ដោយ ហ្សូលី
ភ្នំពេញ៖ បច្ចុប្បន្នលំនៅដ្ឋានរស់នៅប្រចាំថ្ងៃ មិនថាក្នុងបុរី ឬនៅតាមតំបន់នានានោះទេ សុទ្ធសឹងតែជាតម្រូវការចាំបាច់សម្រាប់អ្នកចង់ជាវអចលនវត្ថុ។ ជាក់ស្តែង មានមូលហេតុជាច្រើនដែលបណ្តាលឱ្យផ្នែកលំនៅដ្ឋានទាក់ទាញជាងអចលនវត្ថុផ្សេងៗ ដូច្នេះអ្នកជំនាញអចលនវទ្រព្យបានពន្យល់និងរៀបរាប់ពីហេតុផលដែលលំនៅដ្ឋាននៅតែមានតម្រូវការច្រើន។
-->
លោកស្រី តាំង ហ៊ួរ អ្នកជំនាញអចលនទ្រព្យនិងជានាយិកាក្រុមហ៊ុនអចលនទ្រព្យ Amaktak Property Service បានមានប្រសាសន៍ប្រាប់គេហទំព័រ Property Area Asia ថា មូលហេតុដែលលំនៅដ្ឋាននៅតែមានតម្រូវការនោះដោយសារលំនៅដ្ឋានមួយចំនួនមានការលក់ប្រញាប់ដូច្នេះហើយអាចមានឱកាសមានតម្លៃសមរម្យច្រើន ឬអាចក្រោមជាងទីផ្សារក៏មាន។
លោកស្រីបន្តថា មួយវិញទៀត វិស័យលំនៅដ្ឋានបច្ចុប្បន្នមានជាប្រភេទលំនៅដ្ឋានសម្រាប់ប្រកបអាជីវកម្មផងដែរ ដែលអនុញ្ញាតឱ្យអ្នកជាវអាចប្រកបអាជីវកម្មបាន ឬបង្កើតមុខរបរបានទៀតផងដោយអាស្រ័យទៅតាមតំបន់ដែរ។
ចំណុចខ្លាំងរបស់លំនៅដ្ឋានមួយទៀតនោះ គឺលក្ខខណ្ឌបង់ប្រាក់ ព្រោះម្ចាស់លំនៅដ្ឋាន ឬម្ចាស់គម្រោងអភិវឌ្ឍលំនៅដ្ឋានមួួយចំនួនផ្តល់ជូនលក្ខខណ្ឌបង់ប្រាក់ងាយស្រួលដូចជា ការបង់រំលស់ សម្រួលរយៈពេលបង់ឱ្យមានរយៈពេលវែង និងមានការយោគយល់ដល់អតិថិជនដោយបត់បែនទៅតាមស្ថានភាពអតិថិជនទៀតផង។
ទន្ទឹមនេះ នាយកគ្រប់គ្រងក្រុមហ៊ុន Daily Realty លោក ហៃ រ៉ាវី ធ្លាប់បានមានប្រសាសន៍ដែរថា ភាគច្រើនលំនៅដ្ឋានគឺមានតម្រូវការច្រើនជាងគេ ដោយសារតែអ្នកជាវត្រូវការសម្រាប់យកមកប្រកបអាជីវកម្មផ្សេងៗ ឬក៏ចង់ទិញទុកយកផលចំណេញនៅពេលក្រោយមានភាពងាយស្រួលលក់។ ម្យ៉ាងវិញទៀត ដោយសារតែអតិថិជនមានបំណងចង់ជាវទុកសម្រាប់ឱ្យកូនក្រែងលោត្រូវឡើងពីខេត្តមកសិក្សានៅទីក្រុង ឬក៏គូស្នេហ៍មួយចំនួនដែលទើបរៀបការដូច្នេះតម្រូវការមានផ្ទះរស់នៅគឺនៅតែមាន។

លោកបានសង្កត់ធ្ងន់ថា លំនៅដ្ឋានក្នុងបុរីគឺកំពុងទាក់ទាញខ្លាំង ដោយសារតែអ្នកជាវអចលនវត្ថុគិតថាគម្រោងលំនៅដ្ឋានបុរី មានគម្រោងច្បាស់លាស់។ មិនតែប៉ុណ្ណោះ ការរចនាមានភាពស្រស់ស្អាត មិនថាផ្នែកខាងក្រៅ និងការឌីសាញខាងក្នុង ជាពិសេសមានសួនលំហែកាយជាដើម។
បន្ថែមពីនេះ លោក ម៉ម សិរីបញ្ញា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Easy Property បានលើកឡើងពីមូលហេតុថា ភាគច្រើនគម្រោងលំនៅដ្ឋានច្រើនតែសាងសង់នៅក្បែរតំបន់ទីប្រជុំជន និងជាទីតាំងល្អ ក្នុងការរកស៊ី និងរស់នៅ។ ចំណុចខ្លាំងនោះមានផ្សារនៅក្បែរ ដែលបង្ករឱ្យពលរដ្ឋងាយស្រួលបង្កើតជំនួញ និងធ្វើឱ្យការរស់នៅមានភាពទាន់សម័យនិងងាយស្រួល។ ហេតុផលទាំងអស់នេះហើយ ដែលបណ្តាលឱ្យវិស័យលំនៅដ្ឋានហាក់បីដូចជាមានតម្រូវការច្រើនជាងគេ៕