ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលបង្កើតឡើងដោយរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងគាំទ្រដល់វិស័យសហគ្រាសធុនតូច និងមធ្យម ពាក់ព័ន្ធទៅនឹងកសិកម្ម បានត្រៀមបញ្ចេញកញ្ចប់ឥណទានប្រមាណ១លានដុល្លារ ជាការឆ្លើយតបទៅនឹងសំណើរកម្ចីរបស់សហគ្រាសធុនតូច និងមធ្យមពាក់ព័ន្ធនឹងវិស័យកសិកម្មចំនួន៧ ។
នាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម លោក កៅ ថាច បានលើកឡើងនៅថា គិតត្រឹមដើមខែឧសភា ឆ្នាំ២០២០នេះ ធនាគារ បាន និងកំពុងធ្វើការជាអតិថិជនជាបណ្តើរៗ និងពិនិត្យទៅលើសំណុំឯកសារស្នើសុំរបស់សហគ្រាសធុនតូច និងមធ្យមចំនួន៧ ដែលបានដាក់មកកាន់ធនាគារដើម្បីកម្ចីឥណទានដែលមានតម្លៃសរុបប្រមាណ១លានដុល្លារ។
លោក កៅ ថាច បានមានប្រសាសន៍ថា “រដ្ឋាភិបាលកម្ពុជា កាលពីពេលថ្មីៗនេះ បានបញ្ចេញកញ្ចប់ថវិកាប្រមាណ៥០លានដុល្លារ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដើម្បីផ្ដល់ឥណទានមានការប្រាក់ទាប ដល់វិស័យកសិកម្ម ដូចជាការចិញ្ចឹមសត្វ ចិញ្ចឹមត្រី និងដាំដុះបន្លែជាដើមនៅក្នុងអំឡុងនៃការរាតត្បាត វីរុស Covid-19” ។
លោកបានបញ្ជាក់ទៀតថា “កន្លងមកនេះខាងធនាគារយើងបានធ្វើការជាមួយសមាគមសហគ្រាសធុនតូច និងមធ្យម និងសមាគមសហគ្រិនវ័យក្មេង ដើម្បីពិនិត្យ និងស្វែងរកអ្នកដែលមានបំណងចង់ពង្រឹង និងពង្រីកអាជីវកម្ម ដែលពាក់ព័ន្ធទៅនឹងសិប្បកម្មកែច្នៃផ្នែកកសិកម្មដែលកំពុងត្រូវបានយកចិត្តទុកដាក់ពីសំណាក់រដ្ឋាភិបាលកម្ពុជាលើការផ្តល់កម្ចីក្នុងអត្រាការប្រាក់ទាប។ លោកបានបន្តទៀតថា “យើងមានគោលនយោបាយ និងលក្ខខណ្ឌនៃការផ្តល់ឥណទានរួចរាល់អស់ហើយ។ យើងដឹងថា ការផ្តល់កម្ចីគឺពាក់ព័ន្ធសំខាន់ទៅលើទ្រព្យបញ្ចាំ ដែលសហគ្រិនភាគច្រើនប្រឈមនឹងភាពខ្វះខាត និងបំពេញតាមលក្ខខណ្ឌ ប៉ុន្តែធនាគារក៏មានការរៀបចំ និងបត់បែនបន្ធូរបន្ថយជូនផងដែរ។
នាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម លោក កៅ ថាច បានបញ្ជាក់ប្រាប់ឱ្យដឹងថា រហូតមកដល់ពេលនេះ ថវិការម្រុងរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម កំពុងតែត្រូវបានប្រើប្រាស់ ហើយជាក់ស្ដែងពេលនេះមានសហគ្រាសធុនតូច និងមធ្យមចំនួន៧ បានដាក់ពាក្យស្នើសុំកម្ចីរួចមកហើយ ដែលយើងកំពុងដំណើរការវាយតម្លៃទៅលើលទ្ធភាព ដែលអាចទទួលបានស្របទៅតាមសមត្ថភាពរបស់ពួកគាត់។
តាមរយៈការផ្តល់កម្ចីរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដោយការផ្ដល់កម្ចីការប្រាក់ទាបនេះ បណ្តាសហគ្រាសធុនតូច និងមធ្យម អាចទទួលបាននូវអត្ថប្រយោជន៍យ៉ាងច្រើន ក្នុងការជួយសម្រួលដល់ដំណើរការសង្វាក់ផលិតកម្មរបស់ខ្លួន ជាពិសេស សហគ្រាសដែលពាកើព័ន្ធនឹងផ្នែកកសិកម្មឈានមុខដែលត្រូវបានកំណត់ដោយរដ្ឋាភិបាលកម្ពុជា៕






