កំពត​ជា​ខេត្ត​ដែលមាន​ភាព​ទាក់ទាញ​វិនិយោគ​អចលនទ្រព្យ​ក្នុង​វិបត្តិ Covid-19

0

ដោយ ៖ រ៉ា​ណេ​ត

កំ​ពតៈ ស្ថិតនៅក្នុង​វិបត្តិ​នៃ​ជំងឺឆ្លង​Covid-19 ដែល​បាន​បង្ក​ភាពភ័យខ្លាច​ដល់​មនុ ស្ស​ទូទៅ និង​បាន​ជះឥទ្ធិពល​អវិជ្ជមាន​ស្ទើរ​គ្រប់​វិស័យ រួមទាំង​ផ្នែក​អចលនទ្រព្យ​ផងដែរ​នោះ ប៉ុន្តែ​សម្រាប់​ការទិញ-លក់ ដីធ្លី​នៅក្នុង​ដែនដី​នៃ​ខេត្តកំពត ហាក់​មិន​ទ្រុឌទ្រោម​នោះឡើយ ផ្ទុយទៅវិញ​គឺ​នៅតែមាន​ភាព​ទាក់ទាញ លើ​ការវិនិយោគ​គួរឱ្យកត់សម្គាល់ ជាពិសេស​ការអភិវឌ្ឍ​លំនៅដ្ឋាន​បែប​លំហែរ។

នាយិកា​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ AMATAK Property Service លោកស្រី តាំង ហួរ បាន​មានប្រសាសន៍ប្រាប់​តាម​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ថា ទំនោរ​នៃ​ការវិនិយោគ និង​អភិវឌ្ឍ​លើ​វិស័យ​លំនៅដ្ឋាន​បែប​លំហែរ​កាយ​នៅក្នុង​ខេត្តកំពត ក៏​ព្រោះតែ​ខេត្ត​នេះ​គឺជា​គោលដៅ​ទេសចរណ៍ ដ៏​មាន​សក្ដានុពល​បើ​ប្រៀបធៀប​ទៅនឹង​បណ្តា​ខេត្ត​មួយចំនួនទៀត។

លោកស្រី​បាន​មានប្រសាសន៍​ទៀតថា “បើ​និយាយ​ពី​ការអភិវឌ្ឍ​លំនៅដ្ឋាន​បែប​លំហែរ​កាយ នៅតាម​តំបន់​កម្សាន្ត​មួយចំនួន​នៅតែមាន​តម្រូវការ ដែល​វា​ជា​ផ្នែក​មួយ​យ៉ាងសំខាន់​ក្នុង​ចរន្ត​ទិញ-លក់ ដីធ្លី​នៅក្នុង​ខេត្តកំពត ហើយក៏​ជា​ចលករ​ជួយ​ជំរុញ​ឱ្យ​តម្លៃ​ដី​ឱ្យមាន​ភាពល្អប្រសើរ និង​មាន​កំណើន​ជា​បន្តបន្ទាប់” ។

លោកស្រី​បាន​បញ្ជាក់ថា ខេត្តកំពត​នឹងមាន​ការអភិវឌ្ឍ​លឿន ដោយសារ​ការខិតខំ​អភិវឌ្ឍ​របស់​រាជរដ្ឋាភិបាល ដូចជា គម្រោង​ផ្លូវ​រថភ្លើង​ល្បឿន​លឿន ការពង្រីក​ផ្លូវជាតិ​លេខ៣ គម្រោង​កំពង់ផែ​ទេសចរណ៍ គម្រោង​កំពង់ផែ​ទឹក​ជ្រៅ គម្រោង​បង្កើត​ឧទ្យាន​ជាតិ សម្ដេច ហ៊ុន សែន កំពត រួម​ជាមួយនឹង​គម្រោង​អភិវឌ្ឍន៍​ជាច្រើន​ទៀត​ដែល​ចូលរួម​ពី​វិស័យ​ឯកជន​ផងដែរ។

ខេត្តកំពត​មួយរយៈ​ពេល​ចុងក្រោយ គឺ​កំពុងតែ​ព្យាយាម​បង្ហាញ​ពី​សក្ដានុពល រួមជាមួយ​គម្រោង​អភិវឌ្ឍ​នានា​ជាច្រើន ជាពិសេស​ពាក់ព័ន្ធ​នឹង​គម្រោង​អភិវឌ្ឍ​លើ​វិស័យ​ទេសចរណ៍​កម្សាន្ត​បែប​ធម្មជាតិ និង​តំបន់​សមុទ្រ ខណៈដែល​គម្រោង​កំពង់ផែ​ទេសចរណ៍​របស់​រដ្ឋាភិបាល កំពុងតែ​ព​ន្លឿ​ន​ការសាងសង់ បន្ថែម​ពីលើ​គម្រោង​អភិវឌ្ឍ​ជាច្រើន​ទៀត​ពី​វិស័យ​ឯកជន។

អគ្គនាយក​ក្រុមហ៊ុន​អចល​ទ្រព្យ R Investment Group លោក​ឧកញ៉ា តេង រិទ្ធី  ដែល​បាន​បណ្តាក់​ទុនវិនិយោគ​ជាច្រើន​លាន​ដុល្លារ ទៅលើ​ការសាងសង់​លំនៅដ្ឋាន​បែប​លំហែរ​កាយ នៅក្នុង​ទឹកដី​នៃ​ខេត្ត​ដ៏​ទាក់ទាញ​ផ្នែក​ទេសចរណ៍​មួយ​នេះ បាន​មានប្រសាសន៍ថា ខេត្តកំពត​មាន​ភាពខុសប្លែក​ពី​បណ្តា​ខេត្ត​ដទៃ ដែលមាន​ភាពស្ងប់ស្ងាត់​ក្នុង​ការទិញ-លក់ នៅក្នុង​វិបត្តិ​ជំងឺ Covid-19 ។

លោក​បាន​បន្តទៀតថា “បច្ចុប្បន្ននេះ​មាន​អ្នកវិនិយោគ​ជាច្រើន បាន​ទម្លាក់​ទុន​ធ្វើការ​អភិវឌ្ឍ​តំបន់​មួយចំនួន ឱ្យក្លាយ​ទៅជា​តំបន់​កម្សាន្ត​បែប​កែច្នៃ និង​ធម្មជាតិ ជាពិសេស​តំបន់​ដែល​ស្ថិតនៅ​ជាប់មាត់​ព្រែក ជាប់​សមុទ្រ និង​តំបន់​ក្បែរ​ជើងភ្នំ” ។ លោក​បន្តថា “ជាមួយនឹង​សកម្មភាព​ដែល​កំពុងអភិវឌ្ឍន៍ ក៏មាន​គម្រោង​ថ្មី​បន្តបន្ទាប់​ទៀត ដែល​មិនយូរ​មិនឆាប់​ខេត្តកំពត នឹង​ក្លាយទៅជា​ទីតាំង​គោលដៅ​ទេសចរណ៍ ដ៏​មាន​ប្រជាប្រិយភាព​ជាក់​មិន​ខាន” ។

ដូច្នេះ​បានន័យថា ខេត្តកំពត​មាន​សក្ដានុពល​ខ្លាំង ទៅលើ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ ហើយក៏​ស័ក្តិសម​ទៅនឹង​ការអភិវឌ្ឍ​វិស័យ​លំនៅដ្ឋាន​បែប​លំហែរ​កាយ​ផងដែរ។

ជាមួយនឹង​ការបង្ហាញ​ពី​សក្ដានុពល ក្នុងការ​វិនិយោគ​ខាងលើនេះ លោក​ឧកញ៉ា តេង រិទ្ធី បានបញ្ជាក់​សម្រាប់​ការអភិវឌ្ឍ លើ​វិស័យ​លំនៅដ្ឋាន​បែប​លំហែរ​កាយ គឺ​ត្រូវបាន​ធ្វើឡើង​ជាច្រើន​គម្រោង និង​ច្រើន​កម្រិត ហើយ​តម្លៃ​ក៏​អាស្រ័យ​ទៅតាម​គម្រោង​ផងដែរ ដែល​ក្នុងនោះ​មានតម្លៃ​ចាប់ពី​ជាង៣-៤ម៉ឺន​ដុល្លារ​ឡើងទៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here