អ្នកជំនួញដីធ្លីចាប់ផ្តើមចុះធ្វើសកម្មភាពនៅតាមបណ្តាខេត្ត បន្ទាប់ពីCovid-19 បានធូរស្រាល

0

ដោយវុត្ថា

ភ្នំពេញៈ បន្ទាប់ពីមានស្ថានភាពធូរស្រាល នៃបញ្ហាប្រឈមទៅជំងឺ Covid-19 នៅក្នុងប្រទេសកម្ពុជា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ អ្នកជំនួញក្នុងវិស័យដីធ្លីបានចុះធ្វើសកម្មភាព នៅតាមបណ្តាខេត្តគោលដៅសំខាន់ៗរបស់កម្ពុជា ដើម្បីត្រៀមធ្វើការវិនិយោគទៅជាតំបន់លំនៅឋានលំហែកាយ សណ្ឋាគារ និងទុកវិនិយោគបន្ត។

លោកឧកញ៉ា តេង ឬទ្ធី អគ្គនាយកក្រុមហ៊ុន R Investment Group បានប្រាប់គេហទំព័រ propertyarea.asia នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ ២០២០ នេះឱ្យដឹងថា  អ្នកវិនិយោគ ក្នុងវិស័យដីធ្លីត្រូវបានបែកចែកជា២ក្រុមសំខាន់ៗ ដែលបានចុះទៅធ្វើសកម្មភាពនៅតាមបណ្តាខេត្តនាពេលនេះ ។

លោកបន្តថា អ្នកដែលវិនិយោគចំ(អ្នកដែលមានលុយច្រើន) គេចុះទៅតាមបណ្តាលខេត្តជាប់មាត់សមុទ្រ មានដូចជាខេត្តព្រះសីហនុ កែប កំពត និងកោះកុង និងខេត្តគោលដៅទេសចរណ៍ រួមមាន ខេត្តសៀមរាប និងមណ្ឌលគិរីជាដើម ក្នុងការស្វែងរកដីធ្លីអភិវឌ្ឍន៍ទៅជាផ្ទះលំហែកាយ សណ្ឋាគារ និង រមណីយដ្ឋានផ្សេងៗជាដើម។

អ្នកវិនិយោគមួយប្រភេទទៀត គឺចុះស្វែងរកដីទុកសម្រាប់ធ្វើការវិនិយោគបន្ត ដើម្បីយកចំណេញ ឬពុះដីឡូត៍លក់នៅតាមខេត្តនានា និងធ្វើកសិកម្មដូចជានៅខេត្តពោធិសាត់ បាត់ដំបង និងខេត្តដែលមានសក្តានុពលផ្សេងទៀត។

លោកអ៊ិន ណាង អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យShow Up Real Estate បានទទួលស្គាល់ដែរថា ក្នុងរយៈពេលដែលកម្ពុជា មានភាពធូស្រាលនៃជំងឺ Covid-19 ឃើញមានអ្នកជំនួញ ក្នុងវិស័យដីធ្លីចុះធ្វើសកម្មភាពទិញលក់ ជាពិសេសលើវិស័យដីធ្លីនៅតាមជាយក្រុងភ្នំពេញ និងតាមណ្តាខេត្តនានា។

លោកបន្តថា អ្នកវិនិយោគដែលទិញដីនៅតាមបណ្តាជាយក្រុងភ្នំពេញ ជាប្រភេទដីឡូត៍ សាងសង់ឃ្លាំង និងរោងចក្រ តែសម្រាប់នៅតាមបណ្តាខេត្តដូចកំពង់ស្ពឺ កំពង់ឆ្នាំ កណ្តាល និងខេត្តផ្សេងទៀត ជាប្រភេទលំនៅឋាន ឧស្សាហកម្ម និង កសិកម្មជាដើម។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានព្យាករណ៍កាលពីកន្លងកមនេះថា នៅពេលមានភាពស្រាលនៃជំងឺ Covid-19  វិស័យអចលនទ្រព្យជាពិសេសដីធ្លី នឹងងើបឡើងវិញក្នុងស្ថានភាពល្អប្រសើរ។

លោកច្រឹក សុខនីមថ្លែងថា “ប្រសិនបើកម្ពុជាអាចទប់ស្កាត់ និងលុបបំបាត់នៅត្រឹមអំឡុងខែមិថុនានោះ នៅចុងឆ្នាំ២០២០ ឬដើមឆ្នាំ២០២១ ការទិញ-លក់អចលនទ្រព្យក្នុងទ្រង់ទ្រាយមធ្យម ដែលរួមមានដូចជាលំនៅដ្ឋាន ដីធ្លី ក៏ដូចជាដីឡូតិ៍ជាដើម អាចនឹងមានសកម្មភាព ដែលជាតម្រូវការរបស់អតិថិជនក្នុងស្រុកតែប៉ុណ្ណោះ”។

ក្រុមអ្នកជំនាញធ្លាប់បានលើកឡើងថា វិស័យចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាជាពិសេសវិស័យដីធ្លី ត្រូវបានរងសម្ពាតយ៉ាងចាស់ដៃ ចាប់តាំងពីការផ្ទុះឡើងនៃជឺង Covid-19 នៅក្នុងប្រទេស និងបន្ទាប់ពីជនជាតិចិនចាកចេញពីកម្ពុជា ដោយសារតែរដ្ឋាភិបាលបិទហ្គេមអនឡាញកាលពីចុងឆ្នាំ២០១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here