វិភាគ៖ តើ​អ្នកវិនិយោគ​ចិន​មាន​សារសំខាន់​ដូចម្តេច​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា?

0

ដោយ ប៊ី

ភ្នំពេញ៖ បច្ចុប្បន្ន​មានការ​សង្កេតឃើញថា ប្រជាជន​ចិន​ចាប់ផ្តើម​ត្រឡប់មក​កម្ពុជាបណ្តើរៗ ប៉ុន្តែ​គេ​មិនទាន់​ច្បាស់​ថា តើ​ការមកដល់​របស់​ពួកគេ​ក្នុង​គោលបំណង​អ្វី ខណៈ​មាន​ទស្សនៈ​ជាច្រើន​ជុំវិញ ការ​ត្រឡបមកវិញ​របស់​វិនិយោគិន​ចិន​ថា នឹង​ផ្តល់​ប្រយោជន៍​ច្រើន​ចូលក្នុង​វិស័យ​អចលនទ្រព្យ ដែល​កំពុង​រង​ផលប៉ះពាល់​ដោយ​ជំងឺ​រាតត្បាត COVID-19 ។

កាលពីពេលថ្មីៗនេះ សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ត្រូវបាន​រំពឹងថា នឹង​ងើប​ឡើងវិញ​នៅក្នុង​ត្រីមាស​ទី២ ខណៈ​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា បាន​អះអាង​ការ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​ចិន នឹង​ជះឥទ្ធិពល​វិជ្ជមាន ដល់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ដោយសារ​វិនិយោគិន​ចិន​ឈរ​នៅ​លំដាប់​លេខ១ក្នុង​វិស័យនេះ។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក​ច្រឹ​ក សុនី​ម បាន​ប្រាប់​គេហទំព័រ Propertyarea.asia នៅថ្ងៃនេះ​ថា ចិន​បាន​បោះទុន​វិនិយោគ​ច្រើនជាងគេ នៅក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ខណៈ​វិនិយោគ​ចិន​មាន​ភាព​វ័យឆ្លាត និង​ដឹង​ច្បាស់​ពី​សក្តានុពល​របស់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា។

លោក​បាន​ថ្លែងថា “មុននឹង​វិនិយោគ​ក្នុង​វិស័យ​អ្វីមួយ អ្នកវិនិយោគ​បរទេស មិនថាតែ​ចិន​នោះទេ ពួកគេ​សុ​ទ្ឋ​តែ​បាន​សិក្សា​ច្បាស់លាស់​ជាមុនសិន។ ដូច​បានឃើញ​គម្រោង​ជាច្រើន ដែល​វិនិយោគ​ដោយ​ជនជាតិ​ចិន​នៅ​កម្ពុជា ជា​គំរោង​ដែល​ផ្តល់​ផលប្រយោជន៍ និង​ចំណេញ​យ៉ាងច្រើន​នាពេល​អនាគត” ។

លោក​បាន​ថ្លែងថា “បញ្ហា​ប្រឈម​បច្ចុប្បន្ន​គឺជា​បញ្ហា​រយៈពេល​ខ្លី ហើយ​នៅពេលអ្វីៗត្រឡប់​មករក​សភាព​ធម្មតា​ឡើងវិញ វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​នឹង​កំណើន​កាន់តែខ្លាំង​ជាង​មុន​ទៅទៀត” ។ លោក​បាន​បន្តថា “ការ​ងើប​ឡើងវិញ​សេដ្ឋកិច្ច​ចិន គឺជា​រឿង​ល្អ​មួយ​សម្រាប់​អចលនទ្រព្យ​នៅ​កម្ពុជា ព្រោះ​គាត់​នឹង​មក​បន្ត​ការវិនិយោគ​នៅ​កម្ពុជា” ។

