្លាំងគ្រប់គ្រាន់។ ឧទាហរណ៍ បើសិនក្រុមហ៊ុនមានកម្លាំង ៤ ទៅ៥នាក់ ហើយងគម្រោងតម្លៃ ៤០០ ទៅ ៥០០ លានដុល្លារ យើងធ្វើបានយ៉ាងដូចម្តេច?
លោក បានបន្តថា “បើនិយាយពីគម្រោង ក្រុមហ៊ុនណាក៏លេខ១ដែរ តែការអនុវត្តជាក់ស្តែង។ អ្នកអភិវឌ្ឍន៍ប្រាកដជាដឹងកិច្ចការនេះ ដូច្នេះអ្វីជាក់ស្តែងគឺលទ្ធផលដែលយើងផ្តល់គាត់” ៕