ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី​នឹង​ក្លាយជា​អាកាសយានដ្ឋាន​ធំ​មួយ​ធៀប​នឹងបណ្តា​ប្រទេស​ក្នុង​តំបន់

0

ដោយ វុត្ថា

ភ្នំពេញៈ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី នៅក្នុង​ទឹកដី​ខេត្តកណ្តាល​ត្រូវបាន​រចនា​ឡើង​លំដាប់ថ្នាក់ 4F នឹង​ក្លាយជា​អាកាសយានដ្ឋាន​ធំជាងគេ​លំដាប់​ទី៩ នៅលើ​ពិភពលោក​បន្ទាប់ពី​អាកាសយានដ្ឋាន Chicago O’Hare  និង​នាំមុខ​អាកាសយានដ្ឋាន​អន្តរជាតិ​បេ​កាំ​ងរ​បស់​ប្រទេស​ចិន Beijing Capital International ។

អ្នកឧកញ៉ា ពុង ឃាវ សែ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​កាណាឌីយ៉ា​គ្រុប  និង OCIC បាន​ប្រាប់​ទស្សនា​វ​ដ្តី​របស់ខ្លួន​កាលពី​កន្លងមកនេះ​ថា នៅពេល​សាងសង់​បញ្ចប់ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី នឹងមាន​សមត្ថភាព​គ្រប់គ្រង​យន្តហោះ​ដឹកទំនិញ​ធុន​ធំ និង​មាន​សមត្ថភាព​ផ្ទុក​អ្នកដំណើរ​រហូតដល់២៧ លាន​នាក់​នៅ​ឆ្នាំ២០៣០ និង​អ្នកដំណើរ ៣០លាន​នាក់​នៅ​ឆ្នាំ២០៥០ ស្របតាម​ផែនការមេ។

លោក​បន្តថា “គម្រោង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​នេះ គឺ​ចេញ​ប្លង់​សាងសង់​ដោយ​ក្រុមហ៊ុន Foster & Partners ដែលជា​ក្រុមហ៊ុន​ល្បីល្បាញ​មួយ នៅលើ​ពិភពលោក។

លោក ស៊ិន ចាន់​សេរី​វុត្ថា អ្នកនាំពាក្យ​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរ​ស៊ីវិល ឱ្យដឹង​កន្លងមកថ្មីៗនេះ​ថា រហូតមកដល់​ពេលនេះ វឌ្ឍនភាព​នៃ​ការសាងសង់​អាកាសយាន​ដ្ឋា​ន​អន្តរជាតិ- ភ្នំពេញ​ថ្មី ដែល​ស្ថិតនៅ​ក្នុងស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល កំពុង​តែមាន​ដំណើរកា​រ​ធម្មតា និង​សម្រេចបាន​លទ្ធផល​ប្រមាណ៣០ភាគរយ។

លោក​ថា​ថា “រដ្ឋាភិបាល​កម្ពុជា​បាននិងកំពុង យកចិត្តទុកដាក់​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ តាមរយៈ​វិស័យសំខាន់ៗជាច្រើន ដែល​ក្នុងនោះ​វិស័យ​អាកាសចរណ៍​ស៊ីវិល ក៏​ស្ថិតនៅក្នុង​វិស័យ​អាទិភាព​ផងដែរ” ។

ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី គឺជា​គម្រោង​អភិវឌ្ឍន៍​ដ៏​ធំ​មួយ​របស់​កម្ពុជា​ដែល​បាន​សាងសង់​នៅលើ​ផ្ទៃដី​ទំហំ២.៦០០ហិកតា  និង​មាន​ទុនវិនិយោគ​ប្រមាណ​ជា ១,៥ពាន់​លាន​ដុល្លារ​អាមេរិក។ គម្រោង​នេះ គ្រោង​នឹង​បញ្ចប់​ដំណាក់កាល​ទី១ ក្នុង​ឆ្នាំ២០២៣ ខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here