ដោយៈ រ៉ាណេត
ភ្នំពេញៈ គម្រោងអភិវឌ្ឍន៍ក្រុងកោះនរាហ៍ ស្ថិតប្របច្រាំងទន្លេបាសាក់ និងតតំបន់ចតុមុខបាននិងកំពុងស្ថាបនា ដោយក្រុមហ៊ុនOCICយ៉ាងសកម្ម ខណៈគំរោងស្ពានតភ្ជាប់ទីក្រុងនេះជាមួយទីក្រុងកោះពេជ្រ ចាប់ផ្តើមបុកគ្រឹះបណ្តើរៗ។
ប្រធានសមាគអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកស្រី ចេវ សុឃុន បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះថា បច្ចុប្បន្ននេះ មិនមែនទើបតែមានគម្រោងអភិវឌ្ឍន៍មួយនេះទេ គឺនៅមានគម្រោងជាច្រើនក៏កំពុងតែបង្ហាញវត្តមានរបស់ខ្លួននៅតំបន់ខាងលើនេះដែរ ដោយសារតែលក្ខខណ្ឌអំណោយផលនៃភូមិសាស្ត្រ ផ្តល់ភាពងាយស្រួល ក្នុងវិស័យពាណិជ្ជកម្ម និងផ្តល់បរិយាកាសល្អប្រសើរសំរាប់ការរស់នៅ។
-->
លោកស្រីបញ្ជាក់ថា “ធម្មតាអ្នកវិនិយោគ ក៏ដូចជាអ្នកអភិវឌ្ឍន៍គឺពួកគាត់សុទ្ធតែបានសិក្សាលម្អិត និងស្គាល់ច្បាស់ពីសក្ដានុពលនៃតំបន់។ អ្វីដែលជាលក្ខណៈពិសេស និងទាក់ទាញការវិនិយោគ ក៏ដូចជាគម្រោងអភិវឌ្ឍន៍នានា មួយចំណែកអាចទទួលបានពីគម្រោងបង្កើតទីក្រុងកោះនរាហ៍ ដែលថ្ងៃខាងមុខអាចនឹងមានការតភ្ជាប់គ្នាទៅនឹងតំបន់កោះពេជ្រ ឆ្លងចូលដល់កណ្តាលក្រុងតែម្ដង”។
លោកស្រីចេវ សុឃុនបានបន្តទៀតថា ក្រៅពីគម្រោងអភិវឌ្ឍន៍ធំៗទៅលើសំណង់អាគារពាណិជ្ជកម្មដែលមានតម្លៃរាប់រយ រាប់ពាន់ដុល្លារ ងាកមកវិស័យលំនៅដ្ឋានក្នុងតំបន់ច្បារអំពៅ ក៏មានភាពផុសផុលផងដែរ ដោយសារតែមានភាពងាយស្រួលក្នុងការរស់នៅ មានហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់ច្រើន។ ជាក់ស្ដែងបច្ចុប្បន្ននេះ បានបន្តរហូតដល់ប្រមាណជិត២០គីឡូម៉ែត្ររាជធានីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ១ ក៏មានការអភិវឌ្ឍវិស័យលំនៅដ្ឋានដោយគម្រោងបុរីធំៗផងដែរ។
ជាមួយគ្នានេះ លោក ខន គង្គា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ ERA បានមានប្រសាសន៍ថា ការបោះទុនវិនិយោគនៅតំបន់ច្បារអំពៅ ដែលស្ថិតនៅតាមផ្លូវជាតិលេខ១ ជាពិសេសនៅជាប់តំបន់ទន្លេ គឺជាការសម្រេចចិត្តប្រកបដោយភាពត្រឹមត្រូវ ដែលតំបន់នេះ អំណោយផលយ៉ាងខ្លាំងទៅលើវិស័យខុនដូ អាផាតមិន សណ្ឋាគារលំដាប់ខ្ពស់ ក៏ដូចជាលំនៅដ្ឋានកម្រិតផងដែរ។
លោកបានបន្តទៀតថា “តំបន់កោះនរាហ៍ដែលបច្ចុប្បន្នកំពុងមានការចាក់ដី ថ្ម បំពេញនៅតាមច្រាំងទន្លេ ដើម្បីអភិវឌ្ឍជាទីក្រុងថ្មីមួយទៀតរបស់ក្រុមហ៊ុន OCIC បន្ទាប់ពីទីក្រុងកោះពេជ្រនេះ វានឹងកាន់តែមានសក្ដានុពល ប្រជាប្រិយភាពខ្លាំងក្នុងការទាក់ទាញលើការវិនិយោគលើគម្រោងធំៗបន្ថែមទៀត ដែលស្រដៀងគ្នាទៅនឹងតំបន់ទីក្រុងរណបកោះពេជ្រនៅពេលបច្ចុប្បន្ននេះផងដែរ”។
ជាមួយនឹងការលើកឡើងពីសក្ដានុពល តំបន់ជុំវិញគម្រោងអភិវឌ្ឍទៅក្រុងរណបទី២របស់ក្រុមហ៊ុនOCIC និងភាពល្អប្រសើរនៃទីផ្សារអចលនទ្រព្យ តាមរយៈគម្រោងអភិវឌ្ឍន៍ធំៗដែលមានតម្លៃសរុបរាប់ពាន់ដុល្លារនេះ វានឹងជះឥទ្ធិពលល្អទៅដល់តំបន់នៅក្បែរ ដែលជួយជំរុញតម្លៃឱ្យឡើងថ្លៃក្នុងរយៈពេលដ៏ខ្លី។
អគ្គនាយករងក្រុមហ៊ុនOCIC លោកទូច សំណាងធ្លាប់បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ការស្ថាបនាច្រាំងទន្លេ និងចាក់ដីបំពេញ រួមទាំងហេដ្ឋារចនាសម្ព័ន្ឋដទៃទៀត គ្រោងនឹងចំណាយទឹកប្រាក់ប្រមាណ២០០០លានដុល្លារអាមេរិក ដោយបច្ចុប្បន្នការស្ថាបនាបានចាប់ផ្តើម ជាមួយនឹងផែនការបញ្ចប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋទាំងស្រុងនៅឆ្នាំ២០២៣ខាងមុខ។
លោកបន្តថា ជាមួយនឹងគំរោងទីក្រុង ដែលមានលក្ខណៈស្រដៀងគ្នានឹងទីក្រុងកោះពេជ្រ ក្រុមហ៊ុនក៏បាននិងកំពុងសិក្សាស្ពានពីរខ្សែ ដោយផ្តោតលើជម្រើសលើទឹកដែលគ្រោងចំណាយប្រមាណ៦០លានដុល្លារអាមេរិក និងជម្រើសមួយទៀតជាស្ពានឆ្លងកាត់ក្រោមទន្លេ ដែលគ្រោងចំណាយទឹកប្រាក់២០០លានដុល្លារអាមេរិក ប៉ុន្តែជម្រើសទាំងពីរនេះមិនទាន់សម្រេចជ្រើសរើសយកជំរើសមួយណានៅឡើយ៕