ដោយ ហ្សូលី
សឹង្ហបុរីៈ ប្រទេសសិង្ហបុរីបានជួបប្រទះព្យុះបក់បោក លើវិស័យអចលនទ្រព្យជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត ជាហេតុនាំឱ្យការរិនិយោគលើវិស័យនេះ ធ្លាក់ចុះជិត៨០ភាគរយ នៅត្រីមាសទី១ដើមឆ្នាំ២០២០នេះ ដោយសារសន្ទុះនៃការធ្លាក់ចុះវិបត្តិសេដ្ឋកិច្ចពិភពលោក។
យោងតាមរបាយការណ៍និន្នការរបស់អាស៊ីប៉ាស៊ីហ្វិកបានឱ្យដឹងថា ការវិនិយោគលើវិស័យអចលនទ្រព្យ ក្នុងប្រទេសសិង្ហបុរីបានដាំក្បាលចុះចំនួន៧៨ភាគរយ ឬស្មើនឹងទឹកប្រាក់ប្រមាណ៤៣២លានដុល្លារអាមេរិក។ ការធ្លាក់ចុះនេះគឺមានភាពធ្ងន់ធ្ងរខ្លាំង បើប្រៀបធៀបនឹងតួលេខ ទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈកាលពីឆ្នាំមុនមានកិច្ចព្រមព្រៀងចំនួន១៣ ឬស្មើនឹង៣២ភាគរយតែប៉ុណ្ណោះ ដែលបានខាតបង់ឬលុបចោល។
-->
លោក David Green-Morgan ប្រធានគ្រប់គ្រងនៃទិន្នន័យរបាយការណ៍និន្នាការអាស៊ីប៉ាស៊ីហ្វិក បានមានប្រសាសន៍ឱ្យដឹងថា កាលពីឆ្នាំ២០១៩ សិង្ហបុរីរំពឹងខ្ពស់ណាស់ថា នឹងទទួលបានការវិនិយោគយ៉ាងគគ្រឹកគគ្រេង លើវិស័យអចលនទ្រព្យ ប៉ុន្តែវាប្រែទៅជាខុសពីការរំពឹងទុក ដោយសារការធ្លាក់ចុះនៃសេដ្ឋកិច្ចសកលលោក។
វិស័យអចលនទ្រព្យនៅជុំវិញតំបន់អាស៊ីប៉ាស៊ីហ្វិក បានដាំក្បាលចុះដល់ទៅ៥០ ភាគរយ ឬស្មើនឹងទឹកប្រាក់ជាង២១ពាន់លានដុល្លារ ក្នុងដើមឆ្នាំ ២០២០នេះ ដោយសារកត្តាការរាតត្បាតនៃមេរោគCovid-19 នៅប្រទេសចិន និងរាលដាលដល់បណ្តាប្រទេសនៅជុំវិញ។
របាយការណ៍ដដែលបានលើកឡើងថា វិនិយោគិនកំពុងដកថយពីការវិនិយោគទាំងឡាយមិនថា ជាការិយាល័យរួម និងអចលនវត្ថុលក់រាយនោះទេ ដែលវានឹងអាចមានរយៈពេលពេញមួយឆ្នាំតែម្តង ព្រោះជំងឺនេះមិនទាន់ងាកចេញ ពីប្រទេសសិង្ហបុរីនៅឡើយទេ។
យ៉ាងណាមិញក៏មានការលើកឡើង ពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យ នៅបណ្តា ប្រទេសជុំវិញផងដែរ។ ជាក់ស្តែងអ្នកជំនាញបានឱ្យដឹងថា បើប្រៀបធៀបរវាងវិស័យអចលនទ្រព្យនៅសិង្ហបុរី និងហុងកុង គឺហុងកុងមានការធ្លាក់ចុះច្រើនជាងសិង្ហបុរី ព្រោះគម្រោងធំៗដែលមានតម្លៃជាង២៥០លានដុល្លារ បានដកខ្លួនចេញភ្លាមៗ ដែលនេះគ្រាន់តែជាគម្រោងមួយប៉ុណ្ណោះ។
រីឯកូរ៉េខាងត្បូងវិញខាតបង់ដល់ទៅ៤.៥៣ពាន់លានដុល្លារ ក្នុងរយៈពេល៣ខែដើមឆ្នាំ ២០២០ ដែលនេះជាចំនួនលេចធ្លោជាងគេ៕ New York Times៕