អ្នកជំនាញ៖ ការអភិវឌ្ឍនិងទិញ-លក់លំនៅឋាននៅតែមានភាពល្អប្រសើរ

0

ដោយវុត្ថា

ភ្នំពេញៈ អ្នកជំនាញបានអះអាងថា រហូតមដល់ពេលនេះ ការអភិវឌ្ឍ និងការទិញលក់លើវិស័យនៅឋាន នៅក្នុងប្រទេសកម្ពុជា ពុំមានសញ្ញាណាមួយថមថយនោះទេ មានតែការរីកចំរើន និងបោះជំហ៊ានទៅមុខ បើទោះបីកម្ពុជាទទួលរងនូវផលវិបត្តិខ្លះក៏ដោយ។


លោក ហ៊ឹម សីហា នាយកស្រាវជ្រាវនៃក្រុមហ៊ុន Vtrust Appraisal ដែលជាអ្នកធ្វើការផ្ទាល់លើវិស័យលំនៅឋាន បានប្រាប់គេហទំព័រ propertyarea.asia នៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២០នេះឱ្យដឹងថា ទោះបីកម្ពុជាទទួលរងនូវផលប៉ះពាល់ពីជំងឺកូវីដ១៩ ក្នុងរយៈពេលខ្លីក្នុងកន្លងមកនេះ សម្រាប់ការអភិវឌ្ឍគម្រោង និងការទិញលក់លំនៅឋាននៅតែដំណើរការធម្មតា។

លោកថ្លែងថា ចាប់តាំងពីដើមឆ្នាំ រហូតមកដល់ពេលបច្ចុប្បន្ននេះ យើងឃើញមាគម្រោងលំនៅឋានធំៗ និងក្រុមអ្នកទិញលក់នៅតែមានការធ្វើសកម្មភាព ជាពិសេសលើលំនៅឋានពិតប្រកដ ឬផ្ទះដែលមានសំណង់គ្រប់គ្រាន់ តែបើដីធ្លីក្នុងទំហំធំៗអាចមានបញ្ហាខ្លះ

លោកបន្តថា លំនៅឋានពិតប្រកដ ឬលំនៅឋានដែលមានសំណង់គ្រប់គ្រាន់ មានតម្រូវការច្រើន និងគ្មានការថមថយ ជាពិសេសនោះអ្នកអភិវឌ្ឍន៍បានបញ្ចុះតម្លៃ ដែលមានភាពកាន់តែងាយស្រួលដល់ស្វែងរកទិញ។ ម្យ៉ាងទៀត កាលពីក្នុងអំឡុងពេលមានកូវីដ១៩ កន្លងមកនេះ ក៏មានអ្នកដើររកទិញច្រើនផងដែរ ដែលធ្វើឱ្យវិស័យនេះ នៅតែតម្រូវការជារៀងរហូត និងតទៅមុខទៀត។

លោកស្រី តាំង ហ៊ួរ នាយិកាក្រុមហ៊ុនអចលនទ្រព្យ Amaktak Property Service បានប្រាប់ឱ្យដឹងដែរថា លំនៅឋាននៅតែមានតម្រូវការខ្ពស់ ជាពិសេស វិស័យលំនៅឋានសម្រាប់ប្រកបអាជីវកម្ម ដែលអនុញ្ញាតឱ្យអ្នកទិញ អាចមានលទ្ធភាពប្រកបអាជីវកម្មបាន ឬបង្កើតមុខរបរផ្សេងៗទៅតាមតម្រូវការ។  លោកស្រីបន្តថា ម៉្យាងទៀត អ្នកអភិវឌ្ឍលំនៅដ្ឋានមួយចំនួន បានផ្តល់ជូនលក្ខខណ្ឌបង់ប្រាក់ងាយស្រួលដូចជា ការបង់រំលស់ សម្រួលរយៈពេលបង់ឱ្យមានរយៈពេលវែង និងមានការយោគយល់ដល់អតិថិជន ដោយបត់បែនទៅតាមស្ថានភាពអតិថិជនទៀតផង


សម្តេចតេជោ  ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីពេលថ្មីៗនេះ បានស្នើដល់ក្រុមហ៊ុនដែលធ្វើការ អភិវឌ្ឍន៍លំនៅឋានទាំងអស់ ពិនិត្យលទ្ធភាពក្នុងការបញ្ចុះតម្លៃជូនប្រជាពលរដ្ឋ ដែលមានតម្រូវការផ្ទះជាចាំបាច់ ខណៈដែលរាជរដ្ឋាភិបាលសម្រេចលើកលែងពន្ធប្រថាប់ត្រា ចំពោះផ្ទះដែលមានតម្លៃក្រោម៧ម៉ឺនដុល្លារ ក្នុងរយៈពេល១ឆ្នាំផងដែរ។

យោងតាមរបាយការស្រាវជ្រាវរបស់អ្នកជំនាញ បានអះអាងកន្លងមកនេះថា ប្រទេសកម្ពុជា មានតម្រូវការលំនៅឋានប្រមាណ៥ម៉ឺនខ្នងក្នុងមួយឆ្នាំៗ ខណៈភាគច្រើនជាតម្រូវការបស់យុវជន ដែលទើបរៀងការរួច និងអ្នកដែលមានវ័យកណ្តាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here