ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម ត្រៀម​បញ្ចេញ​កញ្ចប់​ឥណទាន ១លាន​ដុល្លារ ឆ្លើយតប​តាម​ការស្នើ​កម្ចី​ពី​អតិថិជន

ចែករំលែក

ដោយ ៖ រ៉ា​ណេ​ត

ភ្នំពេញ ៖ ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម ដែល​បង្កើតឡើង​ដោយ​រដ្ឋាភិបាល​កម្ពុជា ក្នុង​គោលបំណង​គាំទ្រ​ដល់​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម ពាក់ព័ន្ធ​ទៅនឹង​កសិកម្ម បាន​ត្រៀម​បញ្ចេញ​កញ្ចប់​ឥណទាន​ប្រមាណ១លាន​ដុល្លារ ជាការ​ឆ្លើយតប​ទៅនឹង​សំណើរ​កម្ចី​របស់​សហគ្រាស​ធុន​តូច និង​មធ្យម​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម​ចំនួន៧ ។

នាយក​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម លោក កៅ ថាច បានលើកឡើង​នៅ​ថា គិត​ត្រឹម​ដើមខែ​ឧសភា ឆ្នាំ២០២០នេះ ធនាគារ បាន និង​កំពុងធ្វើការ​ជា​អតិថិជន​ជាបណ្តើរៗ និង​ពិនិត្យ​ទៅលើ​សំណុំ​ឯកសារ​ស្នើសុំ​របស់​សហគ្រាស​ធុន​តូច និង​មធ្យម​ចំនួន៧ ដែល​បានដាក់​មកកាន់​ធនាគារ​ដើម្បី​កម្ចី​ឥណទាន​ដែលមាន​តម្លៃ​សរុប​ប្រមាណ១លាន​ដុល្លារ។

លោក កៅ ថាច បាន​មានប្រសាសន៍ថា “រដ្ឋាភិបាល​កម្ពុជា កាលពីពេលថ្មីៗនេះ បាន​បញ្ចេញ​កញ្ចប់​ថវិកា​ប្រមាណ៥០លាន​ដុល្លារ តាមរយៈ​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម ដើម្បី​ផ្ដល់​ឥណទាន​មានការ​ប្រាក់​ទាប ដល់​វិស័យ​កសិកម្ម ដូច​ជាការ​ចិញ្ចឹមសត្វ ចិញ្ចឹម​ត្រី និង​ដាំ​ដុះ​បន្លែ​ជាដើម​នៅក្នុង​អំឡុង​នៃ​ការ​រាតត្បាត វីរុស Covid-19” ។

លោក​បាន​បញ្ជាក់ទៀតថា “កន្លងមកនេះ​ខាង​ធនាគារ​យើង​បានធ្វើការ​ជាមួយ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម និង​សមាគម​សហគ្រិន​វ័យក្មេង ដើម្បី​ពិនិត្យ និង​ស្វែងរក​អ្នក​ដែលមាន​បំណង​ចង់​ពង្រឹង និង​ពង្រីក​អាជីវកម្ម ដែល​ពាក់ព័ន្ធ​ទៅនឹង​សិប្បកម្ម​កែច្នៃ​ផ្នែក​កសិកម្ម​ដែល​កំពុង​ត្រូវបាន​យកចិត្តទុកដាក់​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា​លើ​ការផ្តល់​កម្ចី​ក្នុង​អត្រា​ការប្រាក់​ទាប។ លោក​បាន​បន្តទៀតថា “យើង​មាន​គោលនយោបាយ និង​លក្ខខណ្ឌ​នៃ​ការផ្តល់​ឥណទាន​រួចរាល់​អស់ហើយ។ យើង​ដឹងថា ការផ្តល់​កម្ចី​គឺពាក់ព័ន្ធ​សំខាន់​ទៅលើ​ទ្រព្យ​បញ្ចាំ ដែល​សហគ្រិន​ភាគច្រើន​ប្រឈម​នឹង​ភាពខ្វះខាត និង​បំពេញ​តាម​លក្ខខណ្ឌ ប៉ុន្តែ​ធនាគារ​ក៏មាន​ការរៀបចំ និង​បត់បែន​បន្ធូរបន្ថយ​ជូន​ផងដែរ។

នាយក​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម លោក កៅ ថាច បានបញ្ជាក់​ប្រាប់ឱ្យដឹង​ថា រហូតមកដល់​ពេលនេះ ថវិការ​ម្រុ​ង​របស់​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម កំពុងតែ​ត្រូវបាន​ប្រើប្រាស់ ហើយ​ជាក់ស្ដែង​ពេលនេះ​មាន​សហគ្រាស​ធុន​តូច និង​មធ្យម​ចំនួន៧ បានដាក់​ពាក្យស្នើសុំ​កម្ចី​រួចមកហើយ ដែល​យើង​កំពុងដំណើរការ​វាយតម្លៃ​ទៅលើ​លទ្ធភាព ដែល​អាច​ទទួលបាន​ស្របទៅតាម​សមត្ថភាព​របស់​ពួកគាត់។

តាមរយៈ​ការផ្តល់​កម្ចី​របស់​ធនា​គារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម ដោយ​ការផ្ដល់​កម្ចី​ការប្រាក់​ទាប​នេះ បណ្តា​សហគ្រាស​ធុន​តូច និង​មធ្យម អាច​ទទួលបាន​នូវ​អត្ថប្រយោជន៍​យ៉ាងច្រើន ក្នុង​ការជួយ​សម្រួល​ដ​ល់​ដំណើរការ​សង្វាក់​ផលិតកម្ម​របស់ខ្លួន ជាពិសេស សហគ្រាស​ដែល​ពា​កើ​ព័ន្ធ​នឹង​ផ្នែក​កសិកម្ម​ឈានមុខ​ដែល​ត្រូវបាន​កំណត់ដោយ​រដ្ឋាភិបាល​កម្ពុជា៕


ចែករំលែក