GMAC អះអាងថា​រោងចក្រ​ចំនួន ១៨០ បាន​ផ្អាក​ប្រតិបត្តិការ​នៅ​កម្ពុជា

ចែករំលែក

ដោយ វុត្ថា

ភ្នំពេញ៖ គិត​ត្រឹម​ពេលនេះ រោងចក្រ​ចំនួន ១៨០បាន​ផ្អាក​ប្រតិបត្តិការ​របស់ខ្លួន​នៅ​កម្ពុជា ហើយ​មាន​រោងចក្រ​ចំនួន ៦០បន្ថែមទៀត នឹង​ឈានទៅរក​ការផ្អាក​ប្រតិបត្តិការ​ផងដែរ ដែល​កំពុង​ប៉ះពាល់​ដល់ក​ម្មករ​ជាង ១៥ម៉ឺន​នាក់ ដែល​ត្រូវបាន​ព្យួ​ការងារ​ជា​បណ្តោះអាសន្ន​រហូតមក​ដល់ពេលនេះ ដោយ​មិនដឹង​ច្បាស់លាស់​ថា នឹង​បន្តការងារ​វិញ​នៅពេលណា ហើយ​កម្មករ​ជិត ២០ម៉ឺន​នាក់​នឹងត្រូវ​ព្យួ​ការងារ​នាពេលខាងមុខឆាប់ៗនេះ ដែល​នឹង​ប៉ះពាល់​មិន​ត្រឹមតែ​កម្មករ​នោះទេ ប៉ុន្តែ​ថែមទាំង​សមាជិក​គ្រួរ​សារ​របស់​ប្រមាណ ២លាន​នាក់​ដែល​ពឹង​ផ្អែកលើ​ពួកគេ។

នេះ​បើ​យោងតាម​លិខិត​អំពាវនាវ​ដល់​អ្នកបញ្ជា​ទិញ​ទាំងអស់​ដែល​ទិញ​សម្លៀកបំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ​ពី​ម្ពុ​ជា​របស់​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) ដែល​ត្រូវបាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២០នេះ ។

GMAC បន្តថា “ចាប់តាំងពី​ការអំពាវនាវ​របស់​យើង​កាលពីមុន​ទៅ​អ្នកបញ្ជា​ទិញ​ទាំ​អស់​កាលពី​ថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២០ យើង​ទទួលបាន​ការប្តេជ្ញាចិត្ត​ពី​អ្នកបញ្ជា​ទិញ​មួយចំនួន​ដែល​សមាគម (GMAC) និង​ប្រជាជន​កម្ពុ​ជាមាន​ការដឹង​គុណ ប៉ុន្តែ​ស្ថានភាព​ចាប់ពីពេលនោះ​មកកាន់​តែ​អាក្រក់​ជាស​កល និង​ជាពិសេស​ក្នុងប្រទេស​កម្ពុជា” ។

GMAC បន្ថែមថា “យើង​យល់​អំពី​ការលំបាក​ដែល​អ្នកបញ្ជា​ទិញ​កំពុង​ប្រឈម ប៉ុន្តែ​យើង​ពិតជា​អំពាវនាវ​យ៉ាងខ្លាំង​ទៅ​អ្នកបញ្ជា​ទិញ​ទាំងអស់​មេត្តា​គោរព​តាម​លក្ខខណ្ឌ​ទូទាត់​ប្រាក់​សម្រាប់​បញ្ជា​ទិញ​ដែល​បានទទួល​រួចហើយ និង/ឬ ដែល​កំពុង​ដឹក​ទៅឱ្យ​អ្នកបញ្ជា​ទិញ។ រោងចក្រ​នៅ​កម្ពុជា​កំពុង​រងគ្រោះ​រួច​ហើយពី​ការលុបចោល​បញ្ជា​ទិញ​ជាច្រើន និង​ការ​គ្មាន​បញ្ជា​ទិញថ្មីៗ ហើយ​មិនអាច​ទ្រាំទ្រ​នឹង​ការមិន​ទូទាត់​ប្រាក់​នោះទេ” ។

GMAC បញ្ជាក់ទៀតថា “ខណៈ​ផលិតផល​កំពុង​ត្រូវបានធ្វើ​ការនាំចេញ រោងចក្រ​របស់​យើង​ត្រូវតែ​ទទួលបាន​ការទូទាត់​នូវ​អ្វីដែល​ត្រូវបាន​ជំពាក់ ហើយ​ការផ្តល់​អ្វី​តិចជាង​នេះ គឺ​មិន​ត្រឹមត្រូវ​នោះទេ។ លក្ខខណ្ឌ​ទូទាត់​ប្រាក់​អាច​ពិភាក្សាគ្នា​បាន ប៉ុន្តែ​ការមិន​ទូទាត់​គឺ​មិនអាច​ទទួលយក​បានទេ។ ហេតុដូច្នេះ យើង​សូម​អំពាវនាវ​ដល់​អ្នក​បញ្ជា​ទិញ​ទាំងអស់​មេត្តា​ទូទាត់​បំណុល​របស់ខ្លួន” ៕


ចែករំលែក