ដោយ ប៊ី
ភ្នំពេញ៖ ក្រុមហ៊ុន NagaCorp កំពុងបង្ហាញពិភពលោកនូវទិដ្ឋភាពថ្មីនៃការពង្រីកទំហំដ៏ធំនៃអចលនទ្រព្យរបស់ខ្លួននៅកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ Calvinayre កាលពីម្សិលមិញនេះ។
នៅសប្តាហ៍នេះ ក្រុមហ៊ុនស្ថាបត្យកម្ម Skidmore, Owings & Merrill ឬ SOM ដែលមានមូលដ្ឋាននៅទីក្រុងឈីកាហ្គោ សហរដ្ឋអាមេរិក បានបង្ហាញរូបភាពថ្មីរបស់គម្រោងសាងសង់ Naga 3 ដែលក្រុមហ៊ុនប្រតិបត្តិករកាស៊ីណូ NagaCorp គម្រោងនឹងវិនិយោកទឹកប្រាក់ ៣,៥ពាន់លានដុល្លារ នៅរាជធានីភ្នំពេញ។ ផែនការ ដែលត្រូវបានប្រកាសជាលើកដំបូងកាលពីមួយឆ្នាំមុន គិតត្រឹមកាលពីខែមុន បានទទួលការកែសសម្រួលយ៉ាងសំខាន់ ដែលរួមមានការកាត់បន្ថយពីសណ្ឋាគារចំនួន ៥ អគារ មកត្រឹម ៣វិញ។
ទោះយ៉ាងណា ក្រុមហ៊ុន SOM បានសង្កត់ធ្ងន់ថា អគារមួយក្នុងចំណោមអគារទាំង ៣ នឹងជានិមិត្តសញ្ញាដ៏សំខាន់ និងខ្ពស់បំផុតនៅក្នុងទីក្រុង។ ជាលទ្ធផល គម្រោងសាងសង់ Naga 3 នឹងក្លាយជាកន្លែងសំខាន់បំផុតសម្រាប់ទីក្រុងនាពេលអនាគត ជាពិសេសនៅពេលណាហ្គាខបបានពង្រីកសិទ្ធិផ្តាច់មុខកាស៊ីណូនៅភ្នំពេញរហូតដល់ឆ្នាំ ២០៤៦ ។
បច្ចុប្បន្ន NagaWorld ត្រូវបានបិទរួមជាមួយអាជីវកម្មនៅរាជធានីភ្នំពេញជាច្រើនទៀតតាមបញ្ជារបស់រដ្ឋាភិបាល ដើម្បីកាត់បន្ថយការឆ្លងជំងឺ COVID-19 ៕






