ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ បន្ទាប់ពីមានអត្រាថេរនៃតម្រូវការទីផ្សារជួលអាគារសម្រាប់ប្រើប្រាស់ជាការិយាល័យក្រុមហ៊ុន ស្ថាប័នអាជីវកម្មនានា នៅក្នុងត្រីមាសទី១ ឆ្នាំ២០២០កន្លងទៅនោះ នៅក្នុងត្រីមាសទី២ ជាពិសេសនៅក្នុងអំឡុងខែឧសភា តម្រូវការជួលនៅក្នុងវិស័យនេះមានភាពថមថយ ហើយនឹងបន្តធ្លាក់ចុះរហូតដល់ចុងឆ្នាំ២០២០ ខាងមុខនេះ។
អគ្គនាយកក្រុមហ៊ុន Basac Realty Co., Ltd លោក នី ទីណាត បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ថា ភាពប្រឈមនឹងការធ្លាក់ចុះតម្រូវការជួលអាគារសម្រាប់ប្រើប្រាស់ជាការិយាល័យ ក្រុមហ៊ុន ក៏ដូចជាអាជីវកម្មផ្សេងៗកំពុងកើតមានយ៉ាងគំហុក ដែលតម្រូវឱ្យបណ្តាម្ចាស់អាគារ និងក្រុមហ៊ុនអភិវឌ្ឍន៍នានាមានផែនការបញ្ចុះតម្លៃជួល ឬកម្មវិធីលើកទឹកចិត្តផ្សេងៗដើម្បីអាចរក្សាបានចំណែកទីផ្សារ។
-->
លោក នី ទីណាត បានមានប្រសាសន៍បន្តថា “មិនថាតែចំពោះអាគារសម្រាប់បម្រើឱ្យវិស័យការិយាល័យកម្រិតខ្ពស់ អគារជាន់ផ្ទាល់ដី ឬអាគារដទៃទៀត សម្រាប់ជួលនោះទេ ភាគច្រើនគឺកំពុងជួបភាពប្រឈមដោយសារតែអតិថិជនបញ្ឈប់កុងត្រាជួល។ ហេតុផលដែលបញ្ឈប់កុងត្រា ក៏ព្រោះដំណើរការអាជីវកម្មជួបភាពរាំងស្ទះ ជាក់ស្ដែងដូចជាក្រុមហ៊ុនផ្នែកបដិសណ្ឋារកិច្ច និងទេសចរណ៍ មណ្ឌលកម្សាន្ត និងមណ្ឌលស្ទីមសូណា ជាដើមដែលត្រូវផ្អាកសកម្មភាព ហើយក្រុមហ៊ុនបម្រើសេវាខ្លះក៏ជួបបញ្ហាដូចគ្នា ដោយសារតែបាត់ចំណូលពីប្រតិបត្តិការរបស់ខ្លួន” ។
លោកបានគូសបញ្ជាក់ថា ដើម្បីចូលរួមលើកស្ទួយវិស័យនេះឱ្យមានភាពរឹងមាំ និងយូរអង្វែង ហើយអាចរក្សាបាននូវចំណែកទីផ្សារស្ថិតស្ថេរ ម្ចាស់អាគារ ក៏ដូចជាក្រុមហ៊ុនអភិវឌ្ឍន៍អាគារសម្រាប់ជួល គួរមានការបន្ធូរបន្ថយ ឬបញ្ចុះតម្លៃសម្រាប់អតិថិជនរបស់ខ្លួន ដែលយ៉ាងហោចណាស់ក្នុងរង្វង់ចាប់ពី ៣០-៥០ ភាគរយនៃតម្លៃចាស់ ទម្រាំវិបត្តិមួយនេះមានភាពស្ងប់ស្ងាត់ ហើយចរន្តសេដ្ឋកិច្ចចាប់ផ្តើមល្អប្រសើរឡើងវិញ ។
តាមរបាយការណ៍ស្រាវជ្រាវ ដែលចេញដោយក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia កាលពីពេលថ្មីៗនេះបានបង្ហាញថា នៅក្នុងត្រីមានទី១ ដើមឆ្នាំ២០២០ ទីផ្សារនៃការជួលអាគារការិយាល័យ គឺនៅមានតម្រូវការ ដែលស្ថិតនៅក្នុងអត្រាថេរ ដោយសារតែភាគច្រើនទីផ្សារជួលបានធ្វើឡើងតាំងពីចុងឆ្នាំ២០១៩ ឬដើមឆ្នាំ២០២០ ។
នៅក្នុងរបាយការណ៍ដដែលបានបញ្ជាក់ទៀតថា ចរន្តទីផ្សារនៃការជួលអគារសម្រាប់បម្រើជាការិយាល័យ ក្រុមហ៊ុននេះ បានចាប់ផ្តើមជួបឱនភាពនៅក្នុងត្រីមាសទី២ ជាពិសេស នៅក្នុងអំឡុងខែឧសភាឆ្នាំ២០២០ នេះ ហើយអាចនឹងបន្តធ្លាក់ចុះរហូតដល់ដំណាច់ឆ្នាំ២០២០ខាងមុខនេះ៕