ខេត្តបាត់ដំបងទាក់ទាញលំហូរទុនវិនិយោគលើវិស័យអចលនទ្រព្យ ជាង៧៦លានដុល្លារ

0

ដោយៈ រ៉ាណេត

បាត់ដំបងៈ នៅក្នុងរយៈពេលជិតមួយទសវត្សរ៍ចុងក្រោយ ដែលវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជាមានភាពរីកចម្រើន និងអភិវឌ្ឍន៍ស្ទើរទូទាំងប្រទេស សម្រាប់តែខេត្តបាត់ដំបង កំណើនទុនវិនិយោគនៅក្នុងវិស័យអចលនទ្រព្យ បានកើនឡើងរហូតដល់ជាង៧៦លានដុល្លារ។


អភិបាលខេត្តបាត់ដំបង លោក ងួន រតនៈ បានមានប្រសាសន៍នៅក្នុងអង្គសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាព និងទិសដៅការងាររដ្ឋបាលខេត្តបាត់ដំបង នៅទីស្ដីការគណៈរដ្ឋមន្ត្រីនៅពញរឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះថា វិស័យអចលនទ្រព្យ និងសំណង់នៅក្នុងខេត្តបាត់ដំបងនាពេលបច្ចុប្បន្ននេះ គឺមានការអភិវឌ្ឍ និងរីកចម្រើនគួរឱ្យកត់សម្គាល់។

លោកបានបញ្ជាក់ទៀតថា ក្រោមការអនុវត្តតាមគោលនយោបាយ របស់ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ខេត្តបាត់ដំបងចាប់តាំងពីឆ្នាំ២០១២ រហូតមក វិស័យសេដ្ឋកិច្ចនៅក្នុងខេត្ត ក៏ដូចជាកម្រិតជីវភាពរបស់ប្រជាជនមានការកើនឡើងជាបន្តបន្ទាប់។ លោកបន្តថា ដោយឡែកសម្រាប់តែវិស័យអចលទ្រព្យនៅទូទាំងខេត្តក៏មានភាពរីកចម្រើន និងអភិវឌ្ឍន៍ផងដែរ ដែលនៅក្នុងនោះវិស័យសំណង់បានដើរតួយ៉ាងសំខាន់ ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់ផងដែរ។

នៅក្នុងអង្គសន្និសីទសារព័ត៌មានដដែលនេះ លោកងួន រតនៈ បានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១២ រហូតមកត្រឹមចុងឆ្នាំ២០១៩ វិស័យសំណង់ និងអចលនទ្រព្យនៅទូទាំងខេត្តបាត់ដំបង ការរៀបចំពុះដីឡូតិ៍ សំណង់បុរីលំនៅដ្ឋាន រោងចក្រសហគ្រាសជាដើម មានសរុបរហូតដល់៨៣៩គម្រោង ស្មើនឹងប្រមាណ៣២៥,៣១៨ម៉ែត្រការ៉េ ដែលមានទុនវិនិយោគសរុបចំនួន៧៦,១៨៤,៤១០ដុល្លារ ដែលជាទិន្នន័យបង្ហាញពីភាពរីកចម្រើននៅក្នុងវិស័យមួយនេះ

បច្ចុប្បន្ននេះខេត្តបាត់ដំបង បានអភិវឌ្ឍន៍ខ្លួនយ៉ាងសកម្ម ជាពិសេសបានទាក់ទាញការវិនិយោគជាមួយគម្រោងធំៗជាច្រើន នៅក្នុងវិស័យឧស្សាហកម្ម និងកសិកម្ម និងទេសចរណ៍។ សម្រាប់កំណើនសេដ្ឋកិច្ច មានចំនួនស្មើនឹងប្រមាណ៨,១៨ភាគរយ នៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដោយប្រាក់ចំណូលគិតជាមធ្យមប្រចាំឆ្នាំចំនួន១៦១៦, ដុល្លារក្នុងម្នាក់៕


LEAVE A REPLY

Please enter your comment!
Please enter your name here