ដោយ វុត្ថា
ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យបានអះអាងថា រហូតមកដល់ពេលនេះ កម្ពុជាមិនទាន់សម្បូរ អគារពាណិជ្ជកម្មកំម្រិតខ្ពស់ (High-End Commercial Building) ដូចទៅនឹងបណ្តារប្រទេសជឿនលឿន និងប្រទេសនានានៅលើសកលលោកនោះទេ ដែលទាមទារឱ្យមានអភិវឌ្ឍន៍កាន់តែច្រើនបន្ថែមទៀត។

លោក Ken Lo នាយកប្រតិបត្តិក្រុមហ៊ុន Coldwell Banker Cambodia នៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២០ កន្លង មកបានឲ្យដឹងថា បើពិនិត្យមើលជាក់ស្តែង កម្ពុជាមិនទាន់មានអគារពាណិជ្ជកម្មកម្រិតខ្ពស់ច្រើន ដូចទីផ្សារអន្តរជាតិដូចនៅសហរដ្ឋអាមេរិក និងអូស្ត្រាលី ដែលជំរុញឱ្យគេមកទិញ និងអភិវឌ្ឍន៍អចលនទ្រព្យ ដូចនៅប្រទេសគេនោះទេ។
លោកថ្លែងថា “ជាមួយគ្នានេះ មុនចុះកិច្ចសន្យាជួល នៅក្នុងអគារពាណិជ្ជកម្ម អ្នកវិនិយោគ គួរតែពិនិត្យទៅមើលអាជីវកម្មរបស់ខ្លួនវិញ ដែលមានលក្ខណៈយូអង្វែង ឬរយៈពេលខ្លី និងមានទំហំអាជីវកម្មយ៉ាងដូចម្តេច?” ។ លោកបន្ថែមថា “បើមានលក្ខណៈទំហំធំ បុគ្គលិក និងយូអង្វែងច្រើនគួរជួល នៅក្នុងអគារពាណិជ្ជកម្មកុំឱ្យពិបាករើចុះឡើង” ។
បើតាមលោក Ken Lo ក្រុមហ៊ុនលំដាប់អន្តរជាតិ តែងតែជួលការិយាល័យធ្វើការនៅក្នុងអគារពាណិជ្ជកម្ម ព្រោះមានស្តង់ដារ និងមានកេរ្តិឈ្មោះល្អ និងមានភាពជឿជាក់ដល់អតិថិជន ដោយពួកគេមិនទៅជួលផ្ទះល្វែងធ្វើការិយាល័យនោះទេ។
តែយ៉ាងណាក៏ដោយ លោក Ken Lo បញ្ជាក់ថា នៅក្នុងរយៈពេល៣ ទៅ៥ ឆ្នាំខាងមុខទៀត អគារពាណិជ្ជកម្ម មានសន្ទុះរីករើនកាន់តែច្រើននៅក្នុងទីក្រុងភ្នំពេញ ព្រោះវាមានភាពងាយស្រួល ក្នុងការទំនាក់ទំនង និងផ្តល់នូវសេវាកម្មល្អដល់អតិថិជន។
លោកបន្ថែមថា អគារពាណិជ្ជកម្ម ផ្តោតទៅលើអគារការិយាល័យ អគារខុនដូ និងផ្សារនើប ដែលផ្តល់នូវសេវាកម្មជាជាច្រើនប្រភេទ ឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់អតិថិជនទាំងកម្រិតជាតិ និងអន្តរជាតិ។
លោកនាយកប្រតិបត្តិរូបនេះ ក៏បានអំពាវនាវដល់អ្នកអភិវឌ្ឍន៍ទាំងអស់ គួរផ្តោតលើការអភិវឌ្ឍន៍លើអគារពាណិជ្ជកម្ម ខុនដូ និងលំឋានពាណិជ្ជកម្ម ដើម្បីឆ្លើយតបទៅនឹងក្រុមហ៊ុនជាតិ និងអន្តរជាតិ មានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ស្របទៅ នឹងសេចក្តីត្រូវការរបស់អតិថិជន និងមានទីផ្សារកាន់តែខ្លាំងនៅពេលខាងមុខ៕






