ទិដ្ឋភាពសាលាខេត្តកែបមើលពីលើអាកាស។ រូបថត៖ ហ្វេសប៊ុកសាលាខេត្ត
ដោយ ៖ រ៉ាណេត
កែប ៖ ខុសពីបណ្តាខេត្តដែលស្ថិតនៅជាប់តំបន់ឆ្នេរសមុទ្រដូចគ្នា កែប គឺជាខេត្តមួយដ៏មានសក្ដានុពល និងទាក់ទាញការវិនិយោគជាមួយនឹងគម្រោងអភិវឌ្ឍន៍ធំៗដែលបម្រើឱ្យវិស័យទេសចរណ៍ ជាពិសេសក្រោយពេលរដ្ឋាភិបាលប្រកាសពង្រីកវិសាលភាពតំបន់កម្សាន្តនៅតាមតំបន់ឆ្នេរ និងកោះមួយចំនួនទៀតនៅក្នុងខេត្តមួយនេះ ដែលធ្វើឱ្យចរន្តនៃការទិញលក់ដីធ្លីនៅតែមានសកម្មភាព។

-->
អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Kraty Realthy Co,.Ltd និងជាអនុប្រធានសមាគមអ្នកជំនាញអចលនវត្ថុកម្ពុជា លោក ចក់ ស៊ីណាត បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០នេះថា ឥទ្ធិពលនៃវិបត្តិជំងឺឆ្លង Covid-19 ដែលបានផ្ទុះឡើងតាំងពីដើមឆ្នាំ២០២០ រហូតមកដល់ពេលនេះ មិនបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ទីផ្សារអចលនទ្រព្យ ក៏ដូចជាចរន្តនៃការទិញ-លក់ដីធ្លីនៅក្នុងខេត្តកែបនោះទេ។
លោកបានបន្តទៀតថា “កែប នៅតែអាចរក្សាបាននូវភាពល្អប្រសើរនៅក្នុងវិស័យអចលនទ្រព្យ ពោលគឺមិនមានការធ្លាក់ចុះនូវតម្លៃដី ធ្លី ដូចបណ្តាខេត្តផ្សេងៗនោះទេ ផ្ទុយទៅវិញ សកម្មភាពនៃការទិញលក់ដីធ្លីសម្រាប់វិនិយោគក្នុងរយៈពេលយូរនៅក្នុងខេត្តមួយនេះ ជាពិសេសនៅតាមតំបន់ឆ្នេរ និងតំបន់ជាប់ភ្នំ នៅតែបន្តមាន មិនស្ងប់ស្ងាត់នោះទេ” ។
លោក ចក់ ស៊ីណាត បានមានប្រសាសន៍បន្តទៀតថា “ភាគច្រើនការវិនិយោគដីធ្លីនៅក្នុងខេត្តកែប គឺជាប្រភេទការវិនិយោគក្នុងរយៈពេលយូរអង្វែង ដែលកម្រមានការទិញដីក្នុងទ្រង់ទ្រាយធំ ហើយធ្វើការពុះជាដីឡូតិ៍នោះទេ ពោលគឺជាការវិនិយោគទៅលើគម្រោងអភិវឌ្ឍន៍ជាមណ្ឌលកម្សាន្ត ដូចជាតំបន់ទេសចរណ៍កែច្នៃ និងតំបន់លំនៅដ្ឋានបែបលំហែរកាយសម្រាប់បម្រើដល់វិស័យទេសចរណ៍ ឬសម្រាប់ដាក់លក់ក្នុងតម្លៃថ្លៃក្រោយបញ្ចប់ការសាងសង់រួចរាល់” ។
ពាក់ព័ន្ធទៅនឹងតម្លៃដីធ្លីនៅក្នុងខេត្តកែប ត្រូវបានលោក ចក់ ស៊ីណាត បង្ហើបប្រាប់ពីថា “ទោះជាមានការគំរាមកំហែងពីវិបត្តិនជំងឺឆ្លង Covid-19 ដែលធ្វើឱ្យតម្លៃអចលនទ្រព្យនៅតាមបណ្តាខេត្តមួយចំនួនធំធ្លាក់ចុះ ប៉ុន្តែសម្រាប់ទីផ្សារដីធ្លីនៅក្នុងខេត្តកែបហាក់មិនប៉ះពាល់ធ្ងន់ធ្ងរនោះទេ ជាក់ស្ដែងដូចជាដីនៅក្បែរតំបន់ឆ្នេរមួយចំនួននៅរក្សាបានតម្លៃខ្ពស់ដដែលស្ថិតក្នុងរង្វង់ជាង ១០០០ដុល្លារក្នុងមួយម៉ែត្រក្រឡា ដោយឡែកដីដែលស្ថិតនៅជាប់តំបន់ភ្នំ សម្រាប់អភិវឌ្ឍជា Resort ក៏នៅតែរក្សាបានតម្លៃខ្ពស់ដូចគ្នាទៅនឹងឆ្នាំកន្លងទៅដែរ ឬនៅទីតាំងខ្លះក៏មានការកើនឡើង អាស្រ័យទៅលើតម្រូវការចាំបាច់ និងជាក់ស្ដែងរបស់អតិថិជនដែលចង់ទិញសម្រាប់អភិវឌ្ឍន៍។

នាយិកាក្រុមហ៊ុនអចលនទ្រព្យ AMATAK Property Service លោកស្រី តាំង ហួរ ធ្លាប់បានមានប្រសាសន៍ថា ខេត្តកែបជាតំបន់ទេសចរណ៍ដ៏ស្រស់ស្អាត ហើយក៏កំពុងទាមទារឱ្យមានការរៀបចំ និងអភិវឌ្ឍន៍ក្នុងវិស័យទេសចរណ៍បន្ថែមទៀត។ លោកស្រីបានបញ្ជាក់ថា “បើទោះជារាជរដ្ឋាភិបាល សម្រេចមិនឱ្យមានរោងចក្រ និងមណ្ឌលកម្សាន្ត កាស៊ីណូយ៉ាងណាក៏ដោយ ក៏ខេត្តមួយនេះនៅតែមានសក្ដានុពលផ្នែកអចលនទ្រព្យដដែល ដូចជាសណ្ឋាគារ ផ្ទះសំណាក់ និងបឹងហ្គាឡូជាដើម” ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកបណ្ឌិត ថោង ខុន ធ្លាប់បានឱ្យដឹងថា ខេត្តកែបត្រូវបានរាជរដ្ឋាភិបាលដាក់ចេញចក្ខុវិស័យជា ខេត្តគោលដៅទេសចរណ៍សម្រាកលំហែកម្សាន្ត ប្រណិតកម្រិតខ្ពស់ ខណៈបច្ចុប្បន្ននេះការសិក្សារៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប គ្រោងនឹងបញ្ចប់នៅដំណាច់ខែកក្កដា ឆ្នាំ២០២០ ហើយអាចនឹងដាក់ឆ្លងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងនៅខែសីហា ឆ្នាំ២០២០ ខាងមុខនេះ។ លោកបានបញ្ជាក់ថា ក្រសួងទេសចរណ៍មានជំនឿថា ផែនការមេនេះនឹងជួយឱ្យខេត្តកែបក្លាយជាគោលដៅទេសចរណ៍ធម្មជាតិ ស្ងបស្ងាត់ ប្រណីតកម្រិតខ្ពស់ ប្រកបដោយភាពទាក់ទាញ និងភាពប្រកួតប្រជែងនៅក្នុងតំបន់ និងពិភពលោក៕