អ្នកជំនាញ ៖ វិស័យ​ដីធ្លី​ជា​ផ្នែក​មួយ​នៃ​អចលនទ្រព្យ​ដែលមាន​ប្រជាប្រិយ​ខ្ពស់​ក្នុងការ​វិនិយោគ

0

ដោយ ៖ រ៉ា​ណេ​ត

ភ្នំពេញ ៖ នៅពេល​និយាយ​ពី​ទីផ្សារ​អចលនទ្រព្យ ភាគច្រើន​គេ​តែង​បង្ហាញ​ពី​ចំណាប់អារម្មណ៍​ទៅលើ​វិស័យ​ដីធ្លី ដែលជា​ផ្នែក​មួយ​មាន​ភាព​សកម្ម និង​មាន​ប្រជាប្រិយភាព​ខ្ពស់​លើ​ការវិនិយោគ និង​ងាយស្រួល​ក្នុងការ​ទទួលបាន​ភាគ​លាភ។ នេះ​បើតាម​ការអះអាង​របស់​អ្នកជំនាញ​នៅក្នុង​វិស័យ​មួយ​នេះ។

មិន​ថា​នៅ​តំបន់​ជាយក្រុង ឬ​នៅតាម​បណ្តា​ខេត្ត​នោះទេ វិស័យ​ដីធ្លី​បាន​ដើរតួ​យ៉ាងសំខាន់​នៅក្នុង​ទីផ្សារ​អចលនទ្រព្យ​លើ​ការទិញ-លក់ សម្រាប់​អភិវឌ្ឍន៍​បម្រើឱ្យ​វិស័យ​ដទៃទៀត​ដូចជា​លំនៅដ្ឋាន តំបន់​ពាណិជ្ជកម្ម សួន​ឧស្សាហកម្ម ទីតាំង​សិប្បកម្ម ក៏ដូចជា​អភិវឌ្ឍន៍​ទៅជា​តំបន់​កម្សាន្ត​កែច្នៃផ្សេងៗដ៏​ទាក់ទាញ​ផងដែរ។

អគ្គនាយក​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​អន្តរជាតិ Century21 Land Station Real Estate លោក កាង សុធី បាន​មានប្រសាសន៍ថា “បច្ចុប្បន្ន ទីផ្សារ​អចលនទ្រព្យ​ភាគច្រើន​ត្រូវបាន​គេ​ផ្តោតទៅលើ​វិស័យ​ដីធ្លី ដែលមាន​ប្រជាប្រិយភាព​ខ្ពស់ និង​ពេញនិយម​ជាងគេ​លើ​ការវិនិយោគ​បើ​ប្រៀបធៀប​ទៅនឹង​ប្រភេទ​អចលនទ្រព្យផ្សេងៗទៀត ក្រោម​ហេតុផល​ជាក់ស្ដែង​ថា ការដាក់​លក់​ដី​តែងមាន​ការលក់​ចេញ​បាន​លឿន​ជាង​ការ​អចលនទ្រព្យ​ដទៃទៀត ដូចជា​លំនៅដ្ឋាន និង​ឃ្លាំង​ជាដើម។

ការវិនិយោគ​ដី​ដោយ​សេរីភាព​ទើប​ទទួលបាន​ចំណេញ​លឿន
ការវិនិយោគ​ដី​ដោយ​សេរីភាព​ទើប​ទទួលបាន​ចំណេញ​លឿន

