ការវិនិយោគអចលនទ្រព្យលើសកលលោកធ្លាក់ចុះប្រមាណ ២០០ពាន់លានដុល្លារ នៅត្រីមាសទី ១នេះ

0

ដោយ ហ្សូលី

អន្តរជាតិ៖ ការវិនិយោគពាណិជ្ជកម្មអចលនទ្រព្យលើសកលលោកបានធ្លាក់ចុះប្រមាណ ៥ភាគរយ បើគិតជាទឹកប្រាក់ស្មើចំនួន ២០០ពាន់លានដុល្លារ នៅត្រីមាសទី ១ ឆ្នាំ ២០២០នេះ ដោយសារការប៉ះពាល់នៃមេរោគរាតត្បាត Covid-19។ 

ការវិនិយោគផ្ទាល់លើវិស័យអចលនទ្រព្យក្នុងត្រីមាសទី ១ ឆ្នាំ ២០២០នេះ បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ នេះបើតាមឱ្យដឹងពីទិន្នន័យមកពីក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ JLL នៅរសៀលថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២០នេះ។ ការសាយភាយនៃមេរោគកូរ៉ូណាបានជះឥទ្ធិពលនៅទូទាំងសកលលោកមិនថាវិស័យអចលនទ្រព្យ និងទីផ្សារហិរញ្ញវត្ថុនោះទេ។ ភស្តុតាងបានបញ្ជាក់ថា កំណើនសេដ្ឋកិច្ចពិភពលោកបានធ្លាក់ចុះនៅត្រីមាសទី ១ នោះជាខ្លាំង។

លោក Sean Coghlan ប្រធានស្រាវជ្រាវទីផ្សារសកលលោកប្រចាំក្រុមហ៊ុនអចលនទ្រព្យ JLL បានឱ្យដឹងថា វិស័យអចលនទ្រព្យនេះហើយដែលជាឧស្សាហកម្មទី ១ ដែលទទួលបទពិសោធន៍ជាប់គាំងមុនគេដោយសារឥទ្ធិពលអវិជ្ជមាន Covid-19. ប្រទេសដែលមានភាពរីកចម្រើនលើវិស័យអចលនទ្រព្យទាំង ៨ ធំជាងគេលើពិភបលោក បានធ្លាក់ចុះប្រមាណ ៣១ ភាគរយ នេះបើតាមឱ្យដឹងពីរបាយការណ៍ដដែល។ 

 ប្រធានស្រាវជ្រាវទីផ្សាររូបនេះបញ្ជាក់បន្ថែមថា គ្មានតំបន់ណាទទួលរងឥទ្ធិពលខ្លាំងជាងតំបន់អាស៊ីបាស៊ីហ្វិកនោះឡើយ គឺវិស័យអចលនទ្រព្យបានជាប់គាំងចាប់តាំងពីមេរោគនេះចាប់ផ្តើមផ្ទុះមកម្ល៉េះ។ ខែមិនាគឺជាខែដែលមានភាពឈឺចាប់ខ្លាំងជាងគេបង្អស់ ដោយសារភាពជាប់គាំងការទិញ-លក់អចលនទ្រព្យក្នុងតំបន់។ 

នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ការវិនិយោគធ្លាក់ចុះប្រមាណ ២៥ភាគរយ ឬស្មើទឹកប្រាក់ ៣៤ពាន់លានដុល្លារនៅក្នុងត្រីមាសទី ១ឆ្នាំនេះ។ ចំណែកឯតំបន់ផ្សេងៗទៀតធ្លាក់ចុះ ៥ភាគរយ ឬស្មើនិង ៦៧ពាន់លានដុល្លារ លើកលែងតែសហរដ្ឋអាេមរិកដែលធ្លាក់ចុះត្រឹម ២ភាគរយប៉ុណ្ណោះ។ 

អំឡុងពេលដែលពិភពលោកមិនអាចចៀសបានពីជំងឺនេះក្នុងរយៈពេលខ្លី បណ្តារវិនិយោគិនរង់ចាំមើលសភាពការណ៍ដើម្បីស្វែងរកឱកាសក្នុងការបណ្តាក់ទុនឱ្យមានសុខភាពល្អរឹងមាំនិងមានរយៈពេលវែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here