ដោយ ប៊ី
ភ្នំពេញ៖ ប្រទេសចិនឈរក្នុងលំដាប់ទី១ ដែលបានចាក់បញ្ចូលការវិនិយោគផ្ទាល់ពីបរទេស ក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា ខណៈទុនវិនិយោគរបស់ចិនមានប្រមាណជាង ១ ពាន់ប៊ីលានរៀល នៅក្នុងចំណោមប្រទេសធំៗចំនួន៤ផ្សេងទៀត ដែលកំពុងវិនិយោគលើវិស័យនេះ។ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំ ២០១៩ របស់ធនាគារជាតិនៃកម្ពុជាដែលចេញកាលពីដើមខែនេះ។

-->
របាយការណ៍ បានឱ្យដឹងថា “ពាក់ព័ន្ធលំហូរចូលទុនវិនិយោគក្នុងវិស័យអចលនទ្រព្យនេះ ក្នុងនោះ ចិនមានទុនវិនិយោគជាង ១ ពាន់ប៊ីលានរៀល ដោយឈរក្នុងលំដាប់ទី១,សិង្ហបុរី ចំនួន ២៧១ប៊ីលានរៀល ឈរក្នុងលំដាប់ទី២, អាមេរិកជាង ២១៤ ប៊ីលានរៀល ឈរក្នុងលំដាប់ទី៣, កូរ៉េខាងត្បូងចំនួន ១០៩ ប៊ីលានរៀល, ជប៉ុន ៦២ ប៊ីលានរៀល និងប្រទេសផ្សេងៗទៀតប្រមាណជាង ៧៨ ប៊ីលានរៀល”។
លោកលោកច្រឹក សុនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានប្រាប់គេហទំព័រ Propertyarea.asia កាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២០ នេះ ថា ជារួម ចិនបានបោះទុនវិនិយោគច្រើនជាងគេ នៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា ព្រោះពួកគេដឹងពីសក្តានុពលរបស់វិស័យអចលនទ្រព្យនៅកម្ពុជា។
លោកបានថ្លែងថា “បញ្ហាប្រឈមបច្ចុប្បន្នគឺជាបញ្ហារយៈពេលខ្លី ហើយនៅពេល អ្វីៗត្រឡប់មករកសភាពធម្មតាឡើងវិញ វិស័យអចលនទ្រព្យនៅកម្ពុជានឹងកំណើនកាន់តែខ្លាំងជាងមុនទៅទៀត។
លោកបានបន្តថា “ការងើបឡើងវិញសេដ្ឋកិច្ចចិន គឺជារឿងល្អមួយសម្រាប់អចលនទ្រព្យនៅកម្ពុជា ព្រោះគាត់នឹងមកបន្តការវិនិយោគនៅកម្ពុជា” ។

ធនាគារជាតិ នៃកម្ពុជា បានបង្ហាញអំពីទូរលេខ នៃការវិនិយោគនៅក្នុងវិស័យអចលនទ្រព្យ បើតាមរបាយការណ៍ត្រួតពិនិត្យប្រចាំ ឆ្នាំ២០១៩ ក្នុងនោះ តាមការប៉ាន់ស្មានតាមប្រព័ន្ធរាយការណ៍អំពីប្រតិបត្តិការអន្តរជាតិ របស់ធនាគារជាតិ នៃកម្ពុជា លំហូរទុនវិនិយោគផ្ទាល់ពីបរទេស ក្នុងវិស័យអចលនទ្រព្យ (រួមបញ្ចូលនៅគ្រប់អចលទ្រព្យនិងខុនដូរ) នៅក្នុងឆ្នាំ២០១៩ មានទុនវិនិយោគ ១៧៨២ ប៊ីលានរៀល ត្រូវប្រមាណជាង ៤៣៧ លានដុល្លារអាមេរិក និងការវិនិយោគជាដើមទុននៅកម្ពុជា មានចំនួនជាង ១៤ ពាន់ប៊ីលានរៀល ពោល គឺបានកើនឡើងខ្ពស់នៅក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។
ជុំវិញបញ្ហាអភិវឌ្ឍន៍វិស័យអចលនទ្រព្យនេះ គឺស្ថិតនៅក្រោមជំនួយបច្ចេកទេសមូលនិធិរូបិយវត្ថុអន្តរជាតិ ដោយធនាគារជាតិ នៃកម្ពុជា បានធ្វើបច្ចុប្បន្នកម្មលើទម្រង់របាយការណ៍ ប្រមូលព័ត៌មាន ស្តីពីវឌ្ឍនភាពវិស័យអចលនទ្រព្យ ក្នុងគោលដៅលើកប្រសិទ្ធភាពរបាយការណ៍ គុណភាពទិន្នន័យ និងសូចនាករសន្ទស្សន៍ថ្លៃអចលនវត្ថុ។
សូចនាករសន្ទស្សន៍ថ្លៃអចលនវត្ថុ នឹងផ្តល់ព័ត៌មានសំខាន់ៗស្តីពីវឌ្ឍនភាព និងទិដ្ឋភាពនៃទីផ្សារអចលនវត្ថុ ដែលនឹងជួយដល់ធនាគារជាតិនៃកម្ពុជា ដូចជា គ្រឹះស្ថានធនាគារហិរញ្ញវត្ថុ ក្នុងការគ្រប់គ្រងហានិភ័យពាក់ព័ន្ធនិងអចលនទ្រព្យនៅកម្ពុជា៕