បើមានថវិកាក្រោម ១០ម៉ឺនដុល្លារ តើគួរទិញលំនៅដ្ឋាននៅតំបន់មួយណាក្នុងរាជធានីភ្នំពេញ?

0

ដោយ ហ្សូលី

ភ្នំពេញ៖ ទីផ្សារលំនៅដ្ឋានកំពុងមានភាពរីកលូតលាស់ជាបន្តបន្ទាប់នៅក្នុងប្រទេសកម្ពុជា ដែលនេះជាសបញ្ជាក់ឱ្យឃើញពីសក្តានុពលនៃការវិនិយោគអចលនទ្រព្យ និងតម្រូវការអចលនវត្ថុក្នុងប្រទេស។ ដោយឡែក ស្ថិតក្នុងស្ថានការណ៍វិបត្តិសេដ្ឋកិច្ចពិភពលោកដោយសារការរងឥទ្ធិពលពីមេរោគរាតត្បាត តើអ្នកដែលមានថវិកាសមល្មមក្រោម ១០ ម៉ឺនដុល្លារ គួរតែសម្រេចចិត្តទៅវិនិយោគនៅតំបន់មួយណាក្នុងទីក្រុងភ្នំពេញ?

អ្នកជំនាញអចលនទ្រព្យ លោក សោម កែវម៉ាលីដា បានមានប្រសាសន៍ប្រាប់តាមទូរសព្ទមកកាន់គេហទំព័រ Property Area Asia នៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២០នេះថា សម្រាប់បងប្អូនដែលចង់ជាវលំនៅដ្ឋានសម្រាប់រស់នៅក៏បានផងឬថ្ងៃក្រោយចង់លក់ចេញវិញដើម្បីទទួលបានផលចំណេញទៅថ្ងៃក្រោយនោះ អាចវិនិយោគទៅលើតំបន់ជាយក្រុងបាន។

លោកបន្តថា ក្នុងករណីដែលអ្នកមានថវិកាត្រឹម ៧ ម៉ឺន ឬក្រោម ១០ ម៉ឺនដុល្លារនោះ អាចសម្លឹងមកតំបន់ក្បែរផ្លូវជាតិលេខ ២ ឬផ្លូវជាតិលេខ ៣ តំបន់កៀនស្វាយ និងតំបន់អរិយក្សត្រ ត្រើយម្ខាងក៏បាន ព្រោះតំបន់ទាំងអស់នេះសុទ្ធតែល្អនៅក្នុងពេលអនាគត។

ជាមួយគ្នានេះ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Easy Property លោក ម៉ម សិរីបញ្ញា បានលើកឡើងថា សម្រាប់អ្នកមានថវិកាក្រោម ១០ម៉ឺនដុល្លារ អាចទិញលំនៅដ្ឋានបាននៅក្នុងតំបន់ខណ្ឌដង្កោរ ឬខណ្ឌកំប៉ូល ព្រោះថានៅតំបន់នេះកំពុងមានការអភិវឌ្ឍជាហូរហែទៅលើវិស័យលំនៅដ្ឋាន។ ម្យ៉ាង ទីតាំងនោះគឺសាកសមសម្រាប់គ្រួសារខ្នាតតូចដែលចង់រស់នៅក្នុងទីក្រុងភ្នំពេញ ថ្វីត្បិតតែឆ្ងាយពីកណ្តាលក្រុងក៏ពិតមែន តែហ៊ុមព័ទ្ធទៅដោយផ្សារ ឬតំបន់រកស៊ី។

អ្នកជំនាញអចលនទ្រព្យមួយរូបទៀតគឺលោក ហៃ រ៉ាវី នាយកក្រុមហ៊ុនអចលនទ្រព្យ Daily Realty Group ធ្លាប់មានប្រសាសន៍កាលពីពេលកន្លងទៅថា អ្នកដែលមានជីវភាពមធ្យមចង់ស្វែងរកលំនៅដ្ឋានសមស្របក្នុងការរស់នៅនិងចង់ស្ថិ្តតនៅក្នុងតំបន់ទីប្រជុំជន ឬអាចលក់ចេញវិញបាននៅថ្ងៃអនាគត សូមសាកល្បងក្រឡេកទៅខណ្ឌច្បាតអំពៅ ឬព្រែកព្នៅ។

លោកបញ្ជាក់ប្រាប់ពីហេតុផលដែលគួរទិញលំនៅដ្ឋាននៅតំបន់នោះ ព្រោះទីនោះមានប្រជាពលរដ្ឋសម្រុកទៅច្រើន និងមានរោងចក្រ សហគ្រាស នៅជុំវិញ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធមានភាពរលូនស្រួលទៀតផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here