ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ នៅពេលនិយាយពីការវិនិយោគ គឺគេតែងនិយាយពីអត្រានៃការទទួលបានចំណេញ។ ដោយឡែកសម្រាប់វិស័យលំនៅដ្ឋាន តើគួរវិនិយោគបែបណា ដើម្បីប្រាកដថាអាចទទួបានចំណេញក្នុងអត្រាខ្ពស់។
អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ Century21 Advance Property លោក ឡុង គីមសួគ៌ បានមានប្រសាសន៍ថា ការវិនិយោគនៅក្នុងវិស័យលំនៅដ្ឋានត្រូវបានអ្នកជំនាញបែងចែងចេញជាប្រភេទ រួមមានប្រភេទលំនៅដ្ឋានធម្មតា លំនៅដ្ឋានអាជីវកម្ម និងលំនៅដ្ឋានសហកម្មសិទ្ធិ។
-->
លោក ឡុង គីមសួគ៌ បានមានប្រសាសន៍បញ្ជាក់ថា “ប្រភេទលំនៅដ្ឋានទាំង៣នេះគឺមានលក្ខណៈ និងគុណសម្បត្តិខុសគ្នា។ ជាទូទៅប្រភេទលំនៅដ្ឋានបែបធម្មតា គឺប្រជាពលរដ្ឋ ឬជាអតិថិជន សម្រេចចិត្តទិញក្រោមគោលបំណងចម្បងសម្រាប់រស់នៅ និងស្ថិតនៅទីតាំងដែលមានភាពស្ងប់ស្ងាត់ និងមានធម្មជាតិជុំវិញ។ ដោយឡែកសម្រាប់ប្រភេទលំនៅដ្ឋានអាជីវកម្ម ត្រូវបានអ្នកទិញមានគោលបំណង២ ដែលក្រៅពីអាចរស់នៅប្រកបដោយផាសុកភាព ថែមទាំងអាចប្រកបអាជីវកម្មបានថែមទៀត ដែលផ្ទះប្រភេទនេះមានតម្លៃថ្លៃ ហើយស្ថិតនៅតំបន់ទីប្រជុំ និងប្រមូលផ្តុំដោយអាជីវកម្មចំរុះ។ ជាមួយគ្នានេះ អ្នកវិនិយោគខ្លះសម្រេចចិត្តទុកសម្រាប់ជួលបន្តដើម្បីយកចំណូលប្រចាំខែ ប្រចាំឆ្នាំ ហើយអត្រានៃចំណេញក្រោយការលក់ទាំងស្រុងក៏មានខ្ពស់ផងដែរ ដែលលំនៅដ្ឋាននៅតំបន់ខ្លះអាចទទួលបានផលចំណេញទ្វេដងនៃតម្លៃដើម”។
លោក ឡុង គីមសួគ៌ មានប្រសាសន៍បន្តទៀតថា “សម្រាប់្រភេទលំនៅដ្ឋានសហកម្មសិទ្ធិ ឬខនដូ គឺមិនអាចប្រកបអាជីវកម្មបាននោះទេ ប៉ុន្តែស័ក្ដិសមទៅនឹងការវិនិយោគលើការទិញ-លក់ និងអាចជួលយកចំណូលប្រចាំខែ ប្រចាំឆ្នាំបានក្នុងតម្លៃខ្ពស់ ប៉ុន្តែអត្រានៃការឡើងតម្លៃនៃថ្លៃដើមគឺមានកម្រិតទាបជាងប្រភេទលំនៅដ្ឋានផ្ទាល់ដីបែបធម្មតា”។
ជាមួយនឹងការបញ្ជាក់ពីចំណុចវិជ្ជមាននៃប្រភេទលំនៅដ្ឋានទាំង៣ប្រភេទខាងលើនេះ អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ Century21 Advance Property លោក ឡុង គីមសួគ៌ បានបញ្ជាក់ថា គ្រប់ប្រភេទលំនៅដ្ឋានទាំងអស់គឺសុទ្ធតែមានគុណសម្បត្តិ ប៉ុន្តែសម្រាប់អ្នកដែលមានបំណងទិញសម្រាប់វិនិយោគ គម្បីសម្លឹងទៅលើប្រភេទលំនៅដ្ឋានអាជីវកម្ម ត្បិតលំនៅដ្ឋានប្រភេទនេះមានតម្លៃដើមថ្លៃ ប៉ុន្តែងាយស្រួលក្នុងលក់ចេញ និងមានអត្រាឡើងថ្លៃបានខ្ពស់ និងងាយស្រួលក្នុងការជួលផងដែរ៕