កំណើនទុនវិនិយោគក្នុងវិស័យសំណង់ខេត្តកំពង់ធំសម្រេចបានជិត៩៣លានដុល្លារ

0

ដោយៈ រ៉ាណេត

កំពង់ធំៈ ស្របទៅនឹងភាពរីកចម្រើនស្ទើរគ្រប់វិស័យ ក្រោមការអនុវត្តតាមផែនការ និងគោលនយោបាយ ដែលបានដាក់ចេញដោយរដ្ឋាភិបាលកម្ពុជា ក្រៅពីការអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធនានាគួរឱ្យកត់សម្គាល់ សម្រាប់វិស័យសំណង់នៅទូទាំងខេត្តកំពង់ធំក៏មានការកើនឡើងនូវចំនួនទុនវិនិយោគសរុបជិត៩៣លានដុល្លារ។


អភិបាលខេត្តកំពង់ធំ លោក សុខ លូ បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាព និងបន្តគោលដៅការងារ នៅទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះថា បច្ចុប្បន្ន ក្រោមការអនុវត្តតាមកម្មវិធីគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៦នៃរដ្ឋសភា ជាលទ្ធផលរដ្ឋបាលខេត្តកំពង់ធំ សម្រេចបានសមិទ្ធផល និងការអភិវឌ្ឍន៍ជាច្រើន។

លោកបញ្ជាក់ថា ជាមួយនឹងការអភិវឌ្ឍន៍ និងរីកចម្រើនលើវិស័យអចលនទ្រព្យ និងសំណង់ កាលពីពេលកន្លងទៅនេះ រដ្ឋបាលខេត្តកំពង់ធំបានផ្តល់លិខិតអនុញ្ញាតសាងសង់ចំនួន៦៥៦គម្រោង គិតជាទុនវិនិយោគប្រមាណ៩២លានដុល្លារ។ ក្រៅពីនេះ នៅមានគម្រោងសាងសង់លំនៅដ្ឋាន លក្ខណៈបុគ្គលរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានមួយចំនួនទៀត

លោកបានបន្តថា ការចូលរួមសកម្មភាពពីសំណាក់វិស័យឯកជន គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការពង្រឹង និងជំរុញការអភិវឌ្ឍរបស់ខេត្តទាំងមូល ហើយក៏សូមបន្តលើកទឹកចិត្តឱ្យមានការចូលរួមអភិវឌ្ឍន៍ និងវិនិយោគបន្ថែមទៀត

អគ្គនាយិកាក្រុមហ៊ុនអភិវឌ្ឍន៍បុរី សុកគា ស៊ីធី លោកជំទាវឧកញ៉ា ឡេង ចាន់ណា ដែលកំពុងអភិវឌ្ឍន៍ វិស័យលំនៅដ្ឋាននៅក្នុងខេត្តកំពង់ធំ បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ សក្ដានុពលនៅក្នុងខេត្តកំពង់ធំសម្រាប់វិស័យអចលនទ្រព្យគឺមានច្រើន ហើយនឹងនៅបន្តផ្ដល់ឱកាសវិនិយោគ ទៅថ្ងៃខាងមុខទៀត។

លោកឧកញ៉ាបានបន្តទៀតថា លំនៅដ្ឋានដែលមានតម្រូវការទីផ្សារខ្ពស់ នៅក្នុងខេត្តកំពង់ធំស្ថិតនៅជាប់ផ្លូវជាតិ និងផ្លូវធំ គឺមានតម្លៃក្នុងរង្វង់ជាង៤ម៉ឺនដុល្លារតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់លំនៅដ្ឋាន ដែលស្ថិតនៅជាប់ផ្លូវវាងក្រុង ឬនៅជាយក្រុងគឺមានតម្លៃខ្ពស់ជាងនេះ។លោកបន្តថា តម្លៃលំនៅដ្ឋានដែលកំពុងដាក់លក់ពេលនេះ សុទ្ធតែផ្តល់ឱកាសចំណេញសម្រាប់អ្នកទិញទាំងអស់

លោកឧកញ៉ាបញ្ជាក់ថា ដោយសារពេលនេះ មានការរំខានពីវិបត្តិជំងឺ Covid-19 បានធ្វើឱ្យលក់មានការធ្លាក់ចុះ ហើយគម្រោងខ្លះបានបញ្ចុះតម្លៃ ប៉ុន្តែក្រោយពេលវិបត្តិនេះត្រូវបានបញ្ចប់ សកម្មភាពនៃការទិញលក់ នឹងត្រឡប់ទៅរកភាពសកម្មឡើងវិញ។

ខេត្តកំពង់ធំមានផ្ទៃដីសរុបទំហំ១៥,០៦១គីឡូម៉ែត្រការ៉េ ស្មើនឹងប្រមាណ១ ៥០៦ ១៩៧ ហិកតា ចែកចេញជាក្រុងចំនួន១ ស្រុកចំនួន៨ ឃុំចំនួន៧៣ សង្កាត់ចំនួន៨ និងភូមិចំនួន៧៦៧ មានប្រជាពលរដ្ឋចំនួនសរុប១៧៤.៦៥១គ្រួសារ ស្មើនឹង៨០៤.៤០៩នាក់ ដោយមានដង់ស៊ីតេ៥៣នាក់ក្នុងមួយគីឡូម៉ែត្រការ៉េ។

សម្រាប់ការងារនៃវិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដី នៅទូទាំងខេត្តបានសម្រេចលទ្ធផលផ្លែផ្កាជាច្រើន ដោយនៅក្នុងនោះសម្រាប់ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធត្រូវបានអនុវត្តទៅលើស្រុកចំនួន៧ ក្នុងចំណោមស្រុកចំនួន៨ ដោយជាលទ្ធផលបានប្រគល់បណ្ណកម្មសិទ្ធិដល់ប្រជាពលរដ្ឋចំនួន១៨៤ ០៤៧ ប័ណ្ណ។ ដោយឡែក ការងារចុះបញ្ជីដីធ្លី មានលក្ខណៈដាច់ដោយដុំបានចំនួន ២២៩៧ក្បាលដី ការចុះបញ្ជីអំពីការបង្កើតហ៊ីប៉ូតែកបានចំនួន ១៦ ០១៤ ក្បាលដី និងបានចុះបញ្ជីផ្ទេរសិទ្ធិចំនួន ១៩ ៣៨៨ ក្បាលដី៕

LEAVE A REPLY

Please enter your comment!
Please enter your name here