ក្រុមហ៊ុន​យក្ស​ចិន Huawei បង្ហាញ​ចំណាប់អារម្មណ៍​ចង់​វិនិយោគ​លើ​គម្រោងជាច្រើន​នៅ​កម្ពុជា

ចែករំលែក

ដោយ​គង់ សូរិយា

ភ្នំពេញៈ ក្រុមហ៊ុន​លំដាប់​យក្ស​របស់​ប្រទេស​ចិន Huawei បានបង្ហាញ​ចំណាប់់អារម្មណ៍​ចង់​វិនិយោគ​នៅក្នុង​ផ្នែក​ជាច្រើន​នៅ​ប្រទេស​កម្ពុជា។ នេះ​បើតាម​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​នេះ​បង្ហើប​ឲ្យ​ដឹង។

ក្នុងជំនួប​ជាមួយ​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន Huawei Technology (Cambodia) Co., Ltd. លោក YAO Yuya នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ប្រចាំ​កម្ពុជា កាលពី​រសៀល​ថ្ងៃទី១២ ឧសភា​កន្លងមក លោក​YAO YuYa បាន​សម្តែង​នូវ​ចំណាប់អារម្មណ៍​ចង់​វិនិយោគ​លើ​គម្រោង​ជា ច្រើន​នៅ​កម្ពុជា ទាក់ទង នឹង​ការប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មានវិទ្យា តាម​អន​ឡាញ ដើម្បី​ផ្តល់​សេវាសាធារណៈ តាមរយៈ​បទ​បង្ហាញ​របស់ខ្លួន ដែល​លើកឡើង​អំពី​សមិទ្ធផល សម្រេចបានសំខាន់ៗរបស់​ក្រុមហ៊ុន ដែល​បានធ្វើ​ប្រតិបត្តិការ​នៅ​ប្រទេស​ចិន។

លោក​ទេសរដ្ឋមន្ត្រី បាន​ណែនាំ​ឱ្យ​លោក ​YAO Yuya ចូលរួម​សហការ​ជាមួយ​នាយកដ្ឋាន​ព័ត៌មាន វិទ្យា និង​ទំនាក់ទំនង​សាធារណៈ​របស់​ក្រសួង ដើម្បី​ស្វែងយល់​វិស័យសំខាន់ៗដែល​ក្រុមហ៊ុន ​HUAWEI អាច​ផ្តល់​ការគាំទ្រ​ឯកទេស​បាន។

ជាមួយគ្នានេះ​ទេសរដ្ឋមន្ត្រី​ស៊ុន ចាន់ថុល​បាន​គូសបញ្ជាក់​អំពី​អត្ថប្រយោជន៍​នៃ​ការដាក់ឱ្យ​ប្រើប្រាស់​កម្មវិធី​ថែទាំ​ផ្លូវ (ROAD CARE Mobile App) ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​កើតឡើង​ដោយសារ​ជង្ហុក​សំបុកមាន់ និង​ផ្លូវ​ខូច ព្រមទាំង​ជួយ​ឱ្យ​ប្រជាពលរដ្ឋ ធ្វើដំណើរ​លើ​ប្រព័ន្ធ​បណ្តាញ​ផ្លូវ ប្រកបដោយ​សុវត្ថិភាព ការប្រើប្រាស់​ជញ្ជីង​ថ្លឹង​រថយន្ត ដោយ​ស្វ័យប្រវត្តិ​បង្កប់​នៅក្នុង​ដី (Weighs in motion) និង​កាំ​មេ​រ៉ា​ចាប់​ល្បឿន រថយន្ត​សំដៅ​ធានា​កុំ​ឱ្យមាន​រថយន្ត​ដឹកទំនិញ​លើស​កម្រិត​កំណត់។

លោក​ទេសរដ្ឋមន្ត្រី​បាន​ជម្រាបជូន​ភ្ញៀវ អំពី​ការប្រើប្រាស់​ប្រព័ន្ធ​ព័ត៌មាន វិទ្យា​នៃ​បដិវត្ត​ឧស្សាហកម្ម​ជំនាន់៤.០ ដើម្បី​ផ្តល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​កម្ពុជា ប្រកបដោយ ប្រសិទ្ធភាព តម្លាភាព ដែល​ក្នុងនោះ​រួមមាន៖ ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ការចុះបញ្ជី​យានយន្ត ការត្រួតពិនិត្យ លក្ខណៈ​បច្ចេកទេស​យានយន្ត កម្មវិធី​ថែទាំ​ផ្លូវ​ ROAD CARE Mobile App ជាដើម។

លោក​ស៊ុន ចាន់់ថុល​ក៏បាន​ជម្រាបជូន​ភ្ញៀវ អំពី​គម្រោង​ប្រើប្រាស់​Block Chainរបស់​ក្រសួង ដើម្បី​កាត់បន្ថយ​នីតិវិធី​ស្មុគស្មាញ ក្នុងការ​បំពេញការងា​រ និង​ក្លាយជា​ក្រសួង​ឈានមុខ​គេ​ក្នុងការ ប្រើប្រាស់​ក្រដាស​ស្នាម​តិច​តូច(Paperless) ដើម្បី​ព​ន្លឿ​ន​លំហូរ​ការងារ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់៕


ចែករំលែក