ចិន​ឈរ​ក្នុង​លំដាប់​ទី១ ដែល​បាន​ចាក់​បញ្ចូល​ការវិនិយោគ​ផ្ទាល់​ពី​បរទេស ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ខណៈ​ទុនវិនិយោគ​របស់​ចិន​មាន​ប្រមាណ​ជាង ១០០០ពាន់​ប៊ី​លាន​រៀល ស្ថិតនៅ​នាំមុខ​ក្នុងចំណោម​ប្រទេសធំៗ​ចំនួន៤​ផ្សេងទៀត ដែល​កំពុង​វិនិយោគ​លើ​វិស័យនេះ។ នេះ​បើ​យោងតាម​របាយការណ៍​ប្រចាំឆ្នាំ ២០១៩ របស់​ធនាគារជាតិ​នៃ​កម្ពុជា​ដែល​ចេញ​កាលពី​ដើមខែ​នេះ។

របាយការណ៍​បានឱ្យដឹងថា “លំហូរ​ចូល​ទុនវិនិយោគ ក្នុង​វិស័យ​អចលនទ្រព្យ​នេះ ក្នុងនោះ ចិន​មាន​ទុនវិនិយោគ​ជាង១ពាន់​ប៊ី​លាន​រៀល ដោយ​ឈរ​ក្នុង​លំដាប់​ទី១,សិង្ហ​បុរី ចំនួន ២៧១ប៊ី​លាន​រៀល ឈរ​ក្នុង​លំដាប់​ទី២, អាមេរិក​ជាង ២១៤ ប៊ី​លាន​រៀល ឈរ​ក្នុង​លំដាប់​ទី៣, កូរ៉េខាងត្បូង​ចំនួន ១០៩ ប៊ី​លាន​រៀល, ជប៉ុន ៦២ ប៊ី​លាន​រៀល និង​ប្រទេសផ្សេងៗទៀត​ប្រមាណ​ជាង ៧៨ ប៊ី​លាន​រៀល” ។

ជាមួយគ្នានេះ នាយិកា​ប្រចាំ​ប្រទេស​ក្រុមហ៊ុន​ភ្នាក់ងារ អចលនទ្រព្យ​អន្តរជាតិ CBRE Cambodia លោកស្រី​អាន សុធី​តា បាន​មានប្រសាសន៍​ឲ្យ​ដឹងផង​ដែរ​ថា ការ​ងើបឡើង​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន នឹង​ផ្តល់​ផល​វិជ្ជមាន ដល់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ខណៈ​បច្ចុប្បន្ន​វិបត្តិ​ការ​ COVID-19 ធ្វើឱ្យមាន​ផលប៉ះពាល់​ជាស​កល មិន​ត្រឹមតែ​កម្ពុជា​ប៉ុណ្ណោះ​ទេ។

លោកស្រី​បាន​បន្តថា “ការបើក​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន នឹង​ផ្តល់​ប្រយោជន៍​ដល់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ប៉ុន្តែ​វា​ទាមទារ​រយៈពេល​ទៅខាង​មុខ សម្រាប់​កម្ពុជា​ទទួលបាន​ចំហាយ​កំណើនសេដ្ឋកិច្ច​របស់​ចិន” លោក​បាន​លើកឡើងថា “យើង​ដឹង​ហើយ ចិន​ឈរ​នៅ​លំដាប់​កំពូល​នៃ​អ្នកវិនិយោគ ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា” ។

សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ត្រូវបាន​រំពឹងថា នឹង​ងើប​ឡើងវិញ​នៅក្នុង​ត្រីមាស​ទី២ បន្ទាប់ពី​បាន​ធ្លាក់ចុះ​នៅក្នុង​ត្រីមាស​ទី១ ចំពេល​ដែល​ការរីក​រាលដាល​នៃ​ជំងឺ Covid-19 ។ នេះ​បើតាម​ការព្យាករណ៍​រប​ស់​សេដ្ឋវិទូ​កាល​ពីស​ប្តា​ស៍​មុន។

លោក Piao Renjin អ្នកវិភាគ​ប្រចាំ​ក្រុមហ៊ុន NH Investment & Securities នៅ​ទីក្រុង​សេ​អ៊ូ​ល​បាន​និយាយថា ប្រទេស​ចិន​បាន​ឆ្លើយតប​យ៉ាង​ឆាប់រហ័ស ចំពោះ​ការរីក​រាលដាល នៃ​ការ​គ្របដណ្តប់​លើ​ជំងឺ Covid-19 ដោយមាន​កញ្ចប់​ថវិកា​ជំរុញ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នាំឱ្យ​មានការ​ស្ទុះ​ងើបឡើង​វិញ យ៉ាង​ឆាប់រហ័ស​នៅក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ។

