ដោយ វុត្ថា
ភ្នំពេញ៖ គិតត្រឹមពេលនេះ រោងចក្រចំនួន ១៨០បានផ្អាកប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា ហើយមានរោងចក្រចំនួន ៦០បន្ថែមទៀត នឹងឈានទៅរកការផ្អាកប្រតិបត្តិការផងដែរ ដែលកំពុងប៉ះពាល់ដល់កម្មករជាង ១៥ម៉ឺននាក់ ដែលត្រូវបានព្យួការងារជាបណ្តោះអាសន្នរហូតមកដល់ពេលនេះ ដោយមិនដឹងច្បាស់លាស់ថា នឹងបន្តការងារវិញនៅពេលណា ហើយកម្មករជិត ២០ម៉ឺននាក់នឹងត្រូវព្យួការងារនាពេលខាងមុខឆាប់ៗនេះ ដែលនឹងប៉ះពាល់មិនត្រឹមតែកម្មករនោះទេ ប៉ុន្តែថែមទាំងសមាជិកគ្រួរសាររបស់ប្រមាណ ២លាននាក់ដែលពឹងផ្អែកលើពួកគេ។

នេះបើយោងតាមលិខិតអំពាវនាវដល់អ្នកបញ្ជាទិញទាំងអស់ដែលទិញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរពីម្ពុជារបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២០នេះ ។
GMAC បន្តថា “ចាប់តាំងពីការអំពាវនាវរបស់យើងកាលពីមុនទៅអ្នកបញ្ជាទិញទាំអស់កាលពីថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២០ យើងទទួលបានការប្តេជ្ញាចិត្តពីអ្នកបញ្ជាទិញមួយចំនួនដែលសមាគម (GMAC) និងប្រជាជនកម្ពុជាមានការដឹងគុណ ប៉ុន្តែស្ថានភាពចាប់ពីពេលនោះមកកាន់តែអាក្រក់ជាសកល និងជាពិសេសក្នុងប្រទេសកម្ពុជា” ។
GMAC បន្ថែមថា “យើងយល់អំពីការលំបាកដែលអ្នកបញ្ជាទិញកំពុងប្រឈម ប៉ុន្តែយើងពិតជាអំពាវនាវយ៉ាងខ្លាំងទៅអ្នកបញ្ជាទិញទាំងអស់មេត្តាគោរពតាមលក្ខខណ្ឌទូទាត់ប្រាក់សម្រាប់បញ្ជាទិញដែលបានទទួលរួចហើយ និង/ឬ ដែលកំពុងដឹកទៅឱ្យអ្នកបញ្ជាទិញ។ រោងចក្រនៅកម្ពុជាកំពុងរងគ្រោះរួចហើយពីការលុបចោលបញ្ជាទិញជាច្រើន និងការគ្មានបញ្ជាទិញថ្មីៗ ហើយមិនអាចទ្រាំទ្រនឹងការមិនទូទាត់ប្រាក់នោះទេ” ។
GMAC បញ្ជាក់ទៀតថា “ខណៈផលិតផលកំពុងត្រូវបានធ្វើការនាំចេញ រោងចក្ររបស់យើងត្រូវតែទទួលបានការទូទាត់នូវអ្វីដែលត្រូវបានជំពាក់ ហើយការផ្តល់អ្វីតិចជាងនេះ គឺមិនត្រឹមត្រូវនោះទេ។ លក្ខខណ្ឌទូទាត់ប្រាក់អាចពិភាក្សាគ្នាបាន ប៉ុន្តែការមិនទូទាត់គឺមិនអាចទទួលយកបានទេ។ ហេតុដូច្នេះ យើងសូមអំពាវនាវដល់អ្នកបញ្ជាទិញទាំងអស់មេត្តាទូទាត់បំណុលរបស់ខ្លួន” ៕






