អ្នកជំនាញ៖ វិនិយោគអចលនទ្រព្យនៅតាមជាយក្រុងមានគុណសម្បត្តិច្រើនជាងគុណវិបត្តិ

0

ដោយវុត្ថា

ភ្នំពេញ៖ អ្នកជំនាញអះអាងថា ការចាប់ផ្តើមវិនិយោគវិស័យអចលនទ្រព្យគ្រប់ប្រភេទ នៅតាមបណ្តាជាយក្រុងនៃរាជធានីភ្នំពេញមានគុណសម្បត្តិច្រើនជាងគុណវិបត្តិស្របពេលដែលការវិនិយោគនៅកណ្តាលទីក្រុងមានតម្លៃខ្ពស់ និងមានទីតាំងចង្អៀត។

អ្នកវិភាគសេដ្ឋកិច្ច និងជាអ្នកប្រឡូកនៅក្នុងវិស័យអចលនទ្រព្យ លោក ង៉ែត ជូ បានប្រាប់គេហទំព័រ propertyarea.asia កាលពីពេលថ្មីៗកន្លងមកនេះថា ការវិនិយោគអចលនទ្រព្យនៅតាមតំបន់ជាយក្រុងនៃទីក្រុងភ្នំពេញ គឺមានគុណសម្បត្តិច្រើនជាងគុណវិបត្តិ “ចំណេញ ចំណាយពេលតិច និងអាចបង្កើតចំណូលបានច្រើន”។

លោកង៉ែត ជូបានពន្យល់ថា គុណសម្បត្តិធំៗចំនួន៣ ដែលទទួលបានពីការវិនិយោគ និងអភិវឌ្ឍនៅតាមតំបន់ជាយក្រុង រួមមានដូចជា ទី១ ដឹងតែចំណេញៈ មិនខាតប្រសិនបើអ្នកមានផែនការហិរញ្ញវត្ថុច្បាស់លាស់ ពោលគឺវិនិយោគរយៈពេលវែង អាចរក្សាទុកនៅពេលទទួលបានតម្លៃល្អ និងមិនបង្ខំលក់នៅពេលធ្លាក់ថ្លៃ។ ជាទូទៅតម្លៃមានការកើនជានិច្ច ប្រសិនបើស្ថានភាពសេដ្ឋកិច្ច ទីផ្សារឬនយោបាយមិនល្អ គឺធ្លាក់ថ្លៃតែមួយរយៈប៉ុណ្ណោះ។

ទី២ ចំណាយពេលតិចៈ មិនចំណាយពេលច្រើន ដូចជាការធ្វើអាជីវកម្មដទៃនោះទេ អ្នកអាចធ្វើការយកប្រាក់ខែសន្សំជាទុនបណ្តើរ។  និង ទី៣ អាចប្រើប្រាស់ដីឬបង្កើតជាចំណូលអកម្មបាន៖ ប្រសិនបើសន្សំដីធ្លីបានច្រើន អ្នកអាចរក្សាទុកជាធនាគារដីធ្លី និងប្រើប្រាស់ក្នុងគោលបំណងនានា ដូចជា បង្កើតជាកសិដ្ឋាន សង់ឃ្លាំង ស្តង់លក់ទំនិញ អគារពាណិជ្ជកម្ម ឬការរិយាល័យសំរាប់ជួល។ល។

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal លោកឧកញ៉ា នួន រិទ្ធី ឱ្យដឹងស្រដៀងគ្នានេះដែរថា ការវិនិយោគលើវិស័យអចលនទ្រព្យ ជាពិសេសលើផ្នែកដីធ្លីនៅតាមតំបន់ជាយក្រុង គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដែលមានឱកាសទទួលបានផលចំណេញច្រើន។

លោកឧកញ៉ាបន្តទៀតថា “ទោះជាពេលនេះសកម្មភាព នៃការវិនិយោគកំពុងតែមានភាពជ្រួលនៅតាមតំបន់ជ្រាយក្រុង ប៉ុន្តែបើចំពោះតម្លៃគឺនៅមានកម្រិតនៅឡើយ ហើយក៏នៅមានឱកាសទទួល បានផលចំណេញពីការវិនិយោគក្នុងកម្រិតខ្ពស់”។

លោកឧកញ៉ានួន រិទ្ឋីបានបន្តទៀតថា តំបន់ជាយក្រុងដែលកំពុងតែមានសក្ដានុពលនៅពេលបច្ចុប្បន្ន និងបន្តទៅថ្ងៃអនាគត គឺស្ថិតនៅទិសទាំង៤ព័ទ្ធជុំវិញរាជធានីភ្នំពេញ ជាពិសេស តំបន់ដែលស្ថិតនៅតាមផ្លូវជាតិសំខាន់ៗ ដូចជាផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៥” ។ 

ចំណែក លោក ឡុង គឹមសួគ៌ អគ្គនាយកក្រុមហ៊ុន Century21 Advance Property បានឱ្យដឹងដែរថា មិនថាទោះជាទិញនៅតំបន់ជាយក្រុង ឬនៅតាមបណ្តាខេត្ត ដែលឃ្លាតឆ្ងាយពីក្រុងនោះទេ អត្រាទទួលបានចំណេញនៅតែមាន ប្រសិនបើអ្នកទិញមានភាពឆ្លាតវៃ និងបានសិក្សាលម្អិតពីតំបន់ និងគម្រោងអភិវឌ្ឍន៍នានាដែលពាក់ព័ន្ធ។

លោកឡុង គឹមសួគ៌បានបន្តថា មានអ្នកខ្លះ គាត់មានធនធានតិចតួច ប៉ុន្តែគាត់បានសម្រេចចិត្តឥតស្ទាក់ស្ទើរ ក្នុងការទិញដីនៅជាយក្រុងទុក ជាពិសេសនៅក្បែរគម្រោងអភិវឌ្ឍន៍ដែលមានសកម្មភាព ដូច្នេះភាគរយចំណេញរបស់ពួកគាត់គឺមានច្រើន ហើយរហ័សទៀត។ 

លោកបន្ថែមថា ប្រសិនបើពួកគាត់សម្រេចលក់ ក្នុងតម្លៃចរចាណាមួយ ដែលអាចទទួលបានចំណេញ ហើយយកទៅវិនិយោគនៅតំបន់ណាមួយផ្សេងទៀត ដែលមានគម្រោងអភិវឌ្ឍន៍ច្បាស់លាស់ នោះកំណើននៃភាគលាភរបស់គាត់ នឹងកើនឡើងច្រើនជាងអ្នកដែលមានលុយច្រើនដែលទិញដីទំហំ ប៉ុន្តែនៅតំបន់ឆ្ងាយពីទីប្រជុំជន និងមិនមានគម្រោងអភិវឌ្ឍន៍។

លោកបានបញ្ជាក់ថា មិនថាទោះជានៅតំបន់ជាយក្រុង ឬនៅក្នុងខេត្តណាមួយនោះទេ ភាគរយចំណេញនៅតែមានដូចគ្នា សំខាន់ត្រង់ថាមុនពេលទិញសម្រាប់ទុកវិនិយោគ ត្រូវតែចេះសិក្សាពីតម្រូវការទីផ្សារ និងគម្រោងនៃការអភិវឌ្ឍឱ្យបានគ្រប់ជុងជ្រោយយ៉ាងលម្អិត ទើបការវិនិយោគមិនជួបភាពបរាជ័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here