លោក​បាន​បញ្ជាក់ថា “ប្រភេទ​អចលនទ្រព្យ​ដែល​ពេញនិយម​ជាងគេ គឺ​ដីធ្លី ព្រោះ​យើង​អាច​យកមក​កែច្នៃ និង​អភិវឌ្ឍន៍​បាន​គ្រប់​ប្រភេទ មាន​ទាំង​ឃ្លាំង ផ្ទះ រោងចក្រ ទីតាំង​សម្រាប់​សិប្បកម្ម  Resort (តំបន់​កម្សាន្ត​កែច្នៃ) រហូត​ត្រូវបាន​គេ​និយាយថា សម្រាប់​លំនៅដ្ឋាន ពួកគាត់​ចង់​ទិញ​ពេលណា​ក៏បាន ប៉ុន្តែ​បើ​ទិញ​ដី​ដែល​ស្ថិតនៅ​តំបន់​ល្អ អាច​កែច្នៃ និង​អភិវឌ្ឍន៍​សម្រាប់​វិស័យផ្សេងៗបាន គឺ​មិន​ងាយ​រក​ទិញ​នោះទេ។ ពោលគឺ​នៅក្នុង​ចំណោម​អ្នករកស៊ី​ផ្នែក​អចលនទ្រព្យ​ចំនួន ១០ នាក់ គឺមាន​អ្នកទិញ​ដី ដើម្បី​ទុក​លក់​បន្ត​យកចំណេញ​មាន​រហូត​ទៅដល់ ៨នាក់​ទៅហើយ ពោល​គឺមាន​ត្រឹមតែ ២ នាក់​ប៉ុណ្ណោះ ដែល​ជ្រើសរើស​ទិញ​ផ្ទះ។ ដូច្នេះ វិស័យ​ដីធ្លី នៅតែមាន​ប្រជាប្រិយភាព និង​មាន​ភាព​ទាក់ទាញ​លើ​ការវិនិយោគ” ។

ស្រដៀង​គ្នា​ទៅនឹង​ការលើកឡើង​ខាងលើនេះ នាយក​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​អន្តរជាតិ KW Sen Sok លោក សំ សុខ​នឿន បាន​មានប្រសាសន៍ថា ការរកស៊ី ទិញ -លក់ ដី គឺមាន​អត្រា​ចំណេញ​ខ្ពស់​បើ​ប្រៀប​ទៅនឹង​ការទិញ​ផ្ទះ ឬ​ខុន​ដូ។ លោក​បាន​បញ្ជាក់ថា “បើ​គេ​ធ្វើការ​ប្រៀបធៀប​ដោយ​ការយក​លុយ១០ម៉ឺន​ដុល្លារ​ទៅ​ទិញ​ផ្ទះ ឬ​ទិញ​ខុន​ដូ សម្រាប់​ជួល ឬ​លក់​បន្ត​យកចំណេញ ជាមួយនឹង​ការយក​លុយ​ទៅ​ទិញ​ដី​ដែលមាន​តម្លៃ១០ម៉ឺន​ដូចគ្នា ភាគច្រើន​គឺ​គេ​រើសយក​ដី ដោយសារតែ​ដី​ងាយស្រួល​លក់​ក្នុង​រយៈពេល​ខ្លី និង​មាន​ទីផ្សារ​ធំ​ទូលាយ” ។

លោក សំ សុខ​នឿន បាន​មានប្រសាសន៍​បន្តទៀតថា “ការទិញ​ផ្ទះ​ទុក​លក់​បន្ត​យកចំណេញ​គឺ​ត្រូវ​ចំណាយ​យូរ​ទើប​អាច​រកបាន​ទីផ្សារ​បន្ត ហើយ​អត្រា​នៃ​ការទទួលបាន​ប្រាក់ចំណេញ​ក៏មាន​កម្រិត​ទាប ប៉ុន្តែ​បើ​ទិញ​ដី​សម្រាប់​វិនិយោគ​បន្ត គឺអាច​ទទួលបាន​អត្រា​ចំណេញ​ភាគរយ​ខ្ពស់ ហើយ​ចំណាយពេល​តិច​ក្នុង​ការរក​ទីផ្សារ ដោយសារ​ដី​នៅតែមាន​តម្រូវការ​ទីផ្សារ​ខ្ពស់​មិន​ថា​ចំពោះ​ពេលបច្ចុប្បន្ន ឬ​បន្តទៅ​ពេលអនាគត​នោះទេ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here