ដោយគង់ សូរិយា
ភ្នំពេញៈ ក្រុមហ៊ុនលំដាប់យក្សរបស់ប្រទេសចិន Huawei បានបង្ហាញចំណាប់់អារម្មណ៍ចង់វិនិយោគនៅក្នុងផ្នែកជាច្រើននៅប្រទេសកម្ពុជា។ នេះបើតាមនាយកប្រតិបត្តិក្រុមហ៊ុននេះបង្ហើបឲ្យដឹង។

ក្នុងជំនួបជាមួយទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន Huawei Technology (Cambodia) Co., Ltd. លោក YAO Yuya នាយកប្រតិបត្តិក្រុមហ៊ុនប្រចាំកម្ពុជា កាលពីរសៀលថ្ងៃទី១២ ឧសភាកន្លងមក លោកYAO YuYa បានសម្តែងនូវចំណាប់អារម្មណ៍ចង់វិនិយោគលើគម្រោងជា ច្រើននៅកម្ពុជា ទាក់ទង នឹងការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា តាមអនឡាញ ដើម្បីផ្តល់សេវាសាធារណៈ តាមរយៈបទបង្ហាញរបស់ខ្លួន ដែលលើកឡើងអំពីសមិទ្ធផល សម្រេចបានសំខាន់ៗរបស់ក្រុមហ៊ុន ដែលបានធ្វើប្រតិបត្តិការនៅប្រទេសចិន។

លោកទេសរដ្ឋមន្ត្រី បានណែនាំឱ្យលោក YAO Yuya ចូលរួមសហការជាមួយនាយកដ្ឋានព័ត៌មាន វិទ្យា និងទំនាក់ទំនងសាធារណៈរបស់ក្រសួង ដើម្បីស្វែងយល់វិស័យសំខាន់ៗដែលក្រុមហ៊ុន HUAWEI អាចផ្តល់ការគាំទ្រឯកទេសបាន។
ជាមួយគ្នានេះទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុលបានគូសបញ្ជាក់អំពីអត្ថប្រយោជន៍នៃការដាក់ឱ្យប្រើប្រាស់កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងដោយសារជង្ហុកសំបុកមាន់ និងផ្លូវខូច ព្រមទាំងជួយឱ្យប្រជាពលរដ្ឋ ធ្វើដំណើរលើប្រព័ន្ធបណ្តាញផ្លូវ ប្រកបដោយសុវត្ថិភាព ការប្រើប្រាស់ជញ្ជីងថ្លឹងរថយន្ត ដោយស្វ័យប្រវត្តិបង្កប់នៅក្នុងដី (Weighs in motion) និងកាំមេរ៉ាចាប់ល្បឿន រថយន្តសំដៅធានាកុំឱ្យមានរថយន្តដឹកទំនិញលើសកម្រិតកំណត់។
លោកទេសរដ្ឋមន្ត្រីបានជម្រាបជូនភ្ញៀវ អំពីការប្រើប្រាស់ប្រព័ន្ធព័ត៌មាន វិទ្យានៃបដិវត្តឧស្សាហកម្មជំនាន់៤.០ ដើម្បីផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋកម្ពុជា ប្រកបដោយ ប្រសិទ្ធភាព តម្លាភាព ដែលក្នុងនោះរួមមាន៖ ប្រព័ន្ធស្វ័យប្រវត្តិកម្មការចុះបញ្ជីយានយន្ត ការត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានយន្ត កម្មវិធីថែទាំផ្លូវ ROAD CARE Mobile App ជាដើម។
លោកស៊ុន ចាន់់ថុលក៏បានជម្រាបជូនភ្ញៀវ អំពីគម្រោងប្រើប្រាស់Block Chainរបស់ក្រសួង ដើម្បីកាត់បន្ថយនីតិវិធីស្មុគស្មាញ ក្នុងការបំពេញការងារ និងក្លាយជាក្រសួងឈានមុខគេក្នុងការ ប្រើប្រាស់ក្រដាសស្នាមតិចតូច(Paperless) ដើម្បីពន្លឿនលំហូរការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕






