តើ​សកម្មភាព​នៃ​ការអភិវឌ្ឍ​និង​តម្រូវការ​ប្រើប្រាស់​ដី​នៅ​ជុំវិញ​តំបន់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី​មាន​សភាព​ដូចម្តេច?

0

ដោយ ៖ រ៉ា​ណេ​ត

ភ្នំពេញៈ ស្របពេល​ទៅនឹង​កិច្ចដំណើរការ នៃ​គម្រោង​អភិវឌ្ឍន៍​សាងសង់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី ដែល​ស្ថិតនៅ​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ទទួលបាន​លទ្ធផល​ប្រមាណ៣០ភាគរយ អ្នកជំនាញ​នៅក្នុង​វិស័យ​អចលនទ្រព្យ បានលើកឡើង​ពី​ការប្រែប្រួល​ទីផ្សារ​ដីធ្លី​នៅ​ជុំវិញ​តំបន់​នេះ។

មានប្រសាសន៍ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០កន្លងមកនេះ លោកស្រី តាំង ហួរ នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ AMATAK Property Serviceបាន​លើកឡើងថា ស្របទៅនឹង​សកម្មភាព​នៃ​ការឈូសឆាយដី និង​កំណត់​ទីតាំង​សាងសង់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី នៃ​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល បាន​ជះឥទ្ធិពល​ល្អ​ដល់​វិស័យ​ដីធ្លី​ដែល​ស្ថិតនៅ​តំបន់​ជុំវិញ។

លោកស្រី​បាន​បន្តថា “ជាក់ស្ដែង នៅ​តំបន់​ជុំវិញ​គម្រោង​អភិវឌ្ឍន៍​ព្រលានយន្តហោះ​ថ្មី របស់​រា​រដ្ឋាភិបាល​ក​ម្ពុ​ជា​នៅពេលនេះ ហាក់​មិនទាន់មាន​សកម្មភាព​ផុសផុល​ខ្លាំង​នៅ​ឡើង​នោះទេ ប៉ុន្តែ​សម្រាប់២-៣ឆ្នាំ​ទៅមុខទៀត អាចមាន​ភាព​ពុះកញ្ជ្រោល ជាពិសេស​ក្រោយពេល​មាន​គម្រោង​អភិវឌ្ឍន៍ធំៗ ចូលទៅ​កាន់​តំបន់​នេះ ដូចជា​គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ជាដើម” ។

លោកស្រី តាំង ហួរ បាន​មានប្រសាសន៍​បន្តទៀតថា ពេលនេះ​គម្រោង​ពង្រីក​ផ្លូវជាតិ​លេខ២ ត្រូវបាន​រាជរដ្ឋាភិបាល​សម្ពោធ​បើក​ការដ្ឋាន​សាងសង់ និង​ពង្រីក​ឱ្យ​ធំ ហើយ​បើតាម​ខ្ញុំ​ដឹង​ក៏មាន​ក្រុមហ៊ុន​អភិវឌ្ឍន៍​បុរី និង​បណ្តុំ​សំណង់​លំនៅដ្ឋានធំៗមួយចំនួន បាន​ទិញ​ដី​ទុក​សម្រាប់​អភិវឌ្ឍន៍​រួចជាស្រេច គ្រាន់​ពេលនេះ​ពួកគេ​នៅ​មិនទាន់​ចាប់ផ្តើម​សកម្មភាព ដោយ​រង់ចាំ​មើល​ពី​ចរន្ត និង​តម្រូវ​ការពិត​ប្រាកដជា​មុន​សិន” ។

ជាមួយនឹង​ការ​ប្រាប់​ពី​បច្ចុប្បន្នភាព នៃ​តម្រូវការ​ទីផ្សារ​ដីធ្លី​ខាងលើនេះ លោកស្រី​ក៏បាន​បង្ហើប​ពី​តម្លៃ​ផងដែរ​ថា ដី​ដែល​ស្ថិត​នៅជាប់​ផ្លូវធំ សម្រាប់​លំនៅដ្ឋាន មានតម្លៃ​ចន្លោះ​ជាង២០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ហើយ​ដី​ដែលមាន​ទំហំ​ធំ អាចមាន​តម្លៃ​ចាប់ពី១០០ដុល្លារ​ឡើងទៅ។ ដោយឡែក​ដី​ដែល​ស្ថិតនៅ​ផ្លូវ​ខាងក្នុង ឬ​ដី​ភូមិ អាចមាន​តម្លៃ៦០ដុល្លារ​ចុះក្រោម​ក្នុង​មួយ​ការ៉េ ហើយ​បើ​ចូលក្នុង​កាន់តែ​ឆ្ងាយ​ពី​ផ្លូវជាតិ ឬ​ផ្លូវធំ​កាន់តែ​មានតម្លៃ​ទាប​ជាង៤០ដុល្លារ​ចុះក្រោម។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក ច្រឹ​ក សុខ​នី​ម បាន​មានប្រសាសន៍​ផងដែរ​ថា សម្រាប់​ការ​នៃ​ការប្រើប្រាស់​ដី ក៏ដូចជា​សកម្មភាព​នៃ​ការអភិវឌ្ឍ​វិស័យ​អចលនទ្រព្យ ក៏ដូចជា​លំនៅដ្ឋានផ្សេងៗនៅ​តំបន់​ជុំវិញ គម្រោង​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី​នេះ គឺ​ត្រូវការ​ពេលវេលា​យូរ​ទៀត។

លោក​បាន​បញ្ជាក់ថា “វា​ត្រូវការ​ពេលវេលា​យូរ​ទៀត ដែល​យ៉ាងហោចណាស់៣-៥ឆ្នាំ ទើប​អាចមាន​សកម្មភាព​សាងសង់​សំណង់ផ្សេងៗ ពោលគឺ​ក្រោយពេល​គ្រោង​សំណង់​នៃ​គម្រោង​ព្រលាន​មួយ​នេះ​ចេញ​ជា​រូបរាង។ លោក​បន្តទៀតថា “ធម្មតា បើ​តំបន់​ណាមួយ នៅ​មិនទាន់មាន​ហេដ្ឋារចនាសម្ព័ន្ធ​ត្រឹមត្រូវ សមស្រប​ទៅនឹង​ការរស់នៅ​នោះទេ តម្រូវការ​នៃ​ការប្រើប្រាស់​ដី សម្រាប់​អភិវឌ្ឍន៍​លើ​វិស័យ​ដទៃទៀត ក៏​នៅ​មិនទាន់​នោះដែរ ហើយ​តម្លៃ​ដី​ក៏​នៅមានកម្រិត​ដែរ” ។

ប៉ុន្តែ​នៅពេលដែល​តំបន់​ខាងលើនេះ នៅ​មិនទាន់មាន​ការអភិវឌ្ឍ​ខ្លាំង វា​ក៏​ជា​ឱកាស​សម្រាប់​អ្នក ដែលមាន​ធនធាន​គ្រប់គ្រាន់ ដែល​ចង់​ទិញ​ដី​ទុក​វិនិយោគ​បន្ត​យកចំណេញ ដោយសារតែ​តម្លៃ​ដី​នៅ​ទាប​នៅឡើយ” ។

អ្នកនាំពាក្យ​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរ​ស៊ីវិល​កម្ពុជា លោក ស៊ិន ចាន់​សេរី​វុត្ថា បាន​មានប្រសាសន៍ នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​វឌ្ឍនភាព និង​ទិសដៅ​ការងារ​រដ្ឋលេខាធិការ​ដ្ឋា​ន​អាកាសចរ​ស៊ីវិល នៅ​ទីស្ដីការគណៈរដ្ឋមន្ត្រី​កាលពីពេលថ្មីៗនេះ​ថា រហូតមកដល់​ពេលនេះ វឌ្ឍនភាព​នៃ​ការសាងសង់​អាកាសយាន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ​ថ្មី ដែល​ស្ថិតនៅ​ក្នុងស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល គឺ​កំពុង​តែមាន​ដំណើរការ​ធម្មតា និង​សម្រេចបាន​លទ្ធផល​ប្រមាណ៣០ភាគរយ។

លោក​បាន​មានប្រសាសន៍​បន្តទៀតថា “រដ្ឋាភិបាល​កម្ពុជា​បាន និង​កំពុងមាន​ការយកចិត្ត​ទុកដាក់​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ តាមរយៈ​វិស័យសំខាន់ៗជាច្រើន ដែល​ក្នុងនោះ វិស័យ​អាកាសចរណ៍​ស៊ីវិល ក៏​ស្ថិតនៅក្នុង​វិស័យ​អាទិភាព​ផងដែរ” ។

លោក​ស៊ិន ចាន់​សិរី​វុត្ថា​បាន​បញ្ជាក់ថា បើ​យើង​មើល​ពី​ក្រៅអ្វីៗ ដូចជា​មិនមាន​សក​កម្ម​ភាព​នោះទេ ប៉ុន្តែ​បើ​មើល​ព​លើ​អាកាស​ចុះក្រោម នោះ​នឹង​ឃើញ​ទិដ្ឋភាព​នៃ​ការសាងសង់​ព្រលានយន្តហោះ​អន្តរជាតិ-ភ្នំពេញ ដែល​មកដល់ពេលនេះ​សម្រេចបាន​លទ្ធផល​ប្រមាណ៣០ភាគរយ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here