អ្នកវិភាគ​រូបនេះ​បាន​និយាយថា “រដ្ឋាភិបាល​ចិន​ត្រូវបាន​គេ​ព្យាករណ៍​ថា នឹង​ពង្រីក​វិធានការ​ជំរុញ​សារពើពន្ធ​និង​រូបិយវត្ថុ ហើយ​អ្នក​អាច​មើលឃើញ​ការ​ងើប​ឡើងវិញ នៅក្នុង​ប្រទេស​ចិន​ក្នុង​ត្រីមាស​ទី២” ៕

កាលពី​ថ្ងៃ​ពុធ​ទី៥ ខែកុម្ភៈ ឆ្នាំ ២០២០ សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ទៅ​ប្រទេស​ចិន។

អ្នកវិភាគ​បានលើកឡើង​ថា ដំណើរ​ទស្សនកិច្ច​រប​ស់ស​ម្តេច​តេ​ជោ នឹង​ផ្តល់​ផល​វិជ្ជមាន​ច្រើន​ដល់​កម្ពុជា ដោយ​នឹង​នាំមក​វិនិយោគ​ចិន​ចូល​កម្ពុជា​បន្ថែម ខណៈ​វិនិយោគ​ចិន​បាន និង​កំពុង​ឈរលើ​លំដាប់​កំពូល​នៃ​វិនិយោគិន​បរទេស​នៅ​កម្ពុជា។

លោក​បណ្ឌិត​ហុង វណ្ណៈ  អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​បាន​ធ្លាប់​ប្រាប់​គេ​ទំព័រ Propertyarea.asia ថា ដំណើរ​ទស្សនកិច្ច​រប​ស់ស​ម្តេច ទៅ​ជួប​ជាមួយ ឯកឧត្តម​ស៊ី ជីន​ពីង កាលពីពេលថ្មីៗនេះ មាន​សញ្ញា​ល្អ​ច្រើន ហើយ​នឹងមាន​វិនិយោគ​ត្រឡប់​វិញ ព្រោះ​ក្រុមហ៊ុនធំៗនៅ​ប្រទេស​ចិន ជាទូទៅ​មានការ​ជាប់​ពាក់ព័ន្ធ និង​ការគាំទ្ររ ដ្ឋា​ភិ​បាល​ចិន។

លោក​មានប្រសាសន៍ថា “កត្តា​នេះហើយ​ដែល​ប្រធានាធិបតី​បាន​អះអាងថា ចិន មាន​គម្រោង​រួចហើយ គិតគូរ​រួចហើយ ដូច្នេះ​អ្នកវិនិយោគ​ចិន​ប្រាកដជា​ត្រឡប់មកវិញ” ។

លោក​បាន​ថ្លែងថា “វា​ជា​កិច្ចសហប្រតិបត្តិការ លើ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​គោលនយោបាយ​ជោគវាសនា​តែមួយ របស់​ប្រទេស​ទាំងពីរ និង​កិច្ចព្រមព្រៀង​នៅតែមាន​ជា​ធរមាន​នៅឡើយ” ។ លោក​បន្តថា “ក្នុងករណី​ដែលមាន​វិនិយោគិន​មួយចំនួន​មក​ប្រទេស​កម្ពុជា ហើយ​ត្រឡប់​នៅ​វិញ គឺមាន​តែមួយ​ចំនួន​តូច​ទេ ដោយសារ​ការរកស៊ីរ​បស់​គាត់​មិន​ចំណេញ កត្តា​ខ្លះទៀត​មកពី EBA ដូរ​ទៅរក​ស៊ី​នៅ​ប្រទេស​ផ្សេង កត្តា​ខ្លះទៀត​ដូរ​ឈ្មោះ​ក្រុមហ៊ុន​រកស៊ី” ។

វិស័យ​ជាទូទៅ​ដែល​ភាគី​ចិន នឹង​មក​វិនិយោគ​វិស័យ​ច្រើន ក្នុងនោះ​វិស័យ​កាត់ដេរ វិស័យ​ថាមពល វិស័យ​រ៉ែ វិស័យ​ទេសចរណ៍ អចលនទ្រព្យ លើ​កសិកម្ម វិស័យ​អេ​ឡិច​ត្រូ​និ​ច និង​ធានា​គារ​ផងដែរ។

លោក​បណ្ឌិត​ហុង វណ្ណៈ​បាន​និយាយថា “ការ​ត្រឡប់មកវិញ​របស់​អ្នកវិនិយោគ​ចិន​នឹង​ផ្តោត​ទៅ​វិស័យ​ចំរុះ ប៉ុន្តែ​យើង​មិនមាន​ហេតុផល​ណា ដើម្បី​ពន្យល់ថា​តើ​វិស័យ​មួយណា​លេចធ្លោ​ជាង​វិស័យ​ណា​ទេ។ វា​ទៅតាម​ការចាប់អារម្មណ៍​របស់​វិនិយោគិន​ចិន។លោក​ឱ្យដឹងទៀតថា “ការវិល​ត្រឡប់មកវិញ​លើក​នេះ មាន​រយៈ​វែង ឬ​ខ្លី​អាស្រ័យទៅលើ​វិស័យ​ដែល​គាត់​វិនិយោគ។ វិស័យ​ឧ​ស្សហកម្ម​ធន​មធ្យម និង​ធ្ងន់ វិស័យ​កសិកម្ម និង​វិស័យ​អចលនទ្រព្យធំៗគឺ​វិស័យ​ដែលមាន​វិនិយោគ​រយៈពេល​វែង” ។

លំហូរ​នៃ​ការវិនិយោគ​ដោយផ្ទាល់​ពី​បរទេស ចូលក្នុង​វិស័យ​អចលនៈទ្រព្យ (រួមបញ្ចូល​ទាំង​អចលនទ្រព្យ និង​ខុន​ដូ​គ្រប់​ប្រភេទ) នៅ​កម្ពុជា​ត្រូវបាន​ប៉ាន់ប្រមាណ​ថា មាន​ចំនួន​ជាង៤៣៧លាន​ដុល្លារ​ក្នុង​ឆ្នាំ២០១៩ ។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី​របាយការណ៍​ត្រួតពិនិត្យ​ប្រចាំឆ្នាំ​របស់​ធនាគារជាតិ​នៃ​កម្ពុជា ដែល​បានចេញ​ផ្សាយ នៅ​ថ្ងៃទី២៧ ខែមេសា​ឆ្នាំ ២០២០ ។

ក្នុងចំណោម​លំហូរ​នៃ​ការវិនិយោគ ដោយផ្ទាល់​ពី​បរទេស​សរុប ទៅក្នុង​វិស័យ​អចលនទ្រព្យ​ប្រទេស​ចិន មាន​ទំហំ​ទុនវិនិយោគ​ធំជាងគេ​នៅ​កម្ពុជា។ ប្រទេស​ចិន​បាន​ចូលរួម​វិភាគទាន​ប្រហែល៥៨,៨ ភាគរយ (ឬ​ជាង២៦២ លាន​ដុល្លារ) នៃ​នៃ​ការវិនិយោគ​ដោយផ្ទាល់​ពី​បរទេស​សរុប បន្ទាប់មក​ប្រទេស​សិង្ហ​បុរី ១៥,២ ភាគរយ ឬ៦៧,៧៥ លាន​ដុល្លារ អាមេរិក៥៣,៥ លាន​ដុល្លារ ២៧,២៥លាន​ដុល្លារ​ពី​ប្រទេស​កូរ៉េខាងត្បូង និង១៥,៥ លាន​ដុល្លារ​ពី​ប្រទេស​ជប៉ុន និង ១៩,៥ លាន​ដុល្លារ​ពី​ប្រទេស​ដទៃទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here