ដោយវុត្ថា
ភ្នំពេញ៖ ថ្មីៗនេះ ក្រុមហ៊ុនព្រីនស៍ រៀល អ៉ីស្ទេត (ខេមបូឌា) គ្រុបប្រចាំនៅកម្ពុជា បានបើកកិច្ចប្រជុំបោះឆ្នោតផ្លាស់ប្តូរក្រុមប្រឹក្សាភិបាល អាណត្តិទី ២ ក្នុងគោលដៅ ដើម្បីក្លាយខ្លួនជាសហគ្រាសឈានមុខគេក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។
យោងតាមការផ្សព្វផ្សាយនៅលើទំព័រ Facebook ផ្លូវការរបស់ក្រុមហ៊ុន កាលពីម្សិលមិញនេះ ឱ្យដឹងថា លោក Xu Zhixing ដែលជាអភិបាល និងអគ្គលេខាធិការនៃក្រុមហ៊ុន ព្រីនស៍ ហូល ឌីង គ្រុប ត្រូវបានជ្រើសតាំងជាអភិបាលប្រតិបត្តិនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៉ីស្ទេត (ខេមបូឌា) គ្រុប លោក Kuang Yongfu ត្រូវបានជ្រើសតាំងជាអភិបាលមិនប្រតិបត្តិនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៉ីស្ទេត (ខេមបូឌា) គ្រុប ហើយលោក Long Fei ត្រូវបានជ្រើសតាំងជានាយកប្រតិបត្តិនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៉ីស្ទេត (ខេមបូឌា) គ្រុប ។
-->
ប្រភពដែលបន្តថា ការផ្លាស់ប្តូរក្រុមប្រឹក្សាភិបាលថ្មីក្នុងអាណត្តិទី ២ នេះ គឺជាការផ្លាស់ប្តូររចនាសម្ព័ន្ធគ្រប់គ្រងថ្មី និងភាពរឹងមាំ ទៅក្នុងថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុនព្រីនស៍ រៀល អ៉ីស្ទេត (ខេមបូឌា) គ្រុប ក៏ដូចជាដើម្បីត្រៀមខ្លួនក្នុងការចុះបញ្ជីក្នុងទីផ្សារនាថ្ងៃអនាគតផងដែរ។
លោក Xu Zhixing ឱ្យដឹងថា “ ថ្នាក់ដឹកនាំថ្មីនឹងបន្តធ្វើការរួមគ្នា ដើម្បីដឹកនាំសមាជិកគ្រប់រូបឆ្ពោះទៅមុខ ប្រកបដោយសាមគ្គីភាព ក្នុងគោលបំណងលើកកម្ពស់ភាពខ្លាំងលើគ្រប់វិស័យ អត្ថប្រយោជន៍សេដ្ឋកិច្ច និងកេរ្ត៍ឈ្មោះក្នុងសង្គមរបស់ក្រុមហ៊ុន ដើម្បីឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មីស្រឡាងមួយ។
លោក Kuang Yongfu បានបង្ហាញផងដែរថា “ក្នុងនាមជាសមាជិកមួយរូបនៃក្រុមប្រឹក្សាភិបាលថ្មី យើងនឹងខិតខំជួយក្រុមហ៊ុន ព្រីនស៍ រៀល អ៉ីស្ទេត (ខេមបូឌា) គ្រុប បង្កើតស្តង់ដារថ្មី និងបញ្ចូលនូវបែបបទអាជីវកម្មថ្មី ដែលនឹងនាំមកនូវឱកាសថ្មី ក៏ដូចជាបង្កើតនូវផលិតផលថ្មីៗ ដើម្បីក្លាយខ្លួនជាសហគ្រាសឈានមុខគេក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា”។
លោក Long Fei បានបន្ថែមថា “យើងនឹងបន្តពង្រីកប្រជាប្រិយភាព និងឥទ្ធិពលរបស់ក្រុមហ៊ុនប្រកបដោយប្រសិទ្ធភាព តាមរយៈការច្នៃប្រឌិត ការអភិវឌ្ឍបែបពិពិធកម្ម និងការបង្កើនកម្រិតសេវាកម្ម ដើម្បីជំរុញឲ្យក្រុមហ៊ុនព្រីនស៍ រៀល អ៉ីស្ទេត (ខេមបូឌា) គ្រុប អភិវឌ្ឍទៅមុខប្រកបដោយស្ថិរភាព” ។
ក្រុមហ៊ុន Prince Real Estate (Cambodia) Group Co.,Ltd. ជាក្រុមហ៊ុនជំនួញឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងការវិនិយោគយ៉ាងច្រើន នៅក្នុងវិស័យអចលនទ្រព្យ វិស័យទូរគមនាគមន៍ និងហិរញ្ញវត្ថុ។
ក្រុមហ៊ុន Prince Real Estate (Cambodia) Group Co.,Ltd. បានបង្កើតឡើងនៅក្នុងឆ្នាំ២០១៥ ដោយបានសាងសាងអគារជាច្រើនប្រភេទ ដូចជាសណ្ឋាគារ អគារស្នាក់នៅ ផ្ទះល្វែង ខុនដូ និងអគារពាណិជ្ជកម្មនៅតាមបណ្តាខេត្ត ក្រុងនានារបស់ប្រទេសកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុននេះមានសាខាចំនួន១៣ទីតាំងនៅក្នុងប្រទេសកម្ពុជា។
ក្នុងរយៈពេល១០ឆ្នាំ ក្រុមហ៊ុន Prince Real Estate Cambodia Group គ្រោងនឹងវិនិយោគនូវទឹកប្រាក់ ៦ពាន់លានដុល្លារ លើផ្ទៃដីទំហំជាង ៤០០ហិកតា ដើម្បីអភិវឌ្ឍគម្រោងអគារចម្រុះបណ្តុំនូវអគារលំនៅដ្ឋាន និងអគារពាណិជ្ជកម្មលំដាប់អន្តរជាតិ ស្មើនឹងទំហំអភិវឌ្ឍន៍សរុបជាង៦លានម៉ែត្រការ៉េ នៅក្នុងខេត្តក្រុងសំខាន់ៗ ដូចជា រាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប៕