ផ្នែកសំខាន់ៗចំនួនបីនៃអចលនទ្រព្យកម្ពុជាប្រឈមមុខនឹងការងើបឡើងយឺត

0

ដោយ ហ្សូលី

ភ្នំពេញៈ វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា កំពុងឈានមុខគេក្នុងចំណោមវិស័យដទៃទៀត ដែលមានការអភិវឌ្ឍឆាប់រហ័ស និងរីកចម្រើនរយៈពេលដ៏ខ្លី។ យ៉ាងណាម៉ិញ នៅពេលជួបប្រទះវិបត្តិសេដ្ឋកិច្ចពិភពលោក វិស័យនេះក៏ទទួលរងឥទ្ធិពលខ្លាំងដូចគ្នា។


អចលនទ្រព្យចំនួន៣ផ្នែកប្រឈមមុខនឹងការងើបឡើងយឺត អំឡុងការធ្លាក់ចុះនៃសេដ្ឋកិច្ចកម្ពុជា រួមទាំងពិភពលោកនេះមានដូចជា តម្លៃដី ព្រោះអចលនវត្ថុនេះគឺជាចំណុចខ្លាំងមួយ នៅក្នុងវិស័យអចលនទ្រព្យកម្អុជា ប៉ុន្តែមិនសូវជាមានការទាក់ទាញខ្លាំងនោះទេ បើប្រៀបធៀបជាមួយអចលនទ្រព្យដទៃ ដូចជា លំនៅដ្ឋានជាដើម។ ដីធ្លីស្ថិតនៅក្នុងចំនុចមួយ ដែលវិនិយោគិនត្រូវបារម្ភ តែបើសិនជាCovid-19 នៅតែមានភាពស្ងប់ស្ងាត់ក្នុងរយៈពេល៣ខែទៀតនោះ តម្លៃដីធ្លីនឹងមិនធ្លាក់ចុះឡើយ ពោលគឺតម្លៃថេរដដែលក្នុងឆ្នាំ ២០២០នេះ។

យោងតាមការចុះផ្សាយរបស់ទស្សនាវដ្តីForbes ដែលបានចេញផ្សាយនៅថ្ងៃ២១ ឧសភា ឆ្នាំ ២០២០នេះបានឱ្យដឹងទៀតថា តម្លៃជួលអគារពាណិជ្ជកម្ម និងទីផ្សារលក់រាយក្នុងប្រទេសកម្ពុជា អាចនឹងមានការប្រែប្រួល សូម្បីតែការជួលការិយាល័យក៏ដោយ។ រដ្ឋាភិបាលកម្ពុជា មិនទាន់បានដាក់ចេញនូវច្បាប់ ដែលកំណត់ឲ្យម្ចាស់ជួលត្រូវបញ្ចុះតម្លៃដល់អ្នកជួលជាផ្លូវការនៅឡើយទេ។ ជាក់ស្តែង ការបញ្ចុះតម្លៃជួលកើតចេញពីការចរចារវាងម្ចាស់ជួលនិងអ្នកជួលប៉ុណ្ណោះ។

សម្រាប់អគារពាណិជ្ជកម្ម តម្រូវការនៃក្រុមហ៊ុនអន្តរជាតិ ដែលវិនិយោគនៅកម្ពុជាកំពុងតែស្ថិតក្នុងសភាពមិនច្បាស់លាស់ ព្រោះវិនិយោគិនទាំងនោះ រង់ចាំមើលសភាពការណ៍ក្នុងប្រទេស ជាពិសេសគឺតម្លៃជួល។

សេដ្ឋវិទូប្រចាំទស្សនាវដ្តីForbes បានព្យាករណ៍ថា តម្លៃជួលអាចនឹងបន្ធូរបន្ថយប្រមាណ២០ភាគរយ ត្រឹមចុងឆ្នាំ ២០២០។


ទីផ្សារលក់រាយរបស់កម្ពុជា អាចប្រឈមនឹងផលប៉ះពាល់ខ្លាំងគួរសម ដោយហេតុថា នៅក្នុងទីក្រុងភ្នំពេញ មានការបិទភោជនីយដ្ឋាន កន្លែងកម្សាន្ត បារ និងបៀរហ្គាឌិន ជាច្រើន ព្រោះគ្មានអតិថិជនទិញ។ ដូចនេះទាំងការផ្គត់ផ្គង់ និងតម្រូវការទៅលើទីផ្សារលក់រាយនេះ នឹងធ្លាក់ចុះតម្លៃគ្រប់ទីកន្លែងចាប់ពី១៥ភាគរយ ដល់៣០ភាគរយ ក្នុងឆ្នាំនេះ។

ចុងក្រោយគឺខុនដូ ដែលវិស័យនេះមានតម្រូវការ និងទាក់ទាញច្រើនចំពោះអតិថិជនជាជនបរទេស។ តម្លៃលក់ខុនដូកម្រិតមធ្យម ដល់កម្រិតខ្ពស់ នៅតែអូសទាញអតិថិជនបរទេសបាន តែបើសម្លឹងទៅចំនុចអវិជ្ជមានឃើញថា តម្រូវការខុនហាក់បីដូចជាស្ងប់ស្ងាត់ជាងមុន។ ចំណែកឯចំណុចវិជ្ជមានវិញ តម្រូវការខុនដូច្រើនតែជាជនជាតិចិនវិញ ព្រោះបច្ចុប្បន្នចិន មានភាពធូរស្រាលនិងស្តារសេដ្ឋកិច្ចបានមកវិញ។

ទោះបីជាមានតម្រូវការពីចិនក្តី តែតម្លៃនៅតែធ្លាក់ចុះ ដោយសារវិនិយោគិនស្នើសុំបញ្ចុះតម្លៃ ជៀសវាងការខាតបង់ក្នុងការវិនិយោគលើវិស័យខុនដូនេះ។ ភាពច្បាស់លាស់ និងជាក់លាក់ មិនទាន់មាននៅឡើយទេក្នុងទីផ្សារខុនដូ ដែលគេអាចរង់ចាំមើលរហូតដល់ចុងឆ្នាំ២០២០ សិន៕

ប្រភពForbes

LEAVE A REPLY

Please enter your comment!
Please enter your name here