ដោយៈ វុត្ថា
ភ្នំពេញៈ ប្រធានសមាគមអ្នកជំនាញអចលនវត្ថុកម្ពុជា ហៅកាត់ CREA បានបង្ហាញពីមោទនភាព និងមានភាពសុទិដ្ឋិនិយមលើគម្រោងបង្កើតក្រុងរណបកោះនរា ដែលស្ថិតនៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាពិសេសគម្រោងសាងសង់ស្ពានតភ្ជាប់ពីទីក្រុងកោះពេជ្រមកកាន់ក្រុងរណបថ្មីមួយនេះ បន្តមកកាន់ផ្លូវជាតិលេខ១ ដែលកាន់តែជួយជំរុញឱ្យចរន្តទីផ្សារអចលនទ្រព្យនៅតំបន់នេះមានសក្ដានុពល។

-->
ប្រធានសមាគមអ្នកជំនាញអចលនវត្ថុកម្ពុជា លោកស្រីចេវ សុឃុន បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទ កាលពីល្ងាចថ្ងៃចុងសប្ដាហ៍កន្លងទៅនេះថា រាល់សកម្មភាព និងផែនការនៃការអភិវឌ្ឍន៍ទាំងអស់ សុទ្ធតែបានជះឥទ្ធិពលដល់វិស័យអចលនទ្រព្យ ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ។
លោកស្រីបានមានប្រសាសន៍បន្តទៀតថា “បច្ចុប្បន្ននេះ សម្រាប់ខណ្ឌច្បារអំពៅចាប់ពីចំណុចគល់ស្ពានព្រះមុនីវង្ស រហូតដល់តំបន់ព្រែកឯក លែងជាតំបន់ជាយក្រុងដូចកាលពីមុនទៀតហើយ ហើយក៏មានចំណូលអ្នកចូលមករស់នៅច្រើនផងដែរ ជាពិសេសក្នុងរយៈពេលជិត២ឆ្នាំចុងក្រោយនេះ” ។ លោកស្រីបន្ថែមថា “ក្រៅពីគម្រោងអភិវឌ្ឍក្នុងវិស័យលំនៅដ្ឋានធំៗដូចជាបុរី ប៉េង ហួត បណ្តុំលំនៅដ្ឋានវាលស្បូវ គម្រោងខុនដូធំៗ ដែលវិនិយោគដោយក្រុមហ៊ុនចិន គឺនៅមានគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានជាច្រើនទៀតរហូតដល់គីឡូលេខ១៦” ។
លោកស្រីបានបញ្ជាក់ថា ជាមួយនឹងគម្រោងបង្កើតក្រុងរណបថ្មីកោះនរា គឺបានធ្វើឱ្យតំបន់ត្រើយម្ខាង នៃខណ្ឌច្បារអំពៅមានភាពស៊ីវិល័យ និងអភិវឌ្ឍន៍រួចទៅហើយ។ បន្ថែមពីនេះ នៅមានគម្រោងសាងសង់ស្ពានឆ្លទន្លេរ យោងដោយខ្សែកាបមួយខ្សែទៀត គឺកាន់តែជួយជំរុញឱ្យហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងខណ្ឌមួយនេះមានភាពល្អប្រសើរ ដែលក្រៅពីបង្កើនសោភ័ណភាព ថែមទាំងជួយសម្រួលដល់ចរាចរណ៍ប្រចាំថ្ងៃថែមទៀត។ តំបន់មួយដែលមានការអភិវឌ្ឍន៍ មានហេដ្ឋារចនាសម្ព័ន្ធល្អងាយស្រួលធ្វើដំណើរ គឺបានជំរុញឱ្យមានកំណើនលំនៅដ្ឋានកាន់តែច្រើន ក៏ដូចជាតំបន់ពាណិជ្ជកម្មផងដែរ ដែលទាំងអស់នេះសុទ្ធតែបង្កភាពល្អប្រសើរដល់ចរន្តទីផ្សារអចលនទ្រព្យទាំងអស់។

គម្រោងស្ពានឆ្លងកាត់ទន្លេ និងតភ្ជាប់ពីក្រុងរណបកោះពេជ្រ និងក្រុងរណបកោះនរាហ៍ មានទំហំធំជាងស្ពានដែលតភ្ជាប់ពីផ្លូវជាតិលេខ៥ ទៅក្រុងរណបជ្រោយចង្វារ។ ស្ពាននេះ ជាប្រភេទស្ពានយោងដោយខ្សែកាប មានប្រវែង ប្រមាណ៥០០ម៉ែត្រ និងទទឹង២៤,៥ម៉ែត្រ ដែលគ្រោងចំណាយពេលសាងសង់៣២ខែ ដោយប្រើថវិកាប្រមាណ៥០លានដុល្លារ ហើយស្ថាបត្យកម្មស្ពាននេះធ្វើឡើងតាមរចនាបថបែបខ្មែរ ។

តាមគម្រោង និងផែនការដែលបានគ្រោងទុក ការសម្ពោធបើកការដ្ឋានសាងសង់ អាចនឹងប្រព្រឹត្តទៅនៅត្រឹមចុងឆ្នាំ២០២០ខាងមុខ។ ស្ពាននេះក្រៅពីតភ្ជាប់រវាងទីក្រុងរណបទាំង២នេះ នឹងមានការតភ្ជាប់ជាមួយផ្លូវជាតិលេខ១ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ កាត់បន្ថយវិបត្តិកកស្ទះចរាចរណ៍ ដែលតែងកើតមាននៅលើផ្លូវជាតិលេខ១ ជាពិសេសចំណុចស្ពានព្រះមុនីវង្សច្បារអំពៅ៕