ដោយ ប៊ី
ភ្នំពេញៈ ការវិនិយោគឯកជន និងសំណង់ អាចប្រែប្រួលស្ថានការណ៍ឲ្យត្រឡប់មកល្អប្រសើរឡើងវិញ ខណៈស្ថានភាពសេដ្ឋកិច្ចសាកល កំពុងស្ថិតក្នុងស្ថានភាពធ្លាក់ចុះនិងមិនច្បាស់លាស់។ នេះបើយោងតាមការសេចក្តីថ្លែងការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញផ្សាយកាលពីពេលថ្មីៗនេះ។

-->
អគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញពីព្រឹត្តិបត្រសិ្ថតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីពេលថ្មីៗនេះ ខណៈដែលសេដ្ឋកិច្ចសកលឆ្នាំ២០២០ត្រូវបានរំពឹងទុកថា នឹងធ្លាក់ចុះក្នុងអត្រាអវិជ្ជមានប្រមាណ៣ភាគរយ លើស្ថានភាពដែលកំពុងប្រឈម នៃការរីករាលដាលជំងឺកូវីដ១៩ ។
បើគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២០ នេះ ស្ថានភាពនៃការប៉ះទង្គិចមានការវិវត្តផ្សេងៗគ្នា។
សេចក្តីថ្លែងការណ៍របស់ អគ្គនាយកដ្ឋានគោលនយោបាយបានឱ្យដឹងថា វិស័យអចលនទ្រព្យ ទោះបីមានការអនុញ្ញាតលើសំណើរសុំវិនិយោគ និងសាងសង់យ៉ាងណាក្តី ក៏ការវិនិយោគឯកជន និងផ្នែកសំណង់ អាចប្រែប្រួលស្ថានការណ៍ឲ្យត្រឡប់មកល្អប្រសើរឡើងវិញ” ។
សេចក្តីថ្លែងការខាងលើបានបន្តថា តាមការប្រមើលមើល ពីកំលាំងសេដ្ឋកិច្ចសាកលក្នុងពេលអនាគត កំពុងស្ថិតក្នុងស្ថានភាពធ្លាក់ចុះ និងមិនច្បាស់លាស់។
លោក អ៉ិន ណាង អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Show Up Real Estate ដែលកំពុងមានគម្រោងជាច្រើននៅក្នុងដៃបានមានប្រសាសន៍ថា “ក្នុងរយៈពេលជាងកន្លះខែចុងក្រោយនេះ ជាពិសេសក្រោយភាពស្ងប់ស្ងាត់នៃការាលដាលជំងឺ Covid-19 នៅកម្ពុជា ទីផ្សារអចលនទ្រព្យបានចាប់ផ្តើមកម្រើកឡើងវិញបន្តិច ជាក់ស្ដែងដូចជាគម្រោងដែលក្រុមហ៊ុនរបស់លោក មានសកម្មភាពលក់ចេញជាបន្តបន្ទាប់ ទាំងគម្រោងលំនៅដ្ឋាន ក៏ដូចជាគម្រោងផ្នែកដីឡូតិ៍ផងដែរ។
លោកបានបន្តទៀតថា “អចលនទ្រព្យពេលនេះ បានផ្តល់ផលចំណេញដល់អតិថិជន ជាពិសេសវិស័យលំនៅដ្ឋាន ដោយសារតែមានការអនុគ្រោះពន្ធប្រថាប់ត្រា ពីរដ្ឋាភិបាល (តម្លៃក្រោម៧ម៉ឺនដុល្លារ) ដែលជាការចូលរួមលើកទឹកចិត្ត ដល់ក្រុមហ៊ុនអភិវឌ្ឍន៍ និងជំរុញការលក់” ។ លោកបន្តថា “អតិថិជនថែមទាំងទទួលបាន នូវការផ្តល់ជូន លក្ខខណ្ឌងាយស្រួលពីក្រុមហ៊ុនអភិវឌ្ឍន៍ ក៏ដូចជាក្រុមហ៊ុនទទួលលក់ផងដែរ ពិសេសតម្លៃក៏មានការបន្ទាបចុះ” ។
លោកបញ្ជាក់ថា អ៉ិន ណាង បានអះអាងថា ប្រសិនបើកម្ពុជានៅតែអាចរក្សាបាននូវស្ថានភាពល្អប្រសើរ លើការទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 បាន ទីផ្សារអចលនទ្រព្យនឹងចាប់ផ្តើមមានចរន្តឡើងវិញ ក្នុងរយៈពេលយ៉ាងខ្លីខាងមុខ” ។

យោងតាមទិន្នន័យពីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់បានឱ្យដឹងថា វិស័យសំណង់របស់កម្ពុជា បានទាក់ទាញទុនវិនិយោគជាង២,៥០០លានដុល្លារ ជាមួយគំរោងដែលបានអនុម័តចំនួន១០០០គម្រោង ក្នុងត្រីមាសទី១នៃឆ្នាំនេះ។
ក្រសួងបានឱ្យដឹងថា ទុនវិនិយោគពីវិស័យសំណង់នៅក្នុងត្រីមាស១នេះ បានកើនឡើង៥១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន បើទោះបីជាកម្ពុជាកំពុងជួបនឹងវិបត្តិCOVID-19 ៕