ដោយៈ រ៉ាណេត
ភ្នំពេញៈ តំបន់ជាយក្រុង ត្រើយខាងកើតនៅតាមផ្លូវជាតិលេខ៦A រាប់ចាប់ពីគល់ស្ពានជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រហូតដល់ចំណុចស្ពានព្រែកតាម៉ាក់ នៅតែមានភាពទាក់ទាញ និងផ្តល់ឱកាសចំណេញសម្រាប់អ្នកវិនិយោគ ជាពិសេសការអភិវឌ្ឍលើវិស័យលំនៅដ្ឋាន។

-->
អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យ លោកស្រី តាំង ហួរ នាយិកាក្រុមហ៊ុនអចលនទ្រព្យ AMATAK Property Service បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ថា ស្ទើរតែគ្រប់តំបន់ជាយក្រុងទាំងអស់ សុទ្ធតែមានសក្ដានុពល និងការអភិវឌ្ឍជាមួយនឹងគម្រោងធំៗជាច្រើន។
លោកស្រីបញ្ជាក់ថា “នៅត្រើយខាងកើត ជាពិសេសតំបន់ជ្រោយចង្វារ បានប្រែក្លាយពីតំបន់លំនៅដ្ឋានតូចៗ ទៅជាអគារពាណិជ្ជកម្ម សំណង់ខុនដូ អាផាតមិនជាច្រើនគម្រោងរួចទៅហើយ។ លោកស្រីបន្ថែមថា “បើគិតចាប់ពីព្រែកលៀប រហូតដល់តំបន់ព្រែកអញ្ចាញ នៅជាប់ផ្លូវជាតិលេខ៦ បានក្លាយជាតំបន់អភិវឌ្ឍន៍លំនៅដ្ឋានដ៏ទាក់ទាញដែលមានបុរីមិនតិចជាង១០នោះទេ ដូចជា បុរីអ័រគីដេ បុរីប៉េងហួត បុរី The Flora និងបុរីជាច្រើនទៀតកំពុងសាងសង់” ។
ជាមួយនឹងភាពរីកចម្រើននេះ លោកស្រី តាំង ហួរ បានមានប្រសាសន៍បន្តទៀតថា “នៅតំបន់ខាងកើត គឺផ្តល់ភាពល្អប្រសើរដល់ការរស់នៅ ដែលក្រៅពីមានភាពអំណោយផលខ្យល់ទន្លេ ទីតាំងភូមិសាស្ត្រមានភាពងាយស្រួលចេញ ចូលក្រុង ដែលតភ្ជាប់ដោយស្ពានឆ្លងទន្លេជាច្រើន ថែមទាំងមានសុវត្ថិភាព គ្មានការរំខាន់ពីការដឹកជញ្ជូនដោយរថយន្តធំៗដូចផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៥នោះទេ។ ភាពល្អប្រសើរទាំងអស់នេះហើយ ដែលធ្វើឱ្យតំបន់នេះមានភាពទាក់ទាញ និងប្រជាប្រិយភាពក្នុងការវិនិយោគ” ។
លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal (KFA) ធ្លាប់បានមានប្រសាសន៍ថា មិនថាពេលនេះ ឬថ្ងៃអនាគតនោះទេ តំបន់ជ្រោយចង្វារនៅតែមានភាពទាក់ទាញ និងមានសក្ដានុពលសម្រាប់ការវិនិយោគ។
លោកឧកញ៉ាបានបន្តថា “ភាពទាក់ទាញទាំងអស់នោះ ក៏ព្រោះតែនៅតំបន់នេះមានគម្រោងអភិវឌ្ឍធំៗជាច្រើន ដូចជា ទីក្រុងរណប និងមជ្ឈមណ្ឌលពិព័រណ៍ខ្នាតអន្តរជាតិរបស់ក្រុមហ៊ុន OCIC និងទីក្រុងរណប និងមជ្ឈមណ្ឌលកម្សាន្តលំដាប់អន្តរជាតិរបស់ក្រុមហ៊ុន លី យ៉ុងផាត់ រួមជាមួយបណ្តុំលំនៅដ្ឋានបែបទំនើបកម្រិតខ្ពស់ជាដើម” ។
បន្ថែមពីនេះនៅមានស្ថាប័នរដ្ឋធំៗ និងបណ្តាញហេដ្ឋារចនាសម្ព័ន្ធជាច្រើនត្រូវបានបង្កើតឡើង ជាពិសេស ស្ពានជាច្រើនកន្លែងក៏បានសាងសង់រួចរាល់ ងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់ និងចេញចូលក្រុង។

លោកឧកញ៉ានួន រិទ្ឋីបានបន្តថា សកម្មភាពអភិវឌ្ឍន៍ទាំងអស់នេះហើយ ដែលជាកត្តារុញច្រានទំនោរចិត្តរបស់អ្នកវិនិយោគជាតិ និងអន្តរជាតិ ឱ្យងាកទៅធ្វើការវិនិយោគនៅតំបន់នេះ ហើយវាអាចនឹងបន្តរហូតដល់ព្រំប្រទល់ រវាងខណ្ឌជ្រោយចង្វារ និងស្រុកមុខកំពូលខេត្តកណ្តាល។
ដោយឡែកចំពោះតម្លៃដី ក៏នៅតែបន្តកើនឡើងជាបន្តបន្ទាប់ ដែលនៅតែផ្តល់ឱកាសចំណេញសម្រាប់អ្នកវិនិយោគ៕