គម្រោងសំណង់ធំៗនៅតាមផ្លូវជាតិលេខ១កំពុងសម្រុកសាងសង់ដើម្បីបញ្ចប់តាមផែនការ

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ដំណើរការនៃការសាងសង់សំណង់ធំៗជាច្រើនដែលមានតម្លៃសរុបរាប់រយលានដុល្លារ កំពុងតែបន្តសកម្មភាពយ៉ាងមមាញឹកដើម្បីឈានទៅបញ្ចប់តាមផែនការ និងឆ្លើយបតទៅនឹងតម្រូវការទីផ្សារ។

តម្រូវការទីផ្សារអចលនទ្រព្យនៅតែមាន ជាពិសេសតម្រូវការលំនៅដ្ឋានជាក់ស្ដែងសម្រាប់ស្នាក់នៅដែលមានតម្លៃចន្លោះជាង១០ម៉ឺនដុល្លារ ឬក្រោម១០ម៉ឺនដុល្លារ។ នេះបើតាមការឱ្យដឹងតាមរយៈទូរស័ព្ទពីសំណាក់លោកស្រី តាំង ហួរ នាយិកាក្រុមហ៊ុនអចលនទ្រព្យ AMATAK Property Service កាលពីព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០។

លោកស្រីបានបញ្ជាក់ថា “បច្ចុប្បន្ន តំបន់ផ្លូវជាតិលេខ១ រាប់ចាប់គិតពីចំណុចគល់ស្ពានព្រះមុនីវង្ស (ស្ពានច្បារអំពៅ) រហូតដល់តំបន់ផ្សារព្រែកឯងស្ទើរតែមិនមែនជាតំបន់ជាយក្រុងទៀតនោះទេ ហើយក៏បានក្លាយជាផ្លូវក្រវ៉ាត់ក្រុងយ៉ាងសំខាន់ដែលមានកំណើនប្រជាជនកម្រិតមធ្យមរស់នៅច្រើន និងជម្រុញឱ្យចរន្តសេដ្ឋកិច្ចនៅក្នុងតំបន់កាន់តែល្អប្រសើរជាងមុន”។ លោកស្រីបានមានប្រសាសន៍បន្តទៀតថា “គម្រោងសំណង់ធំៗនៅតំបន់នេះភាគច្រើនជាប្រភេទគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានដែលមានតម្លៃមធ្យម និងកំពុងមានតម្រូវការទីផ្សារខ្ពស់នៅពេលបច្ចុប្បន្ន និងបន្តទៅថ្ងៃអនាគត”។

អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Kraty Realty Co,. Ltd លោក ចក់ ស៊ីណាត បានមានប្រសាសន៍ថា ភាគច្រើនគម្រោងដែលកំពុងមានសកម្មភាពសាងសង់នៅពេលនេះ គឺជាគម្រោងចាស់ដែលបន្សល់មកកាលពីឆ្នាំកន្លងទៅ ហើយសម្រុកសកម្មភាពរបស់ខ្លួនដើម្បីបញ្ចប់ទៅតាមផែនការដែលម្ចាស់គម្រោងបានគ្រោងទុក។

លោកបានមានប្រសាសន៍បញ្ជាក់ថា “ទោះជាស្ថិតនៅក្នុងការគំរាមកំហែងពីវិបត្តិនៃជំងឺ Covid-19 ក៏ដោយ ប៉ុន្តែសម្រាប់គម្រោងចាស់ដែលបានចាប់ដំណើរការតាំងពីឆ្នាំមុន ពួកគេនៅតែបន្តសកម្មភាពអភិវឌ្ឍន៍ដដែល ហើយក៏មានតម្រូវការទីផ្សាររួចជាស្រេច។ ផ្ទុយទៅវិញ សម្រាប់តែគម្រោងថ្មីដែលទើបតែចាប់ផ្តើមត្រឹមដើមឆ្នាំ២០២០ គឺអាចផ្អាកការអនុវត្តគម្រោងដោយសារតែវិបត្តិមួយនេះ”។

លោក ចក់ ស៊ីណាត បានមានប្រសាសន៍បន្តទៀតថា “នៅពេលដែលមានគម្រោងអភិវឌ្ឍន៍សំណង់ធំៗកើតមានជាបន្តបន្ទាប់ គម្រោងតូចៗក៏នឹងចាប់ផ្តើមបង្ហាញខ្លួនផងដែរ ហើយវានឹងជម្រុញឱ្យចរន្តទិញ-លក់ ដីធ្លីនៅក្នុងតំបន់ ក៏ដូចជាតំបន់ជិតខាងចាប់ផ្តើមមានដង្ហើម ហើយតម្លៃក៏មានកំណើនផងដែរ ប៉ុន្តែកំណើនទាប ឬខ្ពស់ ក៏អាស្រ័យទៅតាមទីតាំង ស្ថានភាពដី និងទំហំដីផងដែរ”។

គម្រោងសំណង់ធំៗដែលគេឃើញកំពុងមានសកម្មភាពយ៉ាងមមាញឹកនៅពេលបច្ចុប្បន្ននេះ បន្ទាប់ពីគម្រោងដែលមានទុនរាប់រយលានដុល្លាររបស់បុរីប៉េងហួត និងគម្រោងខុនដូក្រោមការវិនិយោគដោយក្រុមហ៊ុនចិន គឺមានគម្រោងបុរី The Palm , គម្រោងបុរី KS Residence គម្រោងបុរី កៀនស្វាយ ផាក , គម្រោងបណ្តុំលំនៅដ្ឋាន កៀនស្វាយផ្លាហ្សា រួមជាមួយនឹងគម្រោងបណ្តុំលំនៅដ្ឋានដែលមានលក្ខណៈជាបុរីជាច្រើនគម្រោងផ្សេងទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here