ដោយៈ រ៉ាណេត
ក្រចេះ មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានចុះត្រួតពិនិត្យ កិច្ចអនុវត្តការងារនៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II) នៅខេត្តក្រចេះ ស្រុកព្រែកប្រសព្វ ដែលមានសម្បទានិកសរុបចំនួន៤០០គ្រួសារ ។

-->
អគ្គនាយករងនៃអគ្គនាយកដ្ឋានលំនៅឋាន នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជានាយកគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II) លោក ដោក ដូម៉ា នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ បានដឹកនាំក្រុមការងារជំនាញថ្នាក់ខេត្ត ស្រុក និងឃុំ ចុះពិនិត្យការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ ។
លោកដោក ដូម៉ា បានមានប្រសាសន៍ប្រប់ឱ្យដឹងថា “ក្នុងដំណើរការនៃការអនុវត្តក្នុងគម្រោងអភិវឌ្ឍន៍នេះរួមមាន ការស្ថាបនាផ្លូវដីស ការសាងសង់លូ និងការសាងសង់ប្រព័ន្ធធារាសាស្ត្រខ្នាតតូច ដើម្បីបម្រើដល់ការប្រើប្រាស់ប្រចាំថ្ងៃ របស់សម្បទានិករបស់គម្រោង LASEDII ស្ថិតនៅក្នុងទីតាំងដីសម្បទានសង្គមកិច្ចនៅឃុំចំបក់ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ” ។
នៅក្នុងការចុះពិនិត្យការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនោះ លោក ដោក ដូម៉ា បានផ្តាំផ្ញើដល់ក្រុមការងារ និងមន្ត្រីបច្ចេកទេសរបស់គម្រោង ត្រូវផ្តោតការយកចិត្តទុកដាក់លើការសាងសង់ និងស្ថាបនាសំណង់នីមួយៗ ស្របទៅតាមស្តង់ដារបច្ចេកទេស និងឱ្យបានទាន់ពេលវេលាដែលបានកំណត់ ដើម្បីសម្បទានិកឆាប់បានប្រើប្រាស់ និងធានាគុណភាពប្រើប្រាស់បានយូរអង្វែង ។
នៅទីតាំងដីសម្បទានសង្គមកិច្ចនៅឃុំចំបក់ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះនេះមានសម្បទានិកសរុបចំនួន ៤០០គ្រួសារដែលភាគច្រើនប្រករបរកសិកម្ម។ ហេតុនេះការកសាងនូវប្រព័ន្ធស្រោចស្រពខ្នាតតូច និងផ្លូវដីសនេះ គឺជាការផ្តល់នូវលទ្ធភាពបន្ថែមទៀតដល់សម្បទានិកក្នុងការបង្កើនផល និងដឹកជញ្ជូនកសិផល។
ដំណើរការកំណត់អត្តសញ្ញាណដីសម្រាប់រៀបចំផែនទី ការផ្តល់សិទ្ធិកាន់កាន់ដីធ្លី និងការបែងចែកដីធ្លីរបស់គម្រោង ទទួលបានជោគជ័យគួរកត់សំគាល់ក្នុងការជៀសផុតពីផលប៉ះពាល់ជាអវិជ្ជមានដល់សប្បទានិក (អ្នកប្រើប្រាស់ដី) ទោះជាយ៉ាងណាក៏ដោយ ការទាមទារ តវ៉ា ក៍អាចនឹងកើតមានទ្បើងមិនអាចជៀសផុត នៅគម្រោងខាងមុខ ហេតុនេះហើយត្រូវការការគ្រប់គ្រងបញ្ហាទាំងអស់នេះ ប្រកបដោយតម្លាភាពជាទីបំផុត។
យន្តការដោះស្រាយបណ្តឹងតវ៉ា របស់គម្រោងជំហាន២ (LASED-II) ត្រូវបានកត់សម្គាល់ឃើញថា មិនមានលក្ខណៈគ្រប់ជ្រុងជ្រោយនៅឡើយទេ។ ទោះបីការអនុគម្រោងហេដ្ឋារចនាសម្ព័ន្ធ បានជៀសផុតពីផលប៉ពាល់ដីកម្មសិទ្ធិ ដែលអាចត្រូវគេទាមទារសំណង ប៉ុន្តែក៏ត្រូវត្រៀមលក្ខណៈ សម្រាប់កន្លែងផ្សេងទៀត បើមានការប៉ះពាល់។

ការចេញប័ណ្ណកម្មសិទ្ធិដីធ្លី ក្នុងទីតាំងគម្រោងសម្បទានដីសង្គមកិច្ច និងការកំណត់ព្រំប្រទល់នៃតំបន់ទាំងនោះ ក៏ត្រូវបានកត់សម្គាល់ថា មិនទាន់ទទួលបានជោគជ័យពេញលេញនៅឡើយដែរ ក្នុងន័យធានាសុវត្ថិភាពទទួលសិទ្ធិកាន់កាប់ដីធ្លីរបស់សម្បទានិក៕