អភិបាលខេត្ត៖ វិនិយោគិន​ថៃ និង​ចិន​កំពុង​តម្រង់ទិស​មក​ខេត្តកំពង់ស្ពឺ​បន្ថែមទៀត

0

ដោយ ៖ រ៉ា​ណេ​ត

កំពង់ស្ពឺៈ បើទោះជា​ស្ថិតនៅក្នុង​ដំណាក់កាល នៃ​ការគំរាមកំហែង​ពី​វិបត្តិ​ជំងឺ Covid-19 នៅពេល​បច្ចុប្បន្ននេះ​ក៏ដោយ គម្រោង​វិនិយោគ​បន្ថែម​ពី​សំណាក់​ក្រុមហ៊ុន​អន្តរជាតិ​មកពី​ប្រទេស​ថៃ និង​ប្រទេស​ចិន លើ​វិស័យ​ឧស្សាហកម្ម និង​កសិកម្ម នៅក្នុង​ខេត្តកំពង់ស្ពឺ ដែលមាន​ទុន​សរុប​រាប់សិប​លាន​ដុល្លារ។

អភិបាលខេត្ត​កំពង់ស្ពឺ លោក វ៉ី សំណាង មានប្រសាសន៍ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០​កន្លងមក​ថា រហូតមកដល់​ពេលនេះ នៅក្នុង​ខេត្តកំពង់ស្ពឺ គឺមាន​រោងចក្រ​ត្រឹម​តែមួយ​ប៉ុណ្ណោះ ដែល​បាន​បិទទ្វារ ដោយ​សារតែ​ថៅកែ​រោងចក្ររ​ត់ទៅ​ស្រុក​របស់ខ្លួន ប៉ុន្តែ​ស្របពេល​ជាមួយគ្នានេះ ក៏មាន​គម្រោង​វិនិយោគ​ថ្មី​បន្ថែម​ចូលមក​ជំនួស។

លោក​បាន​បញ្ជាក់ថា “នៅក្នុង​អំឡុងពេល​កើតមាន​វិបត្តិ​ជំងឺ Covid-19 រោងចក្រ​នៅក្នុង​ខេត្តកំពង់ស្ពឺ មិន​ត្រូវបាន​បិទទ្វារ​ផ្អាក​ដំណើរការ​នោះទេ។ ជាមួយគ្នានេះ ក៏មាន​វិនិយោគិន ដែលជា​ម្ចាស់​ក្រុមហ៊ុន​មកពី​ប្រទេស​ថៃ និង​ប្រទេស​ចិន បាន​បង្ហាញ​ពី​គោលបំណង​របស់ខ្លួន ចូលមក​បណ្តាក់ទុន​វិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម និង​កសិកម្ម ដែល   រដ្ឋាភិបាល​កម្ពុជា កំពុងតែ​ផ្តោត​ការយកចិត្តទុកដាក់ ក្នុងការ​ពង្រីក​លទ្ធភាព​ផលិត​សម្រាប់​នាំចេញ​បន្ទាប់ពី​វិបត្តិ​ជំងឺ Covid-19 ត្រូវបាន​ទប់ស្កាត់​ជា​ស្ថាពរ” ។

បច្ចុប្បន្ននេះ កំណើន​នៃ​ចំនួន​រោងចក្រ សហគ្រាស ដែល​កំពុង​មានដំណើរ​សង្វាក់​ផលិតកម្ម​នៅក្នុង​ខេត្តកំពង់ស្ពឺ មាន​រោងចក្រ​ចំនួន២៧១ រួម​ជាមួយនឹង​គម្រោងថ្មីៗជាច្រើន​ទៀត ដែល​ទើបតែ​ទទួលបាន​ការអនុម័ត គាំទ្រ​ពី​រាជរដ្ឋាភិបាល​កម្ពុជា ឱ្យ​ដំណើរការ​ក្នុងពេល​ដ៏​ខាងមុខ ជាមួយនឹង​ទុនវិនិយោគ​សរុប​ជិត២០០លាន​ដុល្លារ។

ដោយឡែក​សម្រាប់​ទីតាំង នៃ​គម្រោង​វិនិយោគ​ទាំងអស់នេះ មាន​នៅតាម​បណ្តា​ស្រុក/ក្រុង ផ្សេងៗគ្នា​ដូចជា ស្រុក​គងពិសី ស្រុក​សំរោង​ទង ក្រុង​ច្បារមន តំបន់​សេដ្ឋកិច្ច​ពិសេស​អាល់​ត្រា​ផៅ​វ័រ ថេ​កណឡ​ជី ស្រុក​ភ្នំស្រួច ស្រុក​ឧដុង្គ និង​ស្រុក​បសេដ្ឋ៕

LEAVE A REPLY

Please enter your comment!
Please enter your name here