ដោយ ៖ វុត្ថា
ភ្នំពេញ៖ ទ្រព្យសម្បត្តិដោយឡែក គឺជាទ្រព្យសម្បត្តិដែលស្ថិតនៅក្រោមកម្មសិទ្ធិរបស់សហព័ទ្ធ (ប្តី ឬ ប្រពន្ធ)ណាម្នាក់ ដូចខាងក្រោម៖
ក. ទ្រព្យសម្បត្តិដែលប្តី ឬប្រពន្ធមាននៅមុនពេលរៀបអាពាហ៍ពិពាហ៍ ។
មានន័យថាភាគីប្តី ឬប្រពន្ធមានទ្រព្យនោះ នៅមុនពេលរៀបអាពាហ៍ពិពាហ៍ ទោះបីក្រោយរៀប អាពាហ៍ពិពាហ៍ក៏ដោយ ក៏គេចាត់ទុកថា ទ្រព្យនោះ ជាទ្រព្យដោយឡែករបស់ប្តី ឬប្រពន្ធនោះដដែល។
ឧទាហរណ៍៖ ប្តីមានផ្ទះមួយល្វែងមុនពេលរៀបអាពាហ៍ពិពាហ៍ ទោះក្រោយរៀបអាពាហ៍ពិពាហ៍ ក៏ផ្ទះនោះ នៅតែជាទ្រព្យរបស់ប្តីដដែល គឺមិនអាចរាប់ជាទ្រព្យរួមនោះទេ។
ខ. ទ្រព្យសម្បត្តិដែលប្តី ឬប្រពន្ធទទួលបានដោយប្រទានកម្ម សន្តតិកម្ម ឬអច្ច័យទាន នៅក្នុងអំឡុងពេលអាពាហ៍ពិពាហ៍ ។
ក្នុងករណីប្រសិនបើម្ចាស់អំណោយទ្រព្យអោយទៅប្តី ឬប្រពន្ធនោះមានន័យថា អំណោយនោះនឹងក្លាយទៅជាទ្រព្យដោយឡែករបស់ប្តី ឬប្រពន្ធនោះ។ លើកលែងតែម្ចាស់អំណោយបានបញ្ជាក់ថាឱ្យទាំងប្តី និងប្រពន្ធ ទើបទ្រព្យនោះក្លាយទៅជាទ្រព្យរួមរបស់ប្តី និប្រពន្ធ ។
ឧទាហរណ៍៖ ឪពុករបស់លោក “ក” បានប្រគល់ផ្ទះមួយល្វែងឱ្យគាត់នៅក្នុងពេលចំណងអាពាហ៍ពិពាហ៍។ នោះ គេចាត់ទុកថាផ្ទះនោះជាទ្រព្យដោយឡែករបស់លោក “ក” ទោះបីជាទ្រព្យនោះបានមកក្នុងអំឡុងពេលអាពាហ៍ពិពាហ៍ក៏ដោយ។
គ. ទ្រព្យសម្បត្តិជាតម្លៃតបទាក់ទងនឹងការចាត់ចែងទ្រព្យដោយឡែក គេចាត់ទុកថាជាទ្រព្យដោយឡែក។
ឧទាហរណ៍៖ ប្តីមានផ្ទះមួយខ្នងដែលជាទ្រព្យដោយឡែករបស់ខ្លួន ក្រោយមកនៅក្នុងអំឡុងពេលអាពាហ៍ពិពាហ៍ ប្តីបានលក់ផ្ទះនោះក្នុងតម្លៃ៥ម៉ឺនដុល្លារ ដូច្នេះប្រាក់ដែលបានមក ពីការលក់ផ្ទះនោះ ក៏គេចាត់ទុកថាជាទ្រព្យរបស់ប្តីដដែល ទោះបីជាប្តីលក់នៅក្នុងអំឡុងពេលជីវិតអាពាហ៍ពិពាហ៍ក៏ដោយ។ ម្យ៉ាងវិញទៀតប្រសិនបើប្តីយកលុយនោះទៅទិញដីហើយ លក់ទៅវិញបានប្រាក់ចំណេញបន្ថែមទៀតក៏ដោយ ក៏វានៅតែជាទ្រព្យដោយឡែករបស់ប្តីព្រោះផលចំណេញនោះកើតចេញពីតម្លៃតបនៃវត្ថុដែលជាទ្រព្យដោយឡែករបស់ប្តី